ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រដូវវស្សា ស្មៅនៅមុខអង្គរតូច ផ្តល់ប្រយោជន៍សម្រាប់ពលរដ្ឋ ដែលរស់នៅក្បែរនោះ
19, Aug 2020 , 2:29 pm        
រូបភាព
សៀមរាប៖ នារដូវវស្សា បរិវេណប្រាសាទអង្គរវត្ត មានស្មៅដុះខៀវខ្ចី ដែលអនុគ្រោះដល់កសិករចិញ្ចឹមសត្វគោ អាចទៅច្រូតស្មៅនៅទីនេះ ដោយមិនចាំបាច់ធ្វើដំណើរទៅឆ្ងាយ។ ទោះជាយ៉ាងណា អ្នកច្រូតស្មៅមានការព្រួយបារម្ភ ខ្លាចថាខ្លួននឹងមិនអាចច្រូតស្មៅនៅមុខប្រាសាទបានទៀត ក្រោយពីអាជ្ញាធរជាតិអប្សរា រៀបចំប្រព័ន្ធទឹកស្រោចស្រពស្មៅរួចរាល់។ ឆ្លើយតបនឹងកង្វល់នេះ ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា លោក ភឿន សុឃីម ថាថ្នាក់ដឹកនាំមិនទាន់សម្រេចថាយ៉ាងណានៅឡើយទេ។ ប៉ុន្តែប្រសិនមានការហាម មិនឱ្យចូលច្រូតដើម្បីរក្សាសោភណភាពមែន ក៏កសិករនៅតែអាចប្រមូលស្មៅ ដែលគេច្រូតដោយម៉ាស៊ីននោះ យកទៅឱ្យសត្វស៊ីដោយមិនគិតថ្លៃដែរ។

 
ដើម្បីជ្រាបច្បាស់ តទៅនេះសូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដោយមេត្រីភាព៖



 
ប្រាសាទអង្គរវត្ត ជាទីស្ថានដ៏ពិសិដ្ឋ ញាំងចិត្តបណ្ដាជនប្រុសស្រីមកពីគ្រប់ទិសទី ឱ្យស្ងើចសរសើរដល់ទឹកដៃដ៏មហស្ចារ្យ របស់បុព្វបុរសខ្មែរ។ រុក្ខជាតិពណ៌ខៀវស្រងាត់ទាំងតូចធំ ហ៊ុមព័ទ្ធជុំវិញប្រាង្គ បានជួយលើកសម្រស់បន្ថែម ដល់ប្រាសាទដែលលម្អដោយក្បូរក្បាច់រចនាដ៏វិចិត្រនេះ។
 
នារដូវវស្សា ស្មៅនៅមុខប្រាសាទអង្គរវត្ត ដុះឡើងពណ៌ខៀវខ្លី ដោយប៉ែកទំនាបដុះច្រើន មានវែងមានខ្ចី លាយចម្រុះដោយផ្កាព្រៃដ៏ស្រស់ស្អាតផង ប៉ុន្តែផ្នែកខ្លះទៀតក៏មិនមានដុះដែរ។ នាម៉ោងជាង៨ព្រឹក វេលាភ្ញៀវទេសចរណ៍ ភាគច្រើនជាជនជាតិខ្មែរ ស្លៀកសម្លៀកបំពាក់ស្អាតៗ កំពុងទស្សនាប្រាសាទ មនុស្សប្រមាណជា១០នាក់ កំពុងអង្គុយច្រូតស្មៅយ៉ាងញាប់ដៃ។ រាយគ្នាតាមគោលដៅដែលមានស្មៅច្រើន អ្នកខ្លះច្រូតបានគ្រប់ល្មមត្រឡប់ទៅផ្ទះវិញហើយ ប៉ុន្តែអ្នកខ្លះទៀតទើបតែច្រូតបានពាក់កណ្ដាលនៃចំនួនកំណត់តែប៉ុណ្ណោះ។


