អន្តរជាតិ
ប្រធានាធិបតីឥណ្ឌូណេស៊ី ផ្តល់មេដាយជាតិដល់ដៃគូប្រឆាំងលោកពីររូប ដែលបានចូលរួមលើកម្ពស់ប្រជាធិបតេយ្យ
× ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ថ្មីៗនេះបានផ្តល់មេដាយជាតិលំដាប់ទីពីរដល់អតីតសមាជិកសភា និងជាអ្នកប្រឆាំងគោលនយោបាយចំនួនពីររូប។ សម្រាប់លោកប្រធានាធិបតី ការប្រកាន់គោលជំហរនយោបាយផ្ទុយគ្នា មិនមែនជាឧបសគ្គរារាំងអ្នកនយោបាយដើម្បីទទួលបានឥស្សរយយសនោះទេ។
-
លោក Fadli Zon អតីតអនុប្រធានសភាឥណ្ឌូណេស៊ី ដែលតែងតែរិះគន់ និងវាយប្រហារគោលនយោបាយលោកប្រធានាធិបតី Joko Widodo មិនលុះថ្ងៃ និងលោក Fahri Hamzah អតីតបេក្ខភាពប្រជែងតំណែងប្រធានាធិបតី ត្រូវបានរដ្ឋាភិបាល លោក Joko Widodo ផ្តល់មេដាយ តារារបស់ជាតិ ដែលជាគ្រឿងឥស្សរយយសលំដាប់ទីពីររបស់មន្ត្រីរដ្ឋការ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Jakarta Globe។
តាមប្រភពព័ត៌មានដដែល ក្នុងពិធីបំពាក់គ្រឿងឥស្សរយយសនេះ លោកប្រធានាធិបតី បានថ្លែងថា សាធារណជនទំនងជាមានចម្ងល់ច្រើនពាក់ព័ន្ធនឹងការផ្តល់មេដាយ ដល់អ្នកប្រឆាំងគោលនយោបាយលោកមិនលុះថ្ងៃទាំងពីរនេះ។ លោក សង្កត់ធ្ងន់ថា អ្នកនយោបាយប្រឆាំង ឬមាននិន្នាការផ្ទុយគ្នា មិនមែនមានន័យថាត្រូវក្លាយជាសត្រូវនឹងគ្នានោះទេ។ លោក អះអាងថា នេះ គឺជាគុណតម្លៃរបស់ប្រជាធិបតេយ្យឥណ្ឌូណេស៊ី។
លើសពីនេះទៅទៀត លោកប្រធានាធិបតី ថែមទាំងហៅអ្នករិះគន់លោកទាំងពីរ ថា ជាមិត្តទៀតផង។ តបជាមួយនឹងការផ្តល់មេដាយនេះ អ្នកនយោបាយទាំងពីរ បានអរគុណលោកប្រធានាធិបតី ដែលបានទទួលការចូលរួមរបស់ពួកគេក្នុងដំណើរការប្រជាធិបតេយ្យ ដែលពួកគេ អះអាងថា ដោយសារតែការរិះគន់នេះហើយ ធ្វើឲ្យឥណ្ឌូណេស៊ី បន្តដំណើរបានមួយជំហ៊ានទៅមុខទៀតកាន់តែរឹងមាំ។
តែយ៉ាងណាក៏ដោយ សម្រាប់អ្នកប្រឆាំងនយោបាយទាំងពីរ ក៏បានគូសបញ្ជាក់ផងដែរ មេដាយជាតិនេះ នឹងមិនអាចបញ្ឈប់ពួកគេក្នុងការរិះគន់រដ្ឋាភិបាលបានឡើយ។ ពោលគឺ ពួកគេ នឹងបន្តការរិះគន់ប្រធានាធិបតី ប្រសិនការអនុវត្តគោលនយោបាយណាមួយ មានលក្ខណៈមិនគប្បី៕
Tag:
ឥណ្ឌូណេស៊ី
ប្រជាធិបតេយ្យ
© រក្សាសិទ្ធិដោយ thmeythmey.com