អន្តរជាតិ
តើ​តុលាការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍​មាន​តួនាទី​ដូចម្តេច​?
16, Sep 2020 , 6:59 pm        
រូបភាព
ទង់របស់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍។ រូបភាព៖​ Peace Palace Library
ទង់របស់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍។ រូបភាព៖​ Peace Palace Library
ដោយ:
​ជាទូទៅ​ក្នុងការ​ដោះស្រាយ​ជម្លោះ​អន្តរជាតិ រដ្ឋ​អាច​ជ្រើសរើស​វិធីសាស្ត្រ​ជាច្រើន​បែប​ដូចជា​តាមរ​យៈ​ការទូត ការប្រើប្រាស់​កម្លាំង និង​ដាក់ពាក្យ​ប្តឹងផ្តល់​ទៅ​ស្ថាប័ន​យុត្តិធម៌​អន្តរជាតិ​។ នៅ​ថ្ងៃទី​១២ កក្កដា ឆ្នាំ​២០១៦ តុលាការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍​(Permanent Court of Arbitration) បានសម្រេច​សេចក្តី​ឲ្យ​ហ្វីលីពីន​ឈ្នះក្តី​ក្ដាំ​ជាមួយ​ចិន លើ​បញ្ហា​មួយចំនួន​ទាក់ទង​ទៅនឹង​បញ្ហា​អធិបតេយ្យភាព​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​។ តើ​តុលាការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍​មាន​ប្រវត្តិ និង​ខុសពី​តុលាការអន្តរជាតិ​ដទៃទៀត​យ៉ាងដូចម្តេច​?
 
​សន្និសីទ​សន្តិភាព​ទីក្រុង​ឡាអេ ឆ្នាំ​១៨៩៩
 
​នៅ​ឆ្នាំ ថ្ងៃទី​២៤ សីហា ឆ្នាំំ​១៨៩៨ អធិរាជ​រុស្ស៊ី នី​កូ​ឡាស​ទី​២ (Tsar Nicolas II) បាន​លើក​ជា​គំនិត​ផ្តួចផ្តើម និង​អញ្ជើញ​រដ្ឋ​ចំនួន​២៦ ដែល​ភាគច្រើន​ស្ថិតក្នុង​ទ្វីបអឺរ៉ុប​ឲ្យ​ចូលរួម​ក្នុង​ស​ន្នី​សិទ​អន្តរជាតិ​ដោយ​ផ្តោតទៅលើ​បញ្ហា​សន្តិភាព​។ គំនិត​ផ្តួចផ្តើម​របស់​អធិរាជ​រុស្ស៊ី​រូបនេះ​ធ្វើឡើង ក្នុង​បរិបទ​មួយ​ដែល​បណ្តា​ប្រទេស​អឺរ៉ុប ធ្វើសង្គ្រាម​នឹង​គ្នា​កាន់តែ​ច្រើនឡើង និង​កាន់តែ​ព្រៃផ្សៃ​ឡើង​រាប់​ចាប់តាំងពី​ការដួលរលំ​របស់​អធិរាជ​បារាំង ណាប៉ូឡេអុង​។​ 


