អន្តរជាតិ
លោក ចូ បៃ​ឌិន ពីសមាជិកព្រឹទ្ធសភាវ័យក្មេង ឆ្ពោះ​ទៅតំណែងប្រធានាធិបតី​ដែលចាស់ជាងគេនៅអាមេរិក​
10, Nov 2020 , 7:59 pm        
រូបភាព
ដោយ:
​អតីត​សមាជិក​ព្រឹទ្ធសភា​រដ្ឋ Delaware ចូ បៃ​ឌិន ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ជា​អនុ​ប្រធានាធិបតី​អាមេរិក​ទី ៤៧ ជាមួយ​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុង​ឆ្នាំ​២០០៨ និង​ជាប់​ម្ដងទៀត ក្នុង​ឆ្នាំ​២០១២​។ បច្ចុប្បន្ន បុរសវ័យ​៧៧​ឆ្នាំ​រូបនេះ កំពុង​ឈាន​ទៅកាន់តំណែងជាប្រធានាធិបតីអាមេរិកទី​៤៦ ក្រោយលទ្ធផល​បោះឆ្នោត​កន្លងមក បង្ហាញថា លោកទទួលបាន​ជ័យ​ជម្នះ​លើ​លោក ដូណាល់ ត្រាំ។ ពិធីស្បថចូលកាន់តំណែងក្នុង​សេតវិមាន នឹង​ប្រព្រឹត្ត​ទៅនៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១។



​មុននឹង​ឈានដល់​តួនាទី​នយោបាយ​កំពូល​មួយ​ក្នុង​សហរដ្ឋអាមេរិក លោក បៃ​ឌិន កើត​ក្នុង​ឆ្នាំ​១៩៤២ ក្នុង​ត្រកូល​កម្មករ ដោយ​ឪពុក​លោក Joseph Biden Sr. ធ្វើការ​ជា​កម្មករ​សម្អាត​ឡ និង​ជា​អ្នកលក់​រថយន្ត​មួយ​ទឹក ហើយ​ម្ដាយ​លោក​ជា​ស្ត្រី​មេផ្ទះ​។ 
 
​អំឡុង​ឆ្នាំ​១៩៦០ យុវជន បៃ​ឌិន បាន​ចូល​សិក្សា​ថ្នាក់​ឧត្ដមសិក្សា​នៅ​សាកលវិទ្យាល័យ Delaware ។ ទីនោះ លោក​បាន​រៀន​មុខជំនាញ វិទ្យាសាស្ត្រ​នយោបាយ និង​ប្រវត្តិសាស្ត្រ ហើយ​លេង​បាល់ទាត់​។ លោក​ចាប់អារម្មណ៍​ខ្លាំង​រឿង​នយោបាយ​។ ក្រោយ​បញ្ចប់​ការសិក្សា​នៅ Delaware យុវជន បៃ​ឌិន បន្ត​ការសិក្សា​ផ្នែក​ច្បាប់​នៅ​សាកលវិទ្យាល័យ​ច្បាប់ Syracuse ក្នុង​ឆ្នាំ​១៩៦៥​។ 
 
​ក្រោយ​បញ្ចប់​ការសិក្សា​នៅ​សាលា​ច្បាប់ ក្នុង​ឆ្នាំ​១៩៦៨ លោក បៃ​ឌិន បានចាប់ផ្ដើម​អាជីព​ជា​មេធាវី​នៅ​ក្រុមហ៊ុន​ច្បាប់​មួយ ក្នុង​រដ្ឋ Delaware ហើយ​លោក​ក៏​ជា​សមាជិក​ដ៏​សកម្ម​នៃ​បក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ​នោះ​ផងដែរ​។ ២​ឆ្នាំ​ក្រោយមក លោក ត្រូវបាន​បោះឆ្នោត​ធ្វើជា​សមាជិក​ក្រុមប្រឹក្សា​ផ្នែក​ច្បាប់​មួយ ហើយ​លោក​ក៏បាន​សម្រេច​បង្កើត​ក្រុមហ៊ុន​ច្បាប់​ខ្លួនឯង​។ 
 

