ជាតិ
​ថ្ងៃ​ទីមួយ​៖ ២៣​ម៉ឺន​នាក់​ដើរ​កម្សាន្ត​តាម​ខេត្ត ដោយ​ទៅ​កំពត និង​សៀមរាប​ច្រើនជាងគេ​
18, Aug 2020 , 10:17 am        
រូបភាព
ដោយ:
​ថ្ងៃទី​១៧ ខែសីហា ដែលជា​ថ្ងៃ​ឈប់សម្រាក​ដំបូង​ជំនួស​ឲ្យ​ពិធី​ចូលឆ្នាំថ្មី មាន​ភ្ញៀវទេសចរ​និង​ពលរដ្ឋ​ខ្មែរ ជាង​២៣​ម៉ឺន​នាក់​បាន​ទៅលេង​កម្សាន្ត​នៅតាម​បណ្តា​ខេត្ត ក្នុងនោះ ជាង​៣​ម៉ឺន​ទៅកាន់​ខេត្តកំពត ជាង​២៨ ០០០​នាក់​ទៅ​សៀមរាប បន្ទាប់មក​មាន​ខេត្ត​ព្រះសីហនុ និង​កែប ដែលមាន​ជាង​១៨ ០០០​នាក់​រៀងៗ​ខ្លួន​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងទេសចរណ៍​។

 
 
​បន្ទាប់ពី​ខេត្តកំពត សៀមរាប ព្រះសីហនុ និង​កែប ខេត្ត​ដទៃទៀត​ដែល​ទទួលបាន​ភ្ញៀវទេសចរ ទៅ​កម្សាន្ត​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នោះ មានដូចជា ខេត្តបាត់ដំបង និង​រាជធានី​មាន​ភ្ញៀវទេសចរ​ជាង​១ ៤០០០​នាក់​ដូចគ្នា​,​ខេត្តព្រះវិហារ​មាន​ជាង​១​ម៉ឺន​នាក់ ខេត្តមណ្ឌលគិរី​មាន​ជិត​៩​ពាន់​នាក់ និង​ខេត្តរតនគិរី​មាន​ជាង​៨​ពាន់​នាក់​។ 


 
​បើតាម​ការសង្កេត​រប​ស់​ក្រសួងទេសចរណ៍ នៅតាម​តំបន់​នីមួយៗ​គឺមាន​ការយកចិត្តទុកដាក់​លើ​ការ​ស្កេ​នក​ម្តៅ បាញ់​អាល់កុល កត់​ឈ្មោះ​ភ្ញៀវ និង​ការជំរុញ​ឲ្យ​ភ្ញៀវទេសចរ​ពាក់​ម៉ាស់ ឬ​ក្រមា​ឲ្យ​បាន​ជាប់​ជាប្រចាំ ហើយ​រមណីយដ្ឋាន​ខ្លះ​ដែលជា​រមណីយដ្ឋាន​សំខាន់​ក្នុង​ខេត្ត​បានដាក់​រថយន្ត​ពេទ្យ​ប្រចាំការ ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ជាយថាហេតុ​។​
 
​ពលរដ្ឋ​ដែល​កម្សាន្ត​លេង​នៅតាម​តំបន់​ទេសចរណ៍​ទាំងនោះ​គឺមាន​ការយល់ដឹង​ពី​អំពី​ការពារ​តាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួងទេសចរណ៍​។​


 
​ទោះបីជា​យ៉ាងណាក៏ដោយ ការរក្សា​គម្លាត​សុវត្ថិភាព​នៅ​មិនទាន់​អនុវត្តបាន​ពេញលេញ​នៅឡើយ​ទេ ជាពិសេស​ការ​អង្គុយ​ទទួលទាន​អាហារ​ជុំគ្នា​ច្រើន​ជា​ក្រុម ក្រុមគ្រួសារ ហើយ​រមណីយដ្ឋាន​ខ្លះ​មាន​សភាព​ហួស​ចំណុះ​ផ្ទុក​ធម្មតា ដោយសារ​ភ្ញៀវទេសចរ​មកលេង​ច្រើន​ក្នុងពេល​តែមួយ​។  នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួងទេសចរណ៍​ដែល​ពង្រឹង​ការណែនាំ​ឲ្យ​ម្ចាស់​រមណីយដ្ឋាន​នីមួយៗ​ពង្រឹង​ការ​អនុវត្តតាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល​៕ 

Tag:
 កំពត
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com