អន្តរជាតិ
ប្រមុខ​ហុងកុង ថា​មិន​ខ្វល់​ពី​ទណ្ឌកម្ម​របស់​អាមេរិក​
18, Aug 2020 , 11:29 pm        
រូបភាព
លោកស្រីការី_ឡាំ_ប្រធានប្រតិបត្តិទីក្រុងហុងកុង។_រូបភាព៖_Reuters
លោកស្រីការី_ឡាំ_ប្រធានប្រតិបត្តិទីក្រុងហុងកុង។_រូបភាព៖_Reuters
​ប្រមុខ​ហុងកុង លោកស្រី ការី ឡាំ នៅ​ថ្ងៃទី​១៨ ខែសីហា បាន​អះអាងថា មិន​ខ្វាយខ្វល់​ពី​ទណ្ឌកម្ម​របស់​អាមេរិក ដែល​បានដាក់​មកលើ​លោកស្រី ប៉ុន្តែ​ហុងកុង នឹងដាក់​ពាក្យបណ្តឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ (WTO) ជុំវិញ​បញ្ហា​អាមេរិក​ចង់​ដាក់​ទំនិញ​របស់​ហុងកុង ជា​ទំនិញ​របស់​ចិន បន្ទាប់ពី​ផុត​ថ្ងៃទី​២៥ ខែកញ្ញា​។


  
​អាមេរិក នៅ​ថ្ងៃទី​៧ ខែសីហា បានប្រកាស ដាក់ទណ្ឌកម្ម​លើ​ប្រធាន​ប្រតិបត្តិ​ហុងកុង លោកស្រី​ការី ឡាំ និង​មន្ត្រី​សំខាន់ៗ​របស់​ហុងកុង និង​ចិន​ផ្សេងទៀត​។ ទណ្ឌ​កម្មនេះ គឺជា​ការ​បង្កក​ទ្រព្យសម្បត្តិ​របស់​ថ្នាក់ដឹកនាំ​ទាំងនោះ​នៅ​អាមេរិក និង​ហាម​រកស៊ី​ជាមួយ​ក្រុមហ៊ុន​អាមេរិក​។ 
 
​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោកស្រី​ការី ឡាំ បាន​អះអាងថា បើទោះបី​ជាមាន​ផលវិបាក​មួយចំនួន ធ្លាក់​លើ​រឿង​ផ្ទាល់ខ្លួន​របស់លោក​ស្រី​ក៏ដោយ ប៉ុន្តែ​លោកស្រី​មិន​បារម្ភ​ពី​បញ្ហា​នោះឡើយ​។ បើតាម​ការអះអាង​រប​ស់​ប្រមុខ​ហុងកុង​រូបនេះ បញ្ហា​ផ្ទាល់ខ្លួន​មិនសូវ​សំខាន់​ឡើយ ផ្ទុយទៅវិញ​រឿង​ហុងកុង​ទេ ដែល​លោកស្រី​ត្រូវ​គិតគូរ​។ 
 
​នាពេល​កន្លងមក​រដ្ឋ​បាល​អាមេរិក បានស្នើ​ឲ្យ​ទំនិញ​ដែល​នាំ​ចេញពី​ហុងកុង ទៅ​អាមេរិក​ទាំងអស់ នឹងដាក់​ស្លា​កថា ជា​ទំនិញ​ផលិត​នៅ​ចិន ពោលគឺ​លែង​ជា​ទំនិញ​ផលិត​នៅ​ហុងកុង​ទៀតហើយ​។ ការផ្លាស់ប្តូរ​ប្រទេស​ផលិត​នេះ នឹងមាន​សុពលភាព​ចាប់​ផុតពី​ថ្ងៃទី​២៥ ខែកញ្ញា​ខាងមុខ​តទៅ​។ 
 
​ទាក់ទិន​នឹង​បញ្ហា​នេះ លោកស្រី ការី ឡាំ បានចាត់ទុក​ការប្តូរ​ស្លាក​ទំនិញ​របស់​អាមេរិក​បែ​ប​នេះ គឺ​គ្មាន​កេរ្តិ៍ខ្មាស និង​ជាការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ហុងកុង ដោយ​ឥត​លាក់លៀម​។ បើតាម​មេដឹកនាំ​រូបនេះ ហុងកុង និង​ចិន គឺជា​សមាជិក​ដាច់ដោយឡែក​ពីគ្នា នៅ​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ ហើយ​ហុងកុង​នឹងដាក់​ពាក្យបណ្តឹង​ទៅ​អង្គការ​មួយ​នេះ ជុំវិញ​ការសម្រេចចិត្ត​របស់​អា​មេ​រិ​ក​។ 
 
​ទណ្ឌកម្ម​អាមេរិក មកលើ​មន្ត្រី​មេដឹកនាំ​ហុងកុង មន្ត្រី​សំខាន់ៗ​ហុងកុង និង​ចិន ធ្វើឡើង​ដោយ​សំអាងថា​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​របស់​ប្រជាជន និង​បំផ្លាញ​គោលការណ៍ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​»​។ 
 
​សូមបញ្ជាក់ថា បន្ទាប់ពី​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ចូល​ជា​ធរមាន អាជ្ញាធរ បាន​ចាប់ខ្លួន​មនុស្ស​ជាច្រើន​នាក់ ដោយ​ផ្អែក​ទៅតាម​ច្បាប់​ថ្មី​នេះ​។ ក្នុងចំណោម​បុគ្គល ដែល​ត្រូវ​ចាប់ខ្លួន​នោះ ក៏មាន​ម្ចាស់​កាសែត Apple Daily ដែលជា​កាសែត​ដ៏​ល្បី​មួយ​នៅ​ហុងកុង​ដែរ​។ ប៉ុន្តែ​ក្រោយមក លោក​ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​វិញ​៕ 

Tag:
 អាមេរិក​
  ហុងកុង​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com