 លោក បៃឌិន ក្លាយជាសមាជិកព្រឹទ្ធសភាទី៥ ក្នុងប្រវត្តិសាស្រ្តអាមេរិក 

​ក្នុង​ឆ្នាំ ១៩៧២ ថ្នាក់ដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ Delaware បាន​លើកទឹកចិត្ត​ឲ្យ យុវជន​វ័យ ២៩​ឆ្នាំ បៃ​ឌិន ចូល​ប្រកួតប្រជែង​នឹង​លោក J. Caleb Boggs សមាជិក​បក្ស​សាធារណរដ្ឋ​ដ៏​ល្បីឈ្មោះ​កាលនោះ សម្រាប់​កៅអី​ព្រឹទ្ធសភា​។ ដោយ​ប្រឹង​ធ្វើ​យុទ្ធនា​ការរក​សំឡេង​ឆ្នោ​យ​ដោយ​មិន​ខ្លាច​នឿយហត់ ចុងក្រោយ​លោក​បាន​យកជ័យ​ជម្នះ ហើយ​ក្លាយជា​សមាជិក​ព្រឹទ្ធសភា​ក្មេង​ជាងគេ​ទី​៥ ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​។ 
 
​បន្ថែម​ពី​ភាព​មមាញឹក​ក្នុង​អាជីព​ការងារ លោក បៃ​ឌិន មានកូនៗ​៣​នាក់ រួមមាន Joseph Robinette "Beau" Biden III, Hunter Biden និង Naomi Biden​។ «​អ្វី​គ្រប់យ៉ាង​បានកើត​ឡើង​លឿន​ជាង​អ្វីដែល​ខ្ញុំ​បាន​រំពឹងទុក​»​។ លោក បៃ​ឌិន រៀបរាប់​ពី​ជីវិត​លោក​នៅពេលនោះ​។​
 
​ស្របពេល​ដែល​លោក កំពុង​ជួប​រឿង​ល្អៗ​ក្នុង​ជីវិត​មិន​ថា ការងារ និង​គ្រួសារ លោក​បែរ​ពើបប្រទះ​រឿង​ដ៏​សោកសង្រេង​មួយ​។ មួយ​សប្តាហ៍​មុន​ពិធីបុណ្យ Christmas ក្នុង​ឆ្នាំ​១៩៧២ ភរិយា​លោក​បៃ ឌិន និង​កូនៗ​ទាំងបី​នាក់ បាន​ជួបប្រទះ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​មួយ ខណៈ​ពួកគេ​ធ្វើដំណើរ​ទៅ​ទិញ​អ៊ី​វ៉ាន់​សម្រាប់​ថ្ងៃ Christmas ។​
 


 លោក បៃ ឌិន និងកូនប្រុស Beau 
​គ្រោះកាច​នេះ បាន​ឆក់យក​ជីវិត​ភរិយា​លោក និង​កូនស្រី​ម្នាក់ ហើយ​បាន​បង្ក​ឲ្យ​កូនប្រុស​លោក​ទាំងពីរ​នា​ក់ រួមមាន Beau និង Hunter របួស​ធ្ងន់ធ្ងរ​។ កាលនោះ លោក បៃ​ឌិន លែង​អាច​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯងបាន ហើយ​បាន​ទាំង​គិត​ចង់​សម្លាប់​ខ្លួនឯង​ទៀតផង​។ លោក​រម្លឹកថា​៖«​ខ្ញុំ​ចាប់ផ្ដើម​យល់ថា ការធ្វើអត្តឃាត ពុំ​គ្រាន់តែ​ជា​ជម្រើស​មួយ​ទេ តែ​វា​ជា​ជម្រើស​ដ៏​សម​ហេតុផល​បំផុត​មួយ​។ ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះ​ជា​ម្ចាស់​បាន​លេងល្បិច​អាក្រក់​លើ​រូបខ្ញុំ ហើយ​ខ្ញុំ​ខឹង​ណាស់​»​។​
 
៥​ឆ្នាំក្រោយ​ការស្លាប់​ប្រពន្ធ​ទី​១ លោក បៃ​ឌិន បាន​រៀបការ​ជាមួយ​អ្នកស្រី ជិ​ល បៃ​ឌិន (Jill Biden) ហើយ​រួម​រស់នៅ​ជាមួយគ្នា​រហូតមកដល់​បច្ចុប្បន្ន ។ គូ​ស្វាមីភរិយា​មួយគូ​នេះ មានកូន​ស្រី​ម្នាក់ ឈ្មោះថា Ashley កើត​ក្នុង​ឆ្នាំ​១៩៨១​។ 
 
