COVID-19
អន្តរជាតិ
ករណីឆ្លងCOVID-19 នៅកូរ៉េខាងត្បូងហក់ឡើងសារជាថ្មី មន្រ្តីសុខាភិបាលកូរ៉េខាងត្បូង_បាញ់ថ្នាំសម្លាប់មេរោគនៅក្នុងព្រះវិហារ
× កូរ៉េខាងត្បូង នៅថ្ងៃទី១៨ ខែសីហា បានរាយការណ៍ថា មានករណីឆ្លងCOVID-19 ដល់ជាង ២០០ករណី។ ភាគច្រើននៃករណីថ្មីនេះ ត្រូវបានរកឃើញនៅក្នុងទីក្រុងសេអ៊ូល។ នេះបើតាមការអះអាងរបសមជ្ឈមណ្ឌលទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លង COVID-19 របស់កូរ៉េខាងត្បូង (CDC)។
ប៉ុន្មានថ្ងៃចុងក្រោយនេះ ករណីឆ្លងCOVID-19 ប្រចាំថ្ងៃនៅកូរ៉េខាងត្បូង គឺកើនឡើងជាលំដាប់។ បើតាមអះអាងរបសអាជ្ញាធរសុខាភិបាលនៅថ្ងៃទី១៨ ខែសីហា កូរ៉េខាងត្បូង មានករណីឆ្លងCOVID-19 ចំនួន ២៤៦ករណី ដែលក្នុងនោះ ករណីឆ្លងក្នុងស្រុកមានចំនួន ២៣៥ករណី។ តួលេខCOVID-19 របស់កូរ៉េខាងត្បូង បានកើនឡើង ១៥៧៦១ករណី និងអ្នកស្លាប់មានចំនួន ៣០៦នាក់។
ករណីឆ្លងជាង ២០០ករណីនេះ ភាគច្រើនគឺមានពាក់ព័ន្ធនឹងព្រះវិហារ២កន្លែងនៅក្នុងទីក្រុងសេអ៊ូល។ ទាក់ទិននឹងករណីឆ្លងនេះ អាជ្ញាធរសុខាភិបាល បានដំឡើងការរក្សាគម្លាតសុវត្ថិភាពនៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជាប់នោះ ទៅកម្រិត២ ខណៈពេលកន្លងមក អនុវត្តត្រឹមតែកម្រិត ១ប៉ុណ្ណោះ។ ការជួបជុំមនុស្សច្រើនជាង ១០០នាក់ ត្រូវហាមឃាត់ ហើយព្រឹត្តិការណ៍កីឡាមួយចំនួន នឹងមិនអនុញ្ញាតឲ្យមានអ្នកទស្សនាឡើយ។
កន្លងមក កូរ៉េខាងត្បូង មិនធ្លាប់ចាត់វិធានការបិទប្រទេស ឬតំបន់តឹងរ៉ឹងខ្លាំងដូចបណ្តាប្រទេសមួយចំនួន ដូចជាចិន អាមេរិក ឬអឺរ៉ុបឡើយ។
ស្របពេលករណីឆ្លងCOVID-19នៅក្នុងប្រទេសកំពុងកើនឡើង អាជ្ញាធរបានអះអាងថា កូរ៉េខាងត្បូង នឹងចាត់វិធានតឹងរ៉ឹង និងវិធានការបន្ថែមទៀត ទាល់តែករណីឆ្លងស្ថិតនៅក្រោមការគ្រប់គ្រង ព្រោះករណីកូរ៉ូណាវីរុសនៅក្នុងទីក្រុងសេអ៊ូល គឺជាបញ្ហាដ៏គ្រោះថ្នាក់មួយ។
សូមបញ្ជាក់ថា កូរ៉េខាងត្បូង ដែលមានប្រជាជនសរុបប្រមាណ ៥១លាននាក់ បានធ្វើតេស្តរកកូរ៉ូណាវីរុសចំនួន ១៦៩៧០៤២ដង ចាប់តាំងពីថ្ងៃទី៣ ខែមករាកន្លងមក។ អ្នកជាសះស្បើយពីCOVID-19 មានចំនួន ១៣៩៣៤នាក់៕
Tag:
COVID-19
កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com