កសិករកំពុង​ឱន​ពន្លះ​ស្មៅ​នៅ​ខាង​មុខ​ប្រាសាទ​អង្គរ​តូច
 
ពាក់អាវពណ៌ក្រហមឆ្នូតស លាយលឿងនិងខ្មៅ ដៃវែង ស្លៀកខោប៉ារ៉ាជើងវែង ពាក់មួកពណ៌ស លោក ស៊ុយ យើង អាយុ៥៨ឆ្នាំ ច្រូតស្មៅបានជិតគ្រប់ចំនួនសម្រាប់ឱ្យគោ៤ក្បាលស៊ីហើយ នៅម៉ោងជិត៩ព្រឹកនោះ។ រស់នៅភូមិក្រវ៉ាន់ ឃុំអង្គរធំ ស្រុកសៀមរាប ខេត្តសៀមរាប បុរសកូន៦នាក់ ស្រី៤ប្រុស២រូបនេះ មានផ្ទះ នៅជិតប្រាសាទក្រវ៉ាន់ ដែលមានចម្ងាយប្រមាណជា៣គីឡូម៉ែត្រ ពីប្រាសាទអង្គរវត្ត។ ដឹកស្មៅដោយម៉ូតូរ៉ឺម៉ក បុរសដែលមានអាវជោគដោយញើស ស៊ុយ យើង ត្រូវចូលមកក្នុងបរិវេណប្រាសាទអង្គរតូច២ថ្ងៃម្ដង ដើម្បីច្រូតស្មៅឱ្យគោស៊ី។ 
 
បុរសសម្បុរស្រអែមរូបនេះ ឆ្លើយបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ ស្របពេលញើសហូរកាត់ផ្ទៃមុខដែលជ្រួញដោយអន្លើនោះ៖«អ្នកខ្លះគេមក ហើយអ្នកខ្លះក៏គេមិនមកច្រូតនៅទីនេះទេ។ សព្វថ្ងៃនេះខ្ញុំមិនសូវជាចិញ្ចឹមគោច្រើនទេ។ ខ្ញុំមកច្រូតនៅទីនេះ ព្រោះនៅខាងក្រៅមិនសូវមានស្មៅ។ នៅទីនេះមិនមានអ្នកណាគេស្ដីឱ្យទេ។ បើច្រូតឆាប់បាន ជួនកាលម៉ោង១០ខ្ញុំទៅវិញហើយ។ បើសិនជាមកចំពេលដែលគេកាត់ម៉ាស៊ី ខ្ញុំប្រមូលលឿនជាង។ ខ្ញុំចង់ប្រមូលជាងច្រូត»។


លោក ស៊ុយ យើង កំពុង​អង្គុយពន្លះ​ស្មៅ​ នៅ​ខាង​មុខ​ប្រាសាទ​អង្គរ​តូច
 
ចំណែកលោក អាន អឿយ អាយុ៥២ឆ្នាំក៏បានមកច្រូតស្មៅនៅមុខអង្គរតូចដែរ។ ដៃខំញាត់បំពេញស្មៅក្នុងទៃ ក្រោមកំដៅថ្ងៃក្ដៅហែង ដោយមិនមានមួកការពារក្បាល លោក អឿយ ដែលរស់នៅក្នុងភូមិរហាល ឃុំនគរធំ ស្រុកសៀមរាប ខេត្តសៀមរាប ត្រូវច្រូតស្មៅឱ្យគោ២ក្បាលស៊ីរាល់ថ្ងៃ។ 
 
និយាយបណ្ដើរ ហើយភ្នែកមើលទៅភ្ញៀវ ដែលកំពុងឈរថតនៅជិតប្រាសាទតូចក្បែរនោះ លោក អឿយ ពន្យល់បន្ថែម៖«ខ្ញុំទើបតែមកច្រូតនៅទីនេះ នៅថ្ងៃនេះ។ ធម្មតាខ្ញុំទៅច្រូតតែនៅខេត្ត។ ខ្ញុំធ្លាប់មកច្រូតនៅទីនេះរាល់ឆ្នាំដែរ។ ឆ្នាំមុនក្នុងរដូវវស្សាខ្ញុំបានមកច្រូតប្រហែល៥ដង នៅពេលដែលគេច្រូតស្មៅនេះអស់ ខ្ញុំក៏ឈប់មកដែរ។ អ្នកគ្រប់គ្រងនៅទីនេះគេមិនតឹងតែងទេ គ្រាន់តែយើងមកច្រូតស្មៅបែបនេះនោះ»។