​ស​ន្នី​សីទ​សន្តិភាព​ទីក្រុង​ឡាអេ ឆ្នាំ​១៨៩៩​។​រូបភាព​៖ Peace Palace Library
 
​ទីបំផុត សន្និសីទ​ស្តីពី​សន្តិភាព​នេះ​ត្រូវបាន​ធ្វើឡើង​ទីក្រុង​ឡាអេ ក្នុង​ឆ្នាំ​១៨៩៩​។ សន្និសីទ​ដែល​អូសបន្លាយ​រយៈពេល​៧២​ថ្ងៃនេះ មាន​គោលបំណង ស្វែងរក​វិធានការ​ដែលមាន​ប្រសិទ្ធភាព​ក្នុងការ​ធានាថា​ប្រជាជន​អាច​ទទួលបាន​ផលប្រយោជន៍​យ៉ាងពិត​ប្រាកដ និង​យូរអង្វែង​ពី​សន្តិភាព​។ សន្និសីទ​នេះ​មាន​របៀបវារៈ​ធំៗ​ចំនួន​៣៖​ទី​១ គឺ​ការគ្រប់គ្រង​អាវុធ ទាហាន និង​ចំណាយ​យោធា ទី​២ គឺ​ការអនុវត្ត​អនុសញ្ញា​ក្នុងការ​កាត់បន្ថយ​ការរង​គ្រោះ​មិនចាំបាច ដោយ​អាវុធ​ក្នុងពេល​សង្គ្រាម និង​ទី​៣ គឺ​ការទទួលស្គាល់​គោលការណ៍​ម​ជ្ឈ​ត្ត​ការ ដើម្បី​បញ្ចៀស​ជម្លោះ​ប្រដាប់អាវុធរ​វ​វាង​រដ្ឋ​នឹង​រដ្ឋ​។​
 
​ការទទួលស្គាល់​គោលការណ៍​ម​ជ្ឈ​ត្ត​ការ​ក្នុងការ​ដោះស្រាយ​ជម្លោះ​នេះហើយ​ដែល​ឈានទៅដល់​ការបង្កើត​ស្ថាប័ន​យុត្តិធម៌​អន្តរជាតិ​ដំបូងបង្អស់​ក្នុងការ​ដោះស្រាយ​ជម្លោះ​។ មាត្រា ២០ នៃ​អនុសញ្ញា​អន្តរជាតិ​នៃ​ការដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ឆ្នាំ​១៨៩៩(Convention on the Pacific Settlement of International Disputes)  បើកផ្លូវ​ឲ្យ​បង្កើត​តុលាការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍​នេះ​ឡើង​។ ក្រោយមក​សន្និសីទ​សន្តិ​ភាព​ទីក្រុង​ឡាអេ​ឆ្នាំ​១៩០៧ ធ្វើការ​កែប្រែ និង​ពង្រីក​មុខងារ​របស់​តុលាការ​។​មកទល់ពេលនេះ​តុលាការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍ ជា​ស្ថាប័ន​ដោះស្រាយ​ជម្លោះ​ដែលមាន​អាយុ​ចំណាស់​ជាងគេ​។​
 


​សមាជិក នៃ​តុលាការ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​។ រូបភាព​៖ Library of Congress, Washington, D.C
 
​លក្ខណៈ និង​តួនាទី​របស់​តុលាការ​
 
​បើទោះជា​យ៉ាងណាក្តី តុលាការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍​នេះ​មិនមែនជា​តុលាការអន្តរជាតិ​ឡើយ​។ ផ្ទុយទៅវិញ តុលាការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍​គឺជា​អង្គការ​អន្តររដ្ឋាភិបាល​ដែល​ទទួលដោះស្រាយ​វិវាទ​លើ​រឿងក្តី​ដូចជា ជម្លោះ​ដែន​អធិបតេយ្យ ការវិនិយោគ ពាណិជ្ជកម្ម និង​សិទ្ធិមនុស្ស​រវាង​រដ្ឋ​និង​រដ្ឋ​។​គេ​ក៏​គួរ​ធ្វើការ​គូសបញ្ជាក់​ឲ្យ​ច្បាស់​ផងដែរ​ថា តុលាការ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ មិនមែនជា​ផ្នែក ឫ​សេនាធិការ​របស់​អង្គការសហប្រជាជាតិ​ឡើយ តែ​តុលាការ​នេះ​ជា​សមាជិក​សង្កេតការណ៍​អចិន្ត្រៃយ៍​របស់​អង្គការសហប្រជាជាតិ​។​
 
​ដ្បិតថា តុលាការ​នេះ​មិនមែនជា​សេនាធិការ​របស់​អង្គការសហប្រជាជាតិ គេ​ពុំ​អាច​បង្ខំ​ឲ្យ​រដ្ឋ​អនុវត្តតាម​សេចក្តីសម្រេច​ម​ជ្ឈ​ត្ត​ការ​បានឡើយ ខុសពី​តុលាការ​យុត្តិធម៌​អន្តរជាតិ ដែល​រដ្ឋ​អាច​នឹង​ត្រូវបាន​បង្ខំ​ឲ្យ​អនុវត្ត​សាលក្រម នៅពេល​មាន​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ​។​
 
