អន្តរជាតិ
លោកស្រី អ៊ុងសាន ស៊ូជី មុន និងក្រោយ ឡើងកាន់អំណាច
19, Aug 2020 , 1:32 pm        
រូបភាព
ដោយ:
លោកស្រី អ៊ុងសាន ស៊ូជី គឺជាឥស្សរជនមួយរូបរបស់មីយ៉ាន់ម៉ា ដែលមានការលេចធ្លោគិតចាប់ពីក្របខណ្ឌជាតិ ក្នុងតំបន់ និងឆាកអន្តរជាតិ។ កិត្តិនាមរបស់ឥស្សរជនរូបនេះ ត្រូវបានមើលឃើញថា មានការផ្លាស់ប្តូរស្ទើរតែទាំងស្រុង បើប្រៀបធៀបមុនពេលលោកស្រី មានអំណាចនឹងដៃ និងពេលកំពុងមានអំណាចនឹងដៃ។ កិត្តិនាមរបស់លោកស្រី ហាក់ដូចជាផ្លាស់ប្តូរ ប្រៀបដូច ប៉ារ៉ាបូល (ឡើងដល់កំពូលហើយធ្លាក់ចុះស្ទើរដល់បាត) ដូច្នេះឯង។

 
បើគិតថយក្រោយពីឆ្នាំ២០១៦ លោកស្រី អ៊ុងសាន ស៊ូជី ប្រមុខបក្សកាន់អំណាចសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ត្រូវបានគេស្គាល់ថា ជាវីរៈជនដ៏ឆ្នើមរបស់មីយ៉ាន់ម៉ា និងពិភពលោក ដោយសារតែការតស៊ូមតិក្នុងវិស័យសិទ្ធិមនុស្ស និងការរំដោះមីយ៉ាន់ម៉ាចេញពីកណ្តាប់ដៃយោធាផ្តាច់ការ។ ការលះបង់ទាំងសេចក្តីសុខជាមួយក្រុមគ្រួសារ រួមទាំងហ៊ានប្រឈមនឹងទោសពន្ធនាគារជាច្រើនលើក ក្នុងបុព្វហេតុជាតិរបស់លោកស្រី ធ្វើឲ្យពិភពលោក ទទួលស្គាល់នូវគុណតម្លៃរបស់លោកស្រីយ៉ាងខ្លាំង។
 
អតីតសកម្មជនសិទ្ធិមនុស្សដ៏អង់អាចរូបនេះ ត្រូវបានផ្តល់នូវពានរង្វាន់កិត្តិយសជាច្រើនពីបណ្តាស្ថាប័នអន្តរជាតិ រួមមាន ពានរង្វាន់ណូបែលសន្តិភាព ពីគណៈកម្មាធិការពាន់រង្វាន់ណូបែល, ពានរង្វាន់សេរីភាព របស់ចក្រភពអង់គ្លេស និងការផ្តល់គោរពងារជា ទូតសុឆន្ទៈរបស់អង្គការ Amnesty International ជាដើម។ នេះ នៅមិនទាន់រាប់បញ្ចូលពីការបោះពុម្ភផ្សាយជាសៀវភៅ និងទស្សនាវដ្តីអន្តរជាតិអំពីភាពជាគំរូ និងវីរៈភាពរបស់លោកស្រី ផង។ 
 
យ៉ាងណាក៏ដោយ គ្រប់យ៉ាង បានចាប់ផ្តើមផ្លាស់ប្តូរ ក្រោយពេល ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរូបនេះ ចូលកាន់អំណាចរដ្ឋាភិបាលនៅឆ្នាំ២០១៦ ដែលជាលើកដំបូង លោកស្រី និងបក្សពួកលោកស្រី មានឱកាសដឹកនាំប្រទេស និងជាលើកដំបូងមីយ៉ាន់ម៉ា ស្ថិតក្រោមក្បាលម៉ាស៊ីនរដ្ឋាភិបាលស៊ីវិល ក្រោយពីទទួលរងឥទ្ធិពលរបស់យោធាអស់ច្រើនទសវត្សរ៍មកហើយនោះ។
 