លោក អាន អឿយ កំពុង​ឈរញាត់​ស្មៅ​ដែល​ច្រូត​បាន​​ចូល​ក្នុង​ទៃ ដោយ​ភ្នែក​សម្លឹង​មើល​ទៅ​កំពូល​ប្រាសាទ​ដែល​នៅ​ក្បែរ​នោះ
 
បុរសកូន៦នាក់ ដែលមានមុខរបរស្នូល ធ្វើរទេះគោនិងឧបករណ៍ភ្លេងខ្មែរតូចៗ ជាវត្ថុអនុស្សាវរីយ៍ សម្រាប់លក់រូបនេះ និយាយទាំងសើចសប្បាយរីករាយផង ថាគាត់ចូលចិត្តមកច្រូតស្មៅនៅមុខប្រាសាទអង្គរ ព្រោះបានឃើញប្រាសាទផង និងបានឃើញភ្ញៀវទេសចរណ៍ស្អាតៗផង៖«នៅទីនេះស្រួលច្រូតជាងនៅតាមព្រៃ ហើយខ្ញុំបានមើលភ្ញៀវដែលមកដើរកម្សាន្ត បានសប្បាយផង។ ច្រូតនៅខាងក្រៅមានស្មៅច្រើនដែរ ប៉ុន្តែនៅឆ្ងាយ ទៅប្រហែល១០គីឡូម៉ែត្រណា បើនៅជិតៗនេះគេធ្វើស្រែអស់ហើយ»។
 
ចំនែកលោក ប៉ូយ ឈន វិញ កំពុងអង្គុយពន្លះស្មៅ ដែលដុះលាយជាមួយផ្កាត្រចៀកទន្សាយពណ៌សយ៉ាងស្រស់ស្អាត នៅទិសខាងត្បូងផ្លូវធំមុខប្រាសាទ។ ពាក់អាវពណ៌ឈាមជ្រូកដៃខ្លី ហើយពាក់មួកពណ៌ដូចទៅនឹងអាវដែរនោះ បុរសវ័យ៤២ឆ្នាំ រស់នៅក្នុងភូមិក្រវ៉ាន់ ឃុំនគរធំ ដែលមានចម្ងាយប្រមាណ៤គីឡូម៉ែត្រ ពីប្រាសាទអង្គរតូចរូបនេះ មកច្រូតស្មៅនៅទីនេះតាំងពីប្រមាណជាង២០ឆ្នាំមុន។


លោក ប៉ូយ ឈន កំពុង​អង្គុយពន្លះ​ស្មៅ​នៅ​ខាង​មុខ​ប្រាសាទ​អង្គរ​តូច
 
មានកូន៤នាក់ លោក ឈន ក៏មានគោ៤ក្បាលដែរ ដោយលោកត្រូវមកច្រូតស្មៅរៀងរាល់ថ្ងៃ។ និយាយបណ្ដើរ ហើយដៃចេះតែពន្លះស្មៅបណ្ដើរ លោក ប៉ូយ ឈន បញ្ចាក់បន្ថែម៖«ខ្ញុំមកច្រូតស្មៅនៅទីនេះប្រហែលជា២០ឆ្នាំមកហើយ។ ពេលដែលច្រូតបែបនេះស្រឡះគ្រាន់បើដែរ។ បើគេកាត់ម៉ាស៊ីន មិនងាយអស់ទេ ទម្រាំកាត់អស់ អាកាត់មុនៗវាដុះមកទៀតហើយ។ ពេលដែលប្រមូលស្មៅដែលគេកាត់រួច បើសិនជាយើងមានសណ្ដានចិត្ត យើងឱ្យប្រាក់គេខ្លះ ប៉ុន្តែគេមិនទាមទារទេ»។
 