​លក្ខណៈ​ដោយឡែក​របស់​តុលាការ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ ដែល​ផ្ទុយ​ពី​តុលាកា​យុ​ត្តិ​ធ​ម៍​អន្តរជាតិ ឫ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ គឺ​នៅត្រង់ថា​តុលាកា​នេះ​ពុំមាន​ចៅក្រម​នៅ​ប្រចាំការ​ជា​អចិន្ត្រៃយ៍​ឡើយ អ្វីដែល​តុលាការ​នេះ​មាន​គឺ​បញ្ជី​ឈ្មោះ​បុគ្គល​ដែល​ដាក់​ស្នើរ​ដោយ​រដ្ឋ​សមាជិក​ចំនួន​១២២ សម្រាប់​ជ្រើសតាំង​ជាម​ជ្ឈ​ត្ត​ករ​នៅពេល​មានរឿង​ក្តី​កើតឡើង​។​
 
​ក្នុងន័យនេះ និង​ជា​និតិ​វិធី​ទូទៅ រដ្ឋ​ជា​សមាជិក​នៅពេល​ចាប់ផ្តើម​ម​ជ្ឈ​ត្ត​ការ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ជ្រើសរើស​ម​ជ្ឈ​ត្ត​ករ​រៀងៗ​ខ្លួន ហើយ​ម​ជ្ឈ​ត្ត​ករ​ដែល​រដ្ឋ​បានជ្រើសរើស នឹងត្រូវ​ជ្រើសរើស​ម​ជ្ឈ​ត្ត​ករ​ដែលជា​ភាគី​ទី​៣​។ ទោះជា​យ៉ាងណាក្តី​ចំនួន​ម​ជ្ឈិ​ករ ក្នុង​អង្គជំនុំជម្រះ​ម​ជ្ឈ​ត្ត​ការ​មាន​ចំនួន និង​របៀប​ជ្រើសរើស​ខុសៗ​គ្នា អាស្រ័យទៅលើ​សន្ធិសញ្ញា​ដែល​រដ្ឋ​នោះ​ជាប់​ជម្លោះ​។ បន្ថែម​ពីនេះ បើទោះបីជា​តុលាការ​មាន​បញ្ជី​ឈ្មោះ​ម​ជ្ឈ​ត្ត​ករ​ក្តី  តុលាការ ក៏ដូចជា​រដ្ឋ​ជា​សមាជិក​នៅពេល​មាន​ជម្លោះ​មាន​សិទ្ធិ​ជ្រើសតាំង​អ្នក​ដែល​មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​មក​ធ្វើ​ជាម​ជ្ឈ​ត្ត​ករ​បានដែរ​។​
 
​ក្នុងន័យនេះ​គេ​អាច​យល់បាន​ថា តុលាការ​ម​ជ្ឈ​ត្ត​ការ​អ​ចិន​ត្រៃ​យ៍​ជា​ស្ថាប័ន​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​រៀបចំ​រួចរាល់​ជាស្រេច ក្នុង​ការផ្តល់សេវា​ផ្នែក​រដ្ឋបាល ផ្លូវច្បាប់ និង​ភស្តុភា​ចាំបាច់​ដូចជា​ការិយាល័យ​ទំនាក់ទំនង ការរក្សា​ឯកសារ ការរៀបចំ​កាលវិភាគ​ប្រជុំ និង​សវនាការ ការធ្វើដំណើរ និង​បញ្ជី​ឈ្មោះ​ម​ជ្ឈ​ត្ត​ករ ដើម្បី​ជួយ​សម្រួល​ដល់​ការដោះស្រាយ​ជម្លោះ​តាមរយៈ​ម​ជ្ឈ​ត្ត​ការ​។​
 
​បច្ចុប្បន្ន​តុលាការ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ មាន​ទីតាំងនៅ​ទីក្រុង​ឡាអេ ប្រទេស​ហូ​ឡង់ និង​ប្រើប្រាស់​វិមាន​សន្តិភាព​(Peace Palace)​រួមគ្នា​ជាមួយ​តុលាកា​យុ​ត្តិ​ធ​ម៍​អន្តរជាតិ​។​