​និយាយ​ដល់​ជីវិត​ជា​សមាជិក​ព្រឹទ្ធសភា​អាមេរិក​វិញ លោក​បាន​កាន់តំណែង​នេះ​ចាប់ពី​ឆ្នាំ​១៩៧៣ រហូតដល់ ឆ្នាំ​២០០៩​។ អំឡុងពេល​កាន់តំណែង​នេះ លោក​ជាម​នុស្ស​ដែល​ខ្លាំង​ខាង​គោលនយោបាយ​ការបរទេស​។ ហើយ​លោក ក៏មាន​មហិច្ឆតា​ធ្វើជា​ប្រធានាធិបតី​ដែរ ដោយ​ក្នុង​ឆ្នាំ​១៩៨៧ លោក​បានសម្រេច​ចូល​ប្រកួត​យក​តំណែង​កំពូល​របស់​អាមេរិក​មួ​យ​នេះ​។ តែ​លោក​ទម្លាក់ចោល​បេក្ខភាព​តំណាង​បក្ស​ប្រជាធិបតេយ​វិញ​ក្នុង​ឆ្នាំ​១៩៨៨ ក្រោម​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​អំឡុងពេល​យុទ្ធនា​ការរក​សំឡេងឆ្នោត​។​
 


  ការតស៊ូមតិក្នុងចំណោមបេក្ខជនបក្សប្រជាធិបតេយ្យ អំឡុងឆ្នាំ២០០៧
​ក្នុង​ឆ្នាំ​២០០៧ ពោលគឺ​២០​ឆ្នាំក្រោយ​បរាជ័យ​លើក​ទី​១​ក្នុងការ​ដណ្ដើមយក​តំណែង​ជា​ប្រធានាធិបតី​អាមេរិក អ្នកនយោបាយ​ជើងចាស់ បៃ​ឌិន បានសម្រេច​ចិត្ត​ចូល​ប្រជែង​ជាថ្មី​ម្ដងទៀត​។ ទោះជា​មានបទពិសោធន៍​ច្រើន​ឆ្នាំ​ក្នុង​ព្រឹទ្ធសភា​អាមេរិក យុទ្ធនា​ការរក​សំឡេងឆ្នោត​របស់លោក បៃ​ឌិន មិនសូវ​ទទួលបាន​កា​រ​គាំទ្រ ដ្បិត​មាន​គូប្រជែង​ខ្លាំងៗ​ដូចជា អ្នកស្រី Hillary Clinton និង​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​។ ចុងក្រោយ លោក​បានសម្រេច​ចាកចេញ​ក្នុង​សមរភូមិ​នេះ ក្រោយ​ទទួលបាន​សំឡេង​បោះឆ្នោត​តិចជាង​១​ភាគរយ​ក្នុងការ​បោះឆ្នោត​បឋម (lowa caucuses) ក្នុងចំណោម​បេក្ខជន​បក្ស​ប្រជាធិបយេ​យ្យ​។ 
 
៧​ខែក្រោយ​មក លោក អូ​បា​ម៉ា ដែល​ក្លាយជា​បេក្ខជន​ឈានមុខ​របស់​បក្ស​ប្រជាធិបតេយ្យ ក្រោយ​យកឈ្នះ​អ្នកស្រី Clinton បានជ្រើសរើស​លោក បៃ​ឌិន ជា​ដៃគូ​។ ដោយមាន​ឬ​សគល់​មកពី​គ្រួសារ​កម្មករ លោក បៃ​ឌិន បាន​ជួយ​យុទ្ធនាការ​លោក អូ​បា​ម៉ា បញ្ចុះបញ្ចូល​អ្នកគាំទ្រ​ដែល​កម្មករ​ឲ្យ​បោះឆ្នោត​ជូន​ពួកគេ​។ 
 
​ក្នុង​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០០៨ លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​លោក ចូ បៃ​ឌិន បាន​យកឈ្នះ​ក្នុង​បោះឆ្នោត ហើយ​នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០០៩ លោក អូ​បា​ម៉ា បាន​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ទី​៤៤ និង​លោក បៃ​ឌិន ក្លាយជា​អនុ​ប្រធានាធិបតី​ទី​៤៧​។ លោក អូ​ប៉ា​ម៉ា និង​បៃ​ឌិន បានឈ្នះ​ការបោះឆ្នោត​អាណត្តិ​ទី​២​ក្នុង​ឆ្នាំ​២០១២ ហើយ​លោក​បៃ​ឌិន​ក្លាយជា​អនុ​ប្រធានាធិបតី​អាមេរិក​មួយ​អាណត្តិ​ទៀត​។ 
 
​សោកនាដកម្ម​ធំ​មួយទៀត​ក្នុង​ជីវិត​លោក បៃ​ឌិន បាន​កើតឡើង​នៅពេល​កូនប្រុស​លោក​ម្នាក់ទៀត គឺ​លោក Beau ក្នុង​ខែឧសភា​ឆ្នាំ​២០១៥ បាន​ស្លាប់​នៅ​អាយុ​៤៦​ឆ្នាំ ដោយសារ​ជំងឺមហារីក​ខួរក្បាល​។ ក្រោយ​ហេតុការណ៍​នេះ លោក​សម្រេច​មិន​ចូលរួម​ប្រជែង​តំណែង​ប្រធានាធិបតី​អាមេរិក​ក្នុង​ឆ្នាំ​២០១៦​។ 