ជាអ្នកដឹកនាំ និងកាច់ចង្កូចក្បាលម៉ាស៊ីនរដ្ឋាភិបាលមីយ៉ាន់ម៉ា ( de facto leader) លោកស្រី អ៊ុងសាន ស៊ូជី បានព្យាយាមអនុវត្តតាមការសន្យារបស់លោកស្រី នៅមុនពេលកាន់អំណាច ក្នុងការ បង្រួបបង្រួមប្រទេស ដែលមានជាតិសាសន៍ចម្រុះគ្នាជាច្រើន និងកែប្រែមីយ៉ាន់ម៉ាឲ្យក្លាយជាប្រទេសប្រជាធិបតេយ្យពិតប្រាកដ តាមរយៈការលើកកម្ពស់សិទ្ធិមនុស្ស និងការកែប្រែរដ្ឋធម្មនុញ្ញធ្វើដោយយោធាជាដើម។
 
ក៏ប៉ុន្តែស្ទើរតែមួយអាណត្តិដឹកនាំរបស់លោកស្រី ទៅហើយ ផែនការនេះ នៅតែមិនមានពន្លឺសោះ។ ពោលគឺ ការបង្រួបបង្រួមជាតិ និងទាំងការកែប្រែរដ្ឋធម្មនុញ្ញ សុទ្ធតែបរាជ័យ។ ការប៉ះទង្គិចគ្នាប្រដាប់អាវុធនៅក្នុងប្រទេសនៅតែកើតមានឡើងម្តងម្កាល ខណៈការចរចាសន្តិភាព មិនទាន់មានភាគីពាក់ព័ន្ធចូលរួមទាំងអស់។ រីឯគម្រោងកែរដ្ឋធម្មនុញ្ញ ក៏ត្រូវរាំងស្ទះ ដោយសារតែមិនមានការឯកភាព និងគាំទ្រពីបណ្តាបក្សនយោបាយផ្សេងទៀត រួមទាំងក្រុមសភាយោធាទៀតផង។ 
 
ក្នុងអាណត្តិដឹកនាំនេះ មាតាប្រជាធិបតេយ្យមីយ៉ាន់ម៉ារូបនេះ បានទទួលរងនូវការបន្ទោស ចំអក និងថ្កោលទោសពីសហគមន៍អន្តរជាតិ ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ពាក់ព័ន្ធនឹងកម្សោយក្នុងការដឹកនាំប្រទេស ជាពិសេសលើការដោះស្រាយវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់សិបម៉ឺននាក់។ ដោយសារវិបត្តិ ដែលមានសាវតារយូរណាស់មកនោះ លោកស្រី ត្រូវបានកែប្រែឈ្មោះក្នុងឆាកអន្តរជាតិ ពីអ្នកសង្គ្រោះប្រជាធិបតេយ្យ ទៅជាអ្នកជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តការធ្វើទុក្ខបុកម្នេញជនទន់ខ្សោយទៅវិញ។
 
ក៏ដោយសារតែបញ្ហាដដែលនេះ លោកស្រី ស៊ូជី ត្រូវបានសាកលវិទ្យាល័យរបស់ចក្រភពអង់គ្លេស ដកគោរមនារជាម្ចាស់រង្វាន់សេរីភាព ហើយក្រោយមកទៀត អង្គការ Amnesty International ក៏បញ្ចប់សុពលភាព តួនាទីជា ទូតសុឆន្ទៈពីលោកស្រី ជាបន្តបន្ទាប់ផងដែរ។ នេះ នៅមិនទាន់រាប់បញ្ចូលការប្តឹងរដ្ឋាភិបាលលោកស្រី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិរបស់អង្គការសហប្រជាជាតិ និងតុលាការព្រហ្មទណ្ឌអន្តរជាតិ ពាក់ព័ន្ធនឹងវិបត្តិរ៉ូហ៊ីងយ៉ាផង៕ 
 

Tag:
 មីយ៉ាន់ម៉ា
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com