ជាតិ
ខេត្តភាគពាយ័ព្យ និងតំបន់ជួរភ្នំដងរែកនឹងមានភ្លៀងខ្លាំងដោយសារឥទ្ធិពលជ្រលងនៃប្រព័ន្ធសម្ពាធទាប ទិដ្ឋភាពពីលើភ្នំដងរែកក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ
× ឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ពីប្រទេសជិតខាងដូចជា ថៃ ឡាវ និងវៀតណាម ធ្វើឲ្យកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នឹងមានភ្លៀងធ្លាក់ខ្លាំង និងខ្សោយតាមតំបន់មួយចំនួន។ នេះតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០។
សេចក្ដីជូនដំណឹងដដែល បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល នឹងមានសីតុណ្ហភាពអប្បបរមា ចន្លោះពី២៥ទៅ២៧អង្សា និងសីតុណ្ហភាពអតិបរមា ចន្លោះពី៣០ទៅ៣២អង្សា ហើយក្នុងនោះបណ្ដាខេត្តនៅភាគកណ្ដាល និងភាគពាយ័ព្យ នឹងមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន និងខ្លាំងផងដែរ។ សម្រាប់ខេត្តដទៃទៀត អាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ។
ចំណែកឯ បណ្ដាខេត្តនៅតាមតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងមានសីតុណ្ហភាពអប្បបរមា ពី២៣ ទៅ២៥អង្សា និងសីតុណ្ហភាពអតិបរមា ចន្លោះពី២៨ ទៅ៣០អង្សា ដែលអាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។ សម្រាប់ បណ្ដាខេត្តមួយចំនួននៅជាប់តំបន់ជួរភ្នំដងរែក អាចនឹងមានភ្លៀងធ្លាក់ខ្លាំង។
រីឯ បណ្ដាខេត្តនៅតំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពអប្បបរមា ពី២៦ ទៅ២៨អង្សា និងសីតុណ្ហភាពអតិបរមា ចន្លោះពី២៨ ទៅ៣០អង្សា ដែលអាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីខ្សោយទៅមធ្យមផងដែរ។
តាមរយៈសេចក្ដីជូនដំណឹងនេះ ក្រសួង អំពាវនាវឲ្យពលរដ្ឋទាំងអស់ ពិសេសអ្នកដែលរស់នៅបណ្ដាខេត្តភាគពាយ័ព្យជាប់ប្រទេសថៃ និងខេត្តជាប់ជួរភ្នំដងរែក ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះ ភ្លៀងធ្លាក់ច្រើនជាប់បន្តពីថ្ងៃទី២២-២៤ សីហាខាងមុខនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com