ជាតិ
លោក ស៊ា សុផល៖ បើមនុស្សចេះញែកសំរាមត្រឹមត្រូវ បរិមាណសំរាមនឹងថយចុះ
× ភ្នំពេញ៖ ការចោលសំរាមពាសវាលពាសកាល តាមទីសាធារណៈ ពិសេសតាមតំបន់ទន្លេសាប នៅតែជាបញ្ហាសង្គមក្នុងពេលបច្ចុប្បន្ន។ ដើម្បីណែនាំពលរដ្ឋឲ្យបានយល់ដឹងពីបញ្ហានេះកាន់តែច្រើន និងត្រូវចេះបែងចែកសំរាមទៅតាមប្រភេទនីមួយៗ អង្គការមូលនិធិទំពាំងស្នងឫស្សី បានរៀបចំ គម្រោងលើកកម្ពស់ជីវភាពសហគមន៍ អប់រំសុខភាព អនាម័យ និងបរិស្ថាន។ លោក ស៊ា សុផល ជាប្រធានគម្រោង យល់ឃើញថា ដោយសារពលរដ្ឋខ្វះចំណេះដឹងទាក់ទងនឹងបរិស្ថាន ទើបសំរាមមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
រយៈពេល៣ហើយ លោក ស៊ា សុផល បានរៀបចំយុទ្ធនាការប្រមូលសំរាម សម្អាតបរិស្ថាន។ ប៉ុន្តែដោយសារមានការរាលដាលនៃជំងឺកូវីដ-១៩ លោកបានប្តូរមកបង្កើតគម្រោងលើកកម្ពស់ជីវភាពសហគមន៍ អប់រំសុខភាព អនាម័យ និងបរិស្ថាន វិញដែលមានការចូលរួមពីអង្គការមូលនិធិទំពាំងស្នងឫស្សី។
លោក ផ្ដួចផ្ដើមធ្វើគម្រោងនេះឡើងគឺដើម្បី អប់រំប្រជាពលរដ្ឋ ដែលរស់នៅក្នុងសហគមន៍តំបន់ទន្លេសាបទាំងអស់ឲ្យមានការយល់ដឹងពីផលប៉ះដល់បរិស្ថាន លើបញ្ហាសំរាម ពិសេសសំរាមប្លាស្ទិក និងត្រូវចេះបែងចែកសំរាមទៅតាមប្រភេទនីមួយៗផងដែរ។ សកម្មភាពនៃគម្រោងនេះ គឺលោក ស៊ា សុផល បានចុះអប់រំពលរដ្ឋតាមសហគមន៍ សាលារៀន និងបណ្ដាភូមិឃុំ ក្នុងតំបន់ទន្លេសាប ពីផលប៉ះពាល់របស់ប្លាស្ទិកដល់បរិស្ថាន និងណែនាំពលរដ្ឋឲ្យបញ្ឈប់សកម្មភាពបោះចោលសំរាមពាសវាលពាសកាល ពិសេសក្នុងបឹងទន្លេសាប។
គម្រោងនេះដំណើរការបានរយៈពេល២ខែហើយ គឺចាប់ពីខែមិថុនាមក ហើយលោក ក៏រំពឹងផងដែរថា ក្រោយពីបញ្ចប់ការអប់រំនេះ ពលរដ្ឋក្នុងសហគមន៍តំបន់ទន្លេសាប នឹងអាចយល់ដឹងកាន់តែច្បាស់ពីបញ្ហាដែលកំពុងប្រឈមនេះ និងចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកថែមទៀតផង។ ប្រធានគម្រោងរូបនេះបានលើកឡើងដូច្នេះថា៖«តាមពិតសំរាមបរិមាណច្រើនហ្នឹង សុទ្ធតែសំរាមល្អទាំងអស់ហ្នឹង សំរាមសរីរាង្គ សំរាមផ្ទះបាយយើងហ្នឹង តែយើងយកទៅចាក់ចោលលាយឡំគ្នា។ តាមពិតបើមនុស្សចាប់ផ្ដើមចេះញែកសំរាម គឹសំរាមថយចុះហើយ។ មិនបាច់ឆ្ងល់ទេ ឲ្យតែមនុស្សចាប់ផ្ដើមកាត់បន្ថយដូចជាការប្រើប្រាស់ប្លាស្ទិក ព្រោះរាល់ថ្ងៃមនុស្សម្នាក់ៗប្រើប្លាស្ទិកមិនក្រោម១០ទេ តែបើចូលរួមកាត់បន្ថយគឺសំរាមថយចុះបាត់ហើយ»។
នៅពេលបរិស្ថានស្អាត គ្មានសំរាមប្លាស្ទិក ជាសហគមន៍គំរូដែលចេះបែងចែកសំរាមបានត្រឹមត្រូវ ក៏ជាផ្នែកមួយអាចទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្ត ហើយពលរដ្ឋក៏ទទួលបានចំណូលតាមរយៈការបម្រើសេវាកម្មទេសចរណ៍នានាដូចជា សេវាកម្មស្នាក់នៅសហគមន៍ និងការអុំទូកជូនភ្ញៀវជាដើម។ នេះជាពន្យល់របស់លោក សុផល ដោយបានបន្ថែមថា ពលរដ្ឋចូលរួមក្នុងការអប់រំនេះច្រើន បើទោះបីជាការយល់ដឹងនៅមានកម្រិត តែលោក ក៏រំពឹងថាពួកគេនឹងយកចិត្តទុកដាក់លើរឿងនេះ ជាងមុន។
លោក បានលើកឡើងបន្ថែមយ៉ាងដូច្នេះថា៖«បច្ចុប្បន្ន សំរាមមានការកើនឡើងនេះក៏ព្រោះតែ មនុស្សមិនទាន់មានការអប់រំ ហើយប្រព័ន្ធរដ្ឋបាល ឬក្រុមហ៊ុនឯកជនដែលប្រមូលសំរាមមិនទាន់បញ្ច្រាបការអប់រំហ្នឹងដល់ពលរដ្ឋ។ លោក បន្តថា មិនមែនតែពលរដ្ឋក្នុងក្រុងសៀមរាបប៉ុណ្ណោះទេ សូម្បីតែអ្នករស់នៅទីរាជធានីភ្នំពេញក៏នៅតែមិនអាចញែកសំរាមបានផងដែរ។
រយៈពេលកន្លងមកដែល លោក បានចំណាយពេលលើការសម្អាតបរិស្ថាន លោក មើលឃើញថា ពលរដ្ឋក្នុងក្រុងសៀមរាបភាគច្រើនបានចូលរួមជាមួយលោក កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ពិសេសនោះគឺនៅតាមភោជនីយដ្ឋាន៕
© រក្សាសិទ្ធិដោយ thmeythmey.com