ច្រូតស្មៅនៅក្នុងបរិវេណប្រាសាទ ប៉ែកខាងជើងផ្លូវចូលមុខប្រាសាទ គឺនៅជិតវត្តខាងជើង អ្នកស្រី ញៀន ឈឿន នៅច្រូតតែម្នាក់ឯង ដាច់ឆ្ងាយពីគេ។ មានអាយុ ៤៥ឆ្នាំ និងមានកូន៣នាក់ ស្ត្រីដែលរស់នៅក្នុងភូមិគោកត្នោត ឃុំគោកចក ខេត្តសៀមរាប រូបនេះ ត្រូវមកដល់កន្លែងច្រូតយ៉ាងហោចណាស់នៅម៉ោង៧ព្រឹក ដើម្បីច្រូតឆាប់បាន និងមិនសូវក្ដៅ។ 
 
មកច្រូតស្មៅនៅមុខប្រាសាទអង្គរតូច តាំងតែពីអាយុប្រមាណ១៥ឆ្នាំ ស្ត្រីដែលមានមុខរបរក្រងរពាក់ ធ្វើជាលលក់រូបនេះ ព្រួយបារម្ភខ្លាចថ្ងៃក្រោយទៅ នឹងមិនអាចមកច្រូតស្មៅនៅទីនេះទៀត៖«ក្រៅពីក្នុងអង្គរតូចនេះ នៅអង្គរធំក៏មានកន្លែងច្រូតស្មៅដែរ តែបើនៅទីនោះគេរៀបចំបណ្ដាញទឹក ហើយគេមិនឱ្យចូលច្រូត ខ្ញុំទៅច្រូតនៅតាមវាលស្រែ ឬនៅឯភ្នំ។ បើច្រូតនៅខាងក្រៅ ខ្ញុំត្រូវទៅឆ្ងាយ អស់សាំងម៉ូតូប្រហែល១លីត្រកន្លះ ព្រោះខ្ញុំត្រូវទៅច្រូតដល់បន្ទាយស្រី»។


អ្នកស្រី ញៀន ឈឿន កសិករ​ដែល​មក​ច្រូត​ស្មៅ​នៅ​មុខ​ប្រាសាទ​អង្គរ​តូច
 
មានមុខរបរលក់នំចំណី ផ្លែឈើ និងភេសជ្ជៈ នៅក្នុងបរិវេណប្រាសាទអង្គរតូច បុរសសម្បុរសណ្ដែកបាយ ប៉ូយ ឈន នឹងពិបាកចិត្ត ប្រសិនបើគេឈប់ឱ្យច្រូតស្មៅក្នុងបរិវេណប្រាសាទ ក្រោយពីរៀបចំប្រព័ន្ធស្រោចស្រពស្មៅរួចរាល់។ ពិបាកចិត្ត ព្រោះលោកត្រូវធ្វើដំណើរយ៉ាងតិច២០គីឡូម៉ែត្រពីផ្ទះ ដើម្បីស្វែងរកស្មៅឱ្យគោស៊ី៖«ខ្ញុំមិនទាន់ដឹងទេថានៅពេលគេរៀបប្រព័ន្ធបណ្ដាញទឹក គេនឹងមិនឱ្យចូលច្រូត។ តែប្រសិនបើគេមិនឱ្យចូលច្រូតមែន ខ្ញុំពិបាកចិត្ត។ ខ្ញុំសុំឱ្យគេនៅតែអនុញ្ញាតឱ្យពលរដ្ឋចូលច្រូតតាមធម្មតា ព្រោះមិនមានប៉ះពាល់អ្វីទេ គ្រាន់តែច្រូតស្មៅ»។


