អន្តរជាតិ
នយោបាយអន្តរជាតិ
លោក ត្រាំ វាយបកលើភរិយាលោក អូបាម៉ា ដែលរិះគន់ការដឹកនាំរបស់លោក
× ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី១៨ ខែសីហា បាននិយាយវាយប្រហារមិនសំចៃមាត់លើអតីតស្រ្តីទីមួយ មីឈែល អូបាម៉ា ភរិយាអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា បន្ទាប់ពីអ្នកស្រីបានរិះគន់ខ្លាំងៗលើលោក ត្រាំ ។ ថ្លែងក្នុងយប់ទីមួយនៃសន្និបាតបក្សប្រជាធិបតេយ្យនៅថ្ងៃទី១៧ ខែសីហា អ្នកស្រី មីឈែល និយាយត្រង់ៗថា លោក ត្រាំ មិនមែនជាប្រជាធិបតេយ្យសមស្របរបស់អាមេរិកឡើយ។ លោក ត្រាំ បានឆ្លើយវិញថា លោកអាចជាន់សេតវិមាន ក៏ព្រោះតែលោក អូបាម៉ា ដែរ។
ក្នុងវីដេអូដែលបង្ហោះនៅយប់ថ្ងៃទី១៧ ខែសីហា (ម៉ោងអាមេរិក) អ្នកស្រី មីឈែល អូបាម៉ា បានរិះគន់មិនដោយលាក់លៀមលើប្រធានាធិបតី ដូណាល់ ត្រាំ មកពីបក្សសាធារណរដ្ឋ។ អ្នកស្រី បានហៅលោក ត្រាំ ជាប្រធានាធិបតីដែលខ្វះសមត្ថភាព ចរិតលក្ខណៈ និងសុភាវធម៌សម្រាប់ការកាន់តំណែងនេះ។ អ្នកស្រី ថែមទាំងនិយាយថា៖ «លោក ត្រាំ ជាប្រធានាធិបតីមិនប្រពៃសម្រាប់អាមេរិក។ លោកមានពេលវេលាដើម្បីបង្ហាញសមត្ថភាព តែបែរជាធ្វើរឿងហួសទៅវិញ។»
នេះជារឿងកម្រមួយដែលអតីតស្ត្រីទីមួយ និយាយវាយប្រហារប្រធានាធិបតីអាមេរិកបច្ចុប្បន្នបែបនេះ។
មិនទុកយូរឡើយ លោក ត្រាំ ក៏បានប្រតិកម្មតបទៅអ្នកស្រី មីឈែល វិញ។ ប្រាប់អ្នកសារព័ត៌មាននៅសេតវិមាននៅថ្ងៃទី១៨ ខែសីហា លោក ត្រាំ ចាត់ទុកសុន្ទកថារបស់ភរិយាលោក បារ៉ាក់ អូបាម៉ា ជាសម្ដីនាំឲ្យការបែងចែកខ្លាំងមែនទែន។ លោក ត្រាំ ក៏ថែមទាំងចំអកវិញទៀតថា បើគ្មានលោក អូបាម៉ា ធ្វើប្រធានាធិបតីទេ ក៏គ្មានវត្តមានលោកនៅសេតវិមានដែរ។ កន្លងទៅ លោក ត្រាំ ក៏ធ្លាប់រិះគន់លោក អូបាម៉ា ជាមនុស្សគ្មានសមត្ថភាពផងដែរ។
ការរិះគន់លើលោក ត្រាំ ធ្វើឡើង ស្របពេលដែលបក្សប្រជាធិបតេយ្យ កំពុងរៀបចំសន្និបាតបក្សរបស់ខ្លួន មុនការបោះឆ្នោតខែវិច្ឆិកា។ អ្នកស្រី មីឈែល គឺជាបុគ្គលសំខាន់ម្នាក់ក្នុងចំណោមអ្នកនយោបាយបក្សនេះដែលត្រូវថ្លែងអំឡុងសន្និបាត ដែលធ្វើឡើងតាមអនឡាញព្រោះតែជំងឺ COVID-19 មិនទាន់ស្រាកស្រាន្ត។ អតីតប្រធានាធិបតី អូបាម៉ា ជីមី កាទ័រ និងលោក ប៊ីល គ្លីនតុន ក៏មានឈ្មោះថ្លែងសុន្ទរកថាដែរ។ នៅយប់ថ្ងៃទី១៨ ខែសីហា លោក ចូ បៃឌិន ត្រូវបានស្នើធ្វើជាបេក្ខភាពជាផ្លូវការ។
លោក បៃឌិន នឹងប្រកាសទទួលយកការតែងតាំងនេះនៅថ្ងៃទី២០ ខែសីហា ដែលជាថ្ងៃចុងក្រោយនៃសន្និបាតបក្ស ហើយក៏ថ្លែងសុន្ទរកថាគន្លឹះផងដែរ។ លោក បៃឌិន វ័យ៧៧ឆ្នាំ ត្រូវតទល់ជាមួយលោក ត្រាំ ដែលជាបេក្ខជនតំណាងបក្សសាធារណរដ្ឋនៅថ្ងៃទី៣ ខែវិច្ឆិកា៕ Tag:
អាមេរិក
ដូណាល់ ត្រាំ
មីឈែល អូបាម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com