លោក បៃឌិន ត្រូវបានប្រធានាធិបតី អូបាម៉ា ប្រគល់មេដាយសេរីភាព (Presidential Medal of Freedom)
 
​យ៉ាងណា នៅមុន​ពេល​ចប់​អាណត្តិ​ជា​អនុ​ប្រធានាធិបតី​អាមេរិក លោក បៃ​ឌិន ត្រូវបាន​ប្រធានាធិបតី អូ​បា​ម៉ា ប្រគល់​មេដាយ​សេរីភាព (Presidential Medal of Freedom) ហើយ​ក្នុង​ពិធី​ប្រគល់​នេះ លោក អូ​បា​ម៉ា បាន​ហៅ​លោក​បៃ​ឌិន​ថា​ជា​«​អនុ​ប្រធានាធិបតី​ល្អ​បំផុត​ដែល​សហរដ្ឋអាមេរិក​ធ្លាប់មាន​» និង​ជា​«​តោ​នៃ​ប្រវត្តិសាស្ត្រ​អាមេរិក​»​។ 
 
​ទោះ​ចាក​ចេញពី​សេត​វិមាន​អាមេរិក លោក បៃ​ឌិន នៅតែ​បន្ត​សកម្ម​ក្នុង​ឆាកនយោបាយ​។ ជារឿយៗ លោក​បាន​រិះគន់​ចំៗ​លើ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ហើយ​ធ្លាប់​ទាំង​បានប្រកាស​ក្ដែ​ងៗ​ទៀតថា លោក ត្រាំ អត់​យល់​ការ​ក្នុង​រឿង​អភិបាលកិច្ច​ឡើយ​។ 
 
​នៅ​ថ្ងៃទី ២៥ ខែមេសា ឆ្នាំ​២០១៩ លោក បៃ​ឌិន បានប្រកាស​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​មួយ ដែល​លោក​នឹងចូលរួម​ប្រកួតប្រជែង​តំណែង​ប្រធានាធិបតី​អាមេរិក​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០២០​។ ឆ្លងកាត់​ការតស៊ូ​មតិ​ក្នុង​បក្ស​ជាច្រើនលើក ហើយ​ទទួល​ការគាំទ្រ​ខ្លាំង​ផង​នោះ បច្ចុប្បន្ន លោក បៃ​ឌិន ស្ថិតក្នុងជំហាន​ទៅកាន់កាប់សេតវិមាន​ក្នុងតួនាទីជាប្រធានាធិបតីទី៤៦​របស់សហរដ្ឋអាមេរិក។


  លោក បៃឌិន នៅថ្ងៃទី១១ ខែសីហា បានប្រកាសរើសយកអ្នកស្រី Kamala Harris ដៃគូលោក ហើយក៏ជាកៅអីអនុប្រធានាធិបតីអាមេរិក បើលោកឈ្នះឆ្នោត
​ដូច​ការសន្យា​អំឡុង​ការតស៊ូ​មតិ​មួយ​ស្មើ​ជាមួយ​សមាជិក​ព្រឹទ្ធសភា Bernie Sanders កាលពី​ខែមីនា លោក បៃ​ឌិន នៅ​ថ្ងៃទី​១១ ខែសីហា បានប្រកាស​រើសយក​អ្នកស្រី Kamala Harris ដៃគូ​លោក​សម្រាប់​តំណែង​ជា​បេក្ខភាព​អនុ​ប្រធានាធិបតី​អាមេរិក​។

បើអ្វីទាំងអស់ដូចជាការគ្រោងទុក លោក បៃឌិន នឹងក្លាយជាប្រធានាបតីដែលមាន​អាយុ​ចាស់ជាងគេនៅពេលចូលកាន់តំណែង ពោលគឺ​ក្នុងអាយុ​៧៧​ឆ្នាំ ដោយបំបែក​កំណត់ត្រា លោក ដូណាល់ ត្រាំ ដែលមានអាយុ​៧០​ឆ្នាំ និង​លោក Ronald Reegan ដែលមានអាយុ​៦៩​ឆ្នាំ ពេលចូលកាន់តំណែង៕
​អត្ថបទ​នេះ ដកស្រង់​និង​កែសម្រួល​ពី https://www.biography.com/political-figure/joe-biden
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com