​វិមាន​សន្តិភាព នៅ​ទីក្រុង​ឡា​អេ​។ រូបភាព​៖ Permanent Court of Arbitration
 
​បណ្តឹង​របស់​ហ្វីលីពីន ក្នុង​សំណុំរឿង​សមុទ្រ​ចិន​ភាគខាងត្បូង​
 
​គិត​ត្រឹម​ឆ្នាំ​២០២០​នេះ តុលាការ​ម​ជ្ឈ​ត្ត​ការ​អចិ​ន្ត្រៃ​យ៏​បាន​ទំនុកបម្រុង​ដំណើការ​ម​ជ្ឈ​ត្ត​កា​រលើ​វិវាទ​សមុទ្រ​ចំនួន​១៤​ករណី និង រៀបចំ​ដំណើការ​រ​ការផ្សះផ្សា​ដោយ​បង្ខំ​នូវ​វិវាទ​សមុទ្រ​ចំនួន​១​ករណី​។ ក្នុងចំណោម​វិវាទ​ទាំង​១៤​នេះ សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​រវាង​ចិន និង​ហ្វីលីពីន នៅតែ​បន្ត​ជា​សំណុំរឿង​ដែល​គេ​ភ្ជាប់​មកជា​មួយ នៅពេល​គេ​លើក​រឿង​សមុទ្រ​ចិន​ខាងត្បូង​មក​និយាយ​។​
 
 
​នៅ​ខែមករា ឆ្នាំ​២០១៣ រដ្ឋាភិបាល​ហ្វីលីពីន​បានសម្រេច​ប្តឹង​ចិន​លើ​រឿង​អធិបតេយ្យ​ក្នុង​សមុទ្រ​ចិន​ភាគខាងត្បូង​ដោយយោង​តាម​ផ្នែក​ទី​៩(Part XV) មាត្រា​២៨៧(៣) និង​ឧបសម្ព័ន្ធ​ទី​៧ (Annex XII) នៃ​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ (United Nations Convention on the Law of the Sea ឬ UNCLOS)​។ ដោយហេតុតែ​ហ្វីលីពីន និង​ចិន ពុំបាន​បញ្ជាក់​ច្បាស់​ពី​វិធី​ក្នុងការ​ដោះស្រាយ​ជម្លោះ ម​ជ្ឈ​ត្ត​ការ​ត្រូវបាន​ជ្រើសរើស​ជា​វិធី​ដោះស្រាយ​ជម្លោះ​ដោយ​ស្វ័យប្រវត្តិ​។ យោងតាម UNCLOS តុលាការ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ មាន​នាទី​ជា​អ្នក​ចុះបញ្ជី សំណុំ​រឿងនេះ​។​
 
​ជម្លោះ​ដែល​ហ្វីលីពីន ដាក់​ស្នើ​រម​កម​ជ្ឈ​ត្ត​ការ​មាន​ចំនួន​៤​ប្រភេទ ដែលជា​សរុប​រួមមាន​១៥​ចំនុច​ឲ្យ​អង្គជំនុំជម្រះ​កាត់សេចក្តី​។ ប្រភេទ​ទី​១ គឺ​ភាពស្របច្បាប់​នៃ​សិទ្ធិ​របស់​ចិន​ក្នុង​ការទាមទារ​អធិបតេយ្យ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយ​សំដៅ​ឲ្យ​ចំ គឺ​ភាពស្របច្បាប់​នៃ​« ចំណុច​ត្រេ​៩» ដែល​ប្រើប្រាស់​ក្នុងការ​ទាមទារ​អធិបតេយ្យ​ផ្អែក​តាម​សិទ្ធិ​ប្រវត្តិសាស្ត្រ​។​
 
​ប្រភេទ​ទី​២ គឺ​ការដោះស្រាយ​ជម្លោះ​រវាង​ចិន និង​ហ្វីលីពីន​ទាក់ទិន​ទៅនឹង​សិទ្ធ​ទទួលបាន​តំបន់​សមុទ្រ​ដែល​កើតចេញ​តាមរយៈ​UNCLOS នៅ​ថ្ម​ប៉ប្រះ​ទឹក Scarborough និង​បណ្តា​ភិនភាគ​(Maritime Feature) ក្នុង​សមុទ្រ​នៅ​បណ្តា​រកោះ Spratly ។​
 
