​ជិះទូក​គយគន់​សត្វ​ស្លាប​រាប់ម៉ឺន​ក្បាល​នៅ​ទួល​ព័ន្ធ​តា​ឡី​បឹង​ស្នេហ៍ ខេត្តព្រៃវែង​
ជាតិ
​ជិះទូក​គយគន់​សត្វ​ស្លាប​រាប់ម៉ឺន​ក្បាល​នៅ​ទួល​ព័ន្ធ​តា​ឡី​បឹង​ស្នេហ៍ ខេត្តព្រៃវែង​
18, Aug 2020 , 10:29 pm        
រូបភាព
​ហ្វូង​សត្វ​ស្លាប​ជាច្រើន​ប្រភេទ ហើរ​កាត់​ពីលើ​ផ្ទៃ​បឹង​បង្ហាញ​សម្រស់​របស់ខ្លួន​ទាក់ទាញ់​ភ្ញៀវទេសចរ ឲ្យ​ទៅ​កម្សាន្ត​ក្នុង​សហគមន៍​អភិរក្ស​សត្វ​ស្លាប​ទួល​ព័ន្ធ​តា​ឡី​បឹង​ស្នេហ៍​។ សហគមន៍​សត្វ​ស្លាប​ទួល​ព័ន្ធ​តា​ឡី​បឹង​ស្នេហ៍ ជា​តំបន់​សក្តានុពល​ទេសចរណ៍ធម្មជាតិ​មួយ​ស្ថិតក្នុង ឃុំ​ធា​យ ស្រុក​បាភ្នំ និង​មាន​ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តព្រៃវែង​។​



​អ្នកទេសចរ​ចំណាយ​ត្រឹមតែ​ម្នាក់​៣​ពាន់​រៀល អាច​ជិះទូក​កម្សាន្ត​នៅ​ជុំវិញ​បឹង មើល​សត្វ​ស្លាប​ជាច្រើន​ប្រភេទ ហើរ​រក​ចំណី​នៅលើ​បឹង និង​ព្រៃ​លិច​ទឹក ដែលមាន​ទំហំ​ជាង​៨០​ហិកតា​។ ទេសចរ ក៏​អាច​អង្គុយ​តាម​ខ្យុ​ស​បរិភោគ​អាហារ​ជួបជុំ​គ្រួសារ ជាមួយ​បរិយាកាស​ជាប់​មាត់បឹង ដែលមាន​ព្រៃ​លិច​ទឹក​យ៉ាង​ធំ​ល្វឹងល្វើយ ដាច់​កន្ទុយភ្នែក​។​


 
​លោក ថោង ស៊ា​ប សមាជិក​សហគមន៍​អភិរក្ស​សត្វ​ស្លាប​ទួល​ព័ទ្ធ​តា​ឡី បាន​ប្រាប់ Thmeythmey25 តាម​ទូរស័ព្ទ​ថា ភ្ញៀវទេសចរ​ក៏​អាច​ទៅលេង​នៅ​តំបន់​ទេសចរណ៍ធម្មជាតិ​មួយ​នេះ ក្នុង​រដូវវស្សា​ផងដែរ​។ ក្រៅពី​នៅ​ជិះទូក​ទស្សនា​សត្វ​ស្លាប  ទេសចរ​ក៏​អាច​ឡើងលើ​ប៉ម​ដែល​ខ្ពស់ៗ​ដើម្បី​មើល​សត្វ​ស្លាប​បាន​ដូចគ្នា​។ នេះ​បើតាម​លោក ថោង ស៊ា​ប ដែល​បាន​បន្តទៀតថា ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​បឹង​ស្នេហ៍ បាន​ថមថយ​យ៉ាងខ្លាំង នៅក្នុង​អំឡុង​កូ​វីដ​-១៩​នេះ​។ 


 
«​កាលពីមុន​ជំងឺ​កូ​វីដ​-១៩​មាន​ទេសចរ​ច្រើន​ដែរ តែ​តាំងពី​មានការ​ប្រកាស​របស់​ក្រសួងសុខាភិបាល​ពី​ជំងឺ​កូ​វីដ​-១៩ ភ្ញៀវ​មិនសូវ​ច្រើន​ដូច​មុន​ទេ​។ កាល​មុន​មាន​ទេសចរ​ប្រហែល​២​ពាន់ ទៅ​៣​ពាន់​នាក់​ដែរ​នៅ​ចុង​សប្តាហ៍ តែ​ឥឡូវ​នៅសល់តែ​ប្រហែល​ប្រហែល​១០០ ទៅ​២០០​នាក់​ប៉ុណ្ណោះ​»​។ នេះ​ជាការ​រៀបរាប់​របស់​ស​មា​ជិ​ក​សហគមន៍​អភិរក្ស​សត្វ​ស្លាប​ទួល​ព័ទ្ធ​តា​ឡី ជាមួយនឹង​ការអំពាវនាវ​ឲ្យ​ភ្ញៀវទេសចរ កុំ​ភ្លេច​ទៅ​សម្រាកលំហែ​នៅទីនេះ នៅក្នុង​អំឡុង​ថ្ងៃ​សម្រាក​នេះ​។ 


 
​គួរ​បញ្ជាក់ថា តំបន់​អភិរក្ស​សត្វ​ស្លាប​ទួល​ព័ទ្ធ​តា​ឡី​បឹង​ស្នេហ៍ ត្រូវបាន​បង្កើតឡើង នៅ​ឆ្នាំ​២០១១ និង​អភិរក្ស​ដោយ អង្គការ​នារី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​អនាម័យ​៕


​រូបភាពពីមន្ទីរទេសចរណ៍ខេត្តព្រៃវែង

Tag:
 ទេសចរណ៍ ព្រៃវែង​
© រក្សាសិទ្ធិដោយ thmeythmey.com