ភ្នំពេញ៖ “អង្ករសសុទ្ធ ចម្អិនឱ្យឆៅ ពិសីហើយខ្លៅ ប្រាជ្ញឥតមាយាទ”។ “ចាស់ទុំមិនប្រដៅ ជេរកូនចៅទើបវាខូច” គឺជាសុភាសិតដាស់តឿនចាស់ទុំទាំងឡាយ ឱ្យយកចិត្តទុកដាក់លើការអប់រំប្រដៅកូនចៅ។ សេចក្ដីខុសឆ្គាំឆ្គងទាំងឡាយណា ដែលកូនប្រុសស្រីឬក្មេងៗ បានប្រព្រឹត្តទៅហើយ កំហុសទាំងនោះត្រូវបានធ្លាក់ទៅលើមេបា ឬចាស់ទុំ ជាអាណាព្យាបាល ដែលមិនបានអប់រំណែនាំ។ នេះជាការលើកឡើងរបស់ព្រឹទ្ធាចារ្យមរតកមនុស្សរស់ ទា វ៉ាន។
ព្រឹទ្ធាចារ្យបញ្ញាកោសល្យវិជ្ជា ទា វ៉ាន តែងចូលចិត្តស្និទ្ធស្នាល សិក្សាស្រាវជ្រាវ និងបកស្រាយ សុភាសិត ដែលបង្កប់ន័យខ្លឹមសារសម្រាប់អប់រំមនុស្ស។ ជាមរតកមនុស្សរស់ ដែលទទួលបានគោរមងារ ពីព្រះមហាក្សត្រខ្មែរ ព្រឹទ្ធាចារ្យ ទា វ៉ាន បានលើកយកសុភាសិតខ្មែរមកបកស្រាយ ដើម្បីដាស់តឿនដល់ចាស់ទុំទាំងឡាយ។
ក្នុងកំណាព្យច្បាប់ប្រុសរបស់បណ្ឌិត ម៉ឺន ម៉ៃ មានឃ្លាមួយលើកឡើងថា “ចាស់ទុំមិនប្រដៅ ជេរកូនចៅទើបវាខូច” លោកព្រឹទ្ធាចារ្យ បានបកស្រាយដូច្នេះថា ក្មេងខូចខិល មិនលុះក្នុងដំបូន្មាន មកពីចាស់ទុំមិនបានប្រៀនប្រដៅ ឬណែនាំ។
ព្រឹទ្ធាចារ្យមរតកមនុស្សរស់ ទា វ៉ាន ផ្ដល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២០ ស្ដីពីសុភាសិតខ្មែរ
ចំណែកសុភាសិត “អង្ករសសុទ្ធ ចម្អិនឱ្យឆៅ ពិសីហើយខ្លៅ ប្រាជ្ញឥតមាយាទ” ព្រឹទ្ធាចារ្យ ទា វ៉ាន បានពន្យល់ថា អង្ករសសុទ្ធ ប្រៀបបាននឹងមនុស្សកើតមក មានសមត្ថភាព មានលក្ខណៈសម្បត្តិល្អគ្រប់យ៉ាង។ ប៉ុន្តែចាស់ទុំ បែរជាយកទៅអប់រំខាងផ្លូវខុស ឱ្យធ្វើរឿងមិនល្អ ដោយស្មើនឹងយកទៅចម្អិនឱ្យឆៅនោះឯង។
រីឯ “ពិសីហើយខ្លៅ ប្រាជ្ញឥតមាយាទ” លោកពន្យល់ថា “ពិសី” បានដល់ភាពស្អាត ល្អ ប្រសើរ ប៉ុន្តែបុគ្គលនោះ បែរជាប្រើភាសាមិនមានរបៀបរៀបរយ មិនស្គាល់ខ្ពស់ទាប មិនចេះគោរពចាស់ទុំជាដើម។
សូមស្ដាប់លោកព្រឹទ្ធាចារ្យ ទា វ៉ាន ពន្យល់បន្ថែម៖
អតីតគ្រូបង្រៀនភាសាខ្មែរ និងភាសាសំស្ត្រឹត នៅពុទ្ធិកសកលវិទ្យាល័យព្រះសុរាម្រឹត ដែលមានជន្មាយុ៨២ឆ្នាំ រូបនេះ បានលើកឡើងបន្ថែមថា ចាស់បុរាណតែងតែយកធម្មជាតិនៅជុំវិញខ្លួន មកអប់រំមនុស្សយើង។ ទោះជាយ៉ាងណា ព្រឹទ្ធាចារ្យបញ្ញាកោសល្យវិជ្ជា ទា វ៉ាន ដែលខិតខំបង្ហាត់បង្រៀនសិស្សឱ្យមានចំណេះដឹង និងពុទ្ធិ បានទូន្មានជនប្រុសស្រី ឱ្យយកគំរូតាមផ្កាឈូក ដែលមិនបោះបង់ក្លឹនរបស់ខ្លួន បើទោះបីជាដុះក្នុងដីប្រភេទណាក៏ដោយចុះ។
សូមស្ដាប់ប្រសាសន៍របស់ ព្រឹទ្ធាចារ្យ ទា វ៉ាន ពន្យល់៖
កូនដើរត្រូវគន្លង គ្រប់ញាតិអ្នកផង ស្រឡាញ់រក្សា ព្រោះតែមេបា។ ជាតិនោះផងណា ថ្កុំផ្កើងថ្លៃថ្លា
អាស្រ័យរដ្ឋា ប្រជាមានប្រាជ្ញ៕