​ប្រភេទ​ទី​៣ គឺ​ទាមទារ​ឲ្យ​ដោះស្រាយ​ជម្លោះ​ទាក់ទង​នឹង​ភាពស្របច្បាប់​នៃ​សកម្មភាព​របស់​ចិន ក្នុង​សមុទ្រ​ចិន​ខាងត្បូង ក្នុងន័យនេះ ហ្វីលីពីន​ទាមទារ​ឲ្យ​អង្គជំនុំជម្រះ​ប្រកាសថា សកម្មភាព​របស់​ចិន​ទាំងនោះ​មិន​ស្រប់ច្បាប់​។ 
 
​ចំណែកឯ​ប្រភេទ​ទី​៤ នោះ​គឺ​ទាមទារ​ឲ្យ​អង្គជំនុំជម្រះ​ម​ជ្ឈិ​រកម្ម​រកឃើញថា ចិន​បានធ្វើ​ឲ្យ​វិវាទ​កាន់តែ​ធ្ងន់ធ្ងរ និង​ពង្រីក​ជម្លោះ​ជាមួយ​ហ្វីលីពីន ក្នុងពេល​ដំណើរការ​ម​ជ្ឈ​ត្ត​ការ ដោយ​រឹតត្បិត​ការចូល​របស់​កង​ម៉ា​រ៉ី​ន​ហ្វីលីពីន​ទៅក្នុង​តំបន់​ថ្ម​ប៉ប្រះ​ទឹក Second Thomas និង កសាង​កោះ​សិប្បនិម្មិត​ទ្រង់ទ្រាយ​ធំ ក៏ដូចជា​ចាក់ដី​បំពេញ​ក្នុង​ថ្ម​ប៉ប្រះ​ទឹក​ចំនួន​៧ ក្នុង​បណ្តា​កោះ Spratly​។​


ការទាមទារ​របស់រ​ដ្ឋ​ដែលមាន​វិវាទ ក្នុង​រឿង​សមុទ្រ​ចិន​ខាងត្បូង​។​រូបភាព AFP
 
​ចិន​បាន​ជំទាស់ ដោយ​អះអាងថា​ខ្លួន​មិន​ទទួលយក​នីតិវិធី​ក្នុងការ​ដោះស្រាយ​ជម្លោះ​ដោយ​បង្ខំ​ទៅលើ​សំណុំរឿង​ដែល​ហ្វីលីពីន​បាន​បញ្ជូនទៅ​តុលាការ​ឡើយ​។​ដោយហេតុ​នេះហើយ ទើប​ចិន​សម្រេច​មិន​ចូលរួម​ក្នុង​ម​ជ្ឈ​ត្ត​ការ និង​លើកឡើងថា ហ្វីលីពីន​រំលោភ​នីតិវិធី​ក្នុង​ដោះស្រាយ​ជម្លោះ​ចែង​ក្រោម​UNCLOS​។ បើទោះបីជា​ចិន​មិន​ចូលរួម​ក្នុង​ម​ជ្ឈ​ត្ត​ការ​ក្តី មាត្រា​៩ នៃ​ឧបសម្ព័ន្ធ​៧ បាន​ចែងថា​អង្គជំនុំជម្រះ​នៅតែ​អាច​បន្ត​ដំណើរការ​ម​ជ្ឈ​ត្ត​ការ​បាន ហើយ​អនុលោម​តាម​មាត្រា​២៩៦(១)​នៃ​UNCLOS និង មាត្រា​១១ នៃ​ឧបសម្ព័ន្ធ​៧ បាន​ចែងថា​សេចក្តីសម្រេច​ទាំងឡាយណា​របស់​អង្គជំនុំជម្រះ​មាន​ចំណង​ផ្លូវច្បាប់​ទៅលើ​ភាគី​ជម្លោះ​។​
 
