COVID-19
អន្តរជាតិ
នូ​វែ​ល​សេ​ឡង់ ច្រានចោល​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​មកពី​ទំនិញ​នាំចូល ឬ​អាហារ​ក្លាសេ​
18, Aug 2020 , 4:59 pm        
រូបភាព
មន្រ្តីសុខាភិបាលនូវែលសេឡង់_យកសំណាកប្រជាជន_ដើម្បីតេស្តរកCOVID_19។
មន្រ្តីសុខាភិបាលនូវែលសេឡង់_យកសំណាកប្រជាជន_ដើម្បីតេស្តរកCOVID_19។
​នូ​វែ​ល​សេ​ឡង់ នៅ​ថ្ងៃទី​១៨ ខែសីហា បាន​ច្រានចោល​លទ្ធភាព​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ពី​ទំនិញ​នាំចូល ឬ​អាហារ​ក្លាសេ​ទៅ​មនុស្ស​។ ការច្រានចោល​នេះ ធ្វើឡើង​បន្ទាប់ពី​នូ​វែ​ល​សេ​ឡង់ សង្ស័យ​លើ ១​ករណី ក្នុងចំណោម​៤​ករណី​នៃ​COVID-19 ដំបូង ដែលជា​អ្នកជំងឺ​ធ្វើការ​នៅ​ឃ្លាំងក្លា​សេ​មួយ​ក្នុង​ទីក្រុង Auckland​។


 
​ផ្អែក​ទៅ​ការ​ស៊ើប​អ​ង្កើ​ត​ជាច្រើនលើក​ជុំវិញ​ករណី​ឆ្លង​COVID-19 នៅក្នុង​ទីក្រុង​Auckland កូ​រ៉ូ​ណាវី​រុស មិនអាច​ឆ្លង​ពី​អាហារ​ក្លាសេ ឬ​ទំនិញ​មកពី​បរទេស ដែល​ផ្ទុក​នៅ​ឃ្លាំង​ក្លាសេ​របស់​ក្រុមហ៊ុន Americold នោះទេ​។ មន្ត្រី​សុខាភិបាល​នូ​វែ​ល​សេ​ឡង់ បាន​អះអាង​បែបនេះ ដោយ​បន្ថែ​មយ៉ាង​ដូច្នេះ​ថា​៖ « វា​គឺ​ហាក់ដូចជា​ច្បាស់​ណាស់ ក្នុង​ពេលនេះ ថា​លទ្ធភាព​នៃ​ការឆ្លង គឺ​ត្រូវបាន​គេ​ច្រានចោល ពី​ការស៊ើបអង្កេត​»​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​មកទល់ពេលនេះ នូ​វែ​ល​សេ​ឡង់ មិនទាន់បាន​រកឃើញ​ប្រភពដើម ដែល​បណ្តាល​ឲ្យ​មាន​ករណី​ឆ្លង​COVID-19 នៅក្នុង​ទីក្រុង​Auckland នៅឡើយ​ទេ ខណៈ​ការស៊ើបអង្កេត​នៅតែ​បន្ត​។ ករណី​ឆ្លង​នេះ ធ្វើឡើង​បន្ទាប់ពី​នូ​វែ​ល​សេ​ឡង់ គ្មាន​ករណី​ឆ្លង​នៅក្នុង​ស្រុក​រយៈពេល ១០២​ថ្ងៃ​។ 
 
​មនុស្ស​យ៉ាងហោចណាស់ ៦៩​នាក់ ត្រូវបាន​រកឃើញថា​មាន​ទាក់ទិន​នឹង​ករណី​ឆ្លង​នៅក្នុង​ទីក្រុង​Auckland​។ នៅ​ថ្ងៃទី​១៨ ខែសីហា ប្រទេសជិតខាង​អូស្ត្រាលី​មួយ​នេះ បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​COVID-19 ចំនួន ១២​ករណី​។ តួលេខ​សរុប​របស់​នូ​វែ​ល​សេ​ឡង់ បាន​កើន​ដល់ ១៦៤៣​ករណី ខណៈ​អ្នក​ស្លាប់មាន​ចំនួន ២២​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​ពី​ជំងឺ​មាន​ចំនួន​សរុប ១៥៣១​នាក់​។ 
 
​នា​ថ្ងៃទី​១៧ ខែសីហា នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់ បានប្រកាស​លើក​ពេល​បោះឆ្នោត​ទៅ​ថ្ងៃទី​១៧ ខែតុលា បន្ទាប់ពី​សភា​របស់​ប្រទេសមួយ​នេះ ត្រូវបាន​លើក​ពេល​រំលាយ​ផងដែរ ដោយសារតែ​បញ្ហា​COVID-19​។ បន្ថែម​ពីលើ​នេះ នូ​វែ​ល​សេ​ឡង់ ក៏បាន​ពន្យារពេល​បិទ​ក្រុង​Auckland ថែមទៀត​៕

Tag:
 នូ​វែ​ល​សេ​ឡង់​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com