​យោងតាម មាត្រា ៣(​គ​) (​ឃ​) និង​(​ង​) នៃ​ឧបសម្ព័ន្ធ​៧ អង្គជំនុំជម្រះ​មាន​ម​ជ្ឈ​ត្ត​ករ​ចំនួន​៥ រូប ដែល ១ រូប​ជ្រើស​ដោយ​ភាគី​ជម្លោះ និង​៣​រូប​ទៀត​ជ្រើស​ដោយ​ប្រធាន​អង្គជំនុំជម្រះ​អន្តរជាតិ​ស្តីពី​ច្បាប់​សមុទ្រ​(International Tribunal For The Law of The Sea ឬ ITLOS)​។ ហ្វីលីពីន បានជ្រើសរើស​ម​ជ្ឈ​ត្ត​ករ​មួយរូប ដោយហេតុតែ​ចិន​អវត្តមាន​ក្នុង​ដំណើរការ​ម​ជ្ឈ​ត្ត​ការ​នេះ ប្រធាន​ITLOS ជ្រើសរើស​ម​ជ្ឈ​ត្ត​ករ​មួយរូប​ជំនួស​ចិន និង​ម​ជ្ឈ​ត្ត​ករ​៣​រូប​ផ្សេងទៀត​ដែល​នៅ​សេសសល់ ក្នុងនោះ​មួយរូប​ជា​ប្រធាន​អង្គជំនុំជម្រះ​ម​ជ្ឈ​ត្ត​ការ​។ 
  
​នៅ​ថ្ងៃទី​១២ កក្កដា​ឆ្នាំ ២០១៦ ​អង្គជំនុំជម្រះ​បានចេញ​សេចក្តីសម្រេច​ម​ជ្ឈ​ត្ត​ការ​របស់ខ្លួន​ដោយ​អនុលោម​តាមច្បាប់​សមុទ្រ​។ សេចក្តីសម្រេច​នោះ បាន​ច្រានចោល​ការទាមទារ​រប​ស់​ចិន​ដោយ​ផ្អែ​ល​លើ​សិទ្ធិ​ប្រវត្តិសាស្ត្រ​ដោយ​ប្រើប្រាស់​«​ចំណុច​ត្រេ ៩»​។ សេចក្តីសម្រេច​ក៏បាន អះអាង​ផងដែរ​ថា​គ្មាន​កោះ​ណាមួយ ក្នុង​បណ្តា​កោះ​Spratly អាចបង្កើត​តំបន់សេដ្ឋកិច្ចផ្តាច់មុខ ឫ​ខ្ពង់រាប​បាតសមុទ្រ (Continental Shelf) ឡើយ​។​បន្ថែម​ពីនេះ សេចក្តីសម្រេច ក៏​រកឃើញ​ផងដែរ​ថា​សកម្មភាព​មួយចំនួនធំ​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​មិន​ស្រប់ច្បាប់​ដែល​ចែង​ក្នុង​UNCLOS ដូចជា​ការអនុវត្ត​ច្បាប់ និង​ការបំផ្លិចបំផ្លាញ​បរិស្ថាន​។​
 
​ប៉ុន្តែ​សេចក្តីសម្រេច​នេះ ក៏បាន​លើកឡើង​ផងដែរ​ថា​អង្គជំនុំជម្រះ​មិនមាន​យុត្តាធិការ​លើ​ការ​កាត់សេចក្តី លើ​ភាពស្របច្បាប់​នៃ​សកម្មភាព​របស់​ចិន​នៅ​ថ្ម​ប៉ប្រះ​ទឹក Second Thomas ឡើយ ដ្បិតអី​សកម្មភាព​ទាំងនោះ​ចាត់ទុកជា​សកម្មភាព​យោធា ដែល​ចិន​ប្រកាស​មិន​ទទួលយក​ការដោះស្រាយ​ជម្លោះ​ដោយ​បង្ខំ​ឡើយ​៕
 
 
 

Tag:
 ច្បាប់​អន្តរជាតិ​
 ​តុលាការ​ម​ជ្ឈ​ត​ការ​អចិន្ត្រៃយ៍​
 ​សមុទ្រ​ចិន​ខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com