កសិករច្រូត​ស្មៅ​នៅក្នុង​បរិវេណ​ប្រាសាទអង្គរតូច​ផ្នែក​ខាង​មុខ
 
ឆ្លើយតបនឹងកង្វល់របស់កសិករច្រូតស្មៅ ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា លោក ភឿន សុឃីម ថាលោកនៅមិនទាន់ដឹងថា ថ្នាក់ដឹកនាំនឹងសម្រេចយ៉ាងណានៅឡើយទេ ចំពោះការច្រូតស្មៅ៖«ឥឡូវនេះគាត់អាចច្រូតស្មៅនៅជុំវិញប្រាសាទ មិនមានជាបញ្ហាអ្វីប៉ុន្មានទេ។ ដោយសារតែយើងមិនទាន់ដឹងពីគោលការណ៍ថ្នាក់ដឹកនាំគាត់ធ្វើយ៉ាងណាទេ។ ជាទូទៅយើងរៀបចំកន្លែងនេះឱ្យវាស្អាត ឱ្យមានសោភ័នភាព។ ក្នុងករណីនេះខ្ញុំមិនទាន់ហ៊ានសម្រេចថាយ៉ាងម៉េចដែរ ប៉ុន្តែតាមគោលការថ្នាក់ដឹកនាំ បើយើងរៀបចំប្រព័ន្ធនេះស្អាតហើយ យើងដាំស្មៅឡើងវិញហើយ ដូច្នេះក្នុងករណីដែលវាស្អាតហើយ មើលទៅប្រហែលជាមិនអនុញ្ញាតឱ្យគាត់ចូលច្រូតទៀតទេ ព្រោះច្រូត ស្មៅដុះមិនស្មើគ្នាទេ»។
 
ទោះជាយ៉ាងណា ប្រសិនបើមានការហាមប្រាមមិនឱ្យចូលច្រូតដោយផ្ទាល់ក្ដី ក៏អ្នកចិញ្ចឹមគោ អាចទៅសុំស្មៅដែលច្រូតស្រាប់ដោយម៉ាស៊ីន យកទៅឱ្យគោស៊ីដោយមិនគិតថ្លៃដែរ។ លោក សុឃីម បញ្ជាក់បន្ថែម៖«បើតាមសំណូមពរខ្ញុំ ខ្ញុំចង់ឱ្យគាត់ទៅច្រូតនៅផ្នែកខាងក្រៅ គឺនៅជុំវិញកសិណក៏មានស្មៅដែរ។ ប៉ុន្តែទៅអនាគតថ្នាក់ដឹកនាំគាត់ត្រូវរៀបចំទាំងអស់ គឺគោលដៅនៅប្រាសាទអង្គរទាំងក្នុងទាំងក្រៅ ឱ្យជាតំបន់បៃតង ទាំងនៅរដូវប្រាំងនិងរដូវវស្សា ទាំងដើមឈើនិងស្មៅ។ ស្មៅដែលកាត់ដោយម៉ាស៊ីន ពួកគាត់អាចប្រមូលយកបាន ហើយពួកយើងមិនលក់ដូរអ្វីទេ គ្រាន់តែគាត់មកសុំអ្នកកាត់នោះ គេឱ្យហើយ»។


លោក ភឿន សុឃីម ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា(រូប​ផ្ដល់​ឱ្យ
 
សម្រាប់ការរៀបចំរចនាសម្ព័ន្ធ កែលម្អស្មៅនៅមុខប្រាសាទ ត្រូវបានប្រធាននាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា លោក ភឿន សុឃីម ពន្យល់ដូច្នេះ៖«ដ្បិតតែយើងរៀបចំប្រព័ន្ធទឹក ប៉ុន្តែសណ្ឋានដីយើងមិនទៅកែប្រែទេ វាជារចនាសម្ព័ន្ធរបស់ប្រាសាទ។ យើងគ្រាន់តែប៉ះប៉ូវកន្លែងណាដែលមិនមានស្មៅ ប៉ុន្តែយើងមិនឈូសឆាយឱ្យដីហ្នឹងស្មើទេ គឺទុកទៅតាមធម្មជាតិវាដដែល។ តាមការណែនាំរបស់ថ្នាក់ដឹកនាំ យើងចង់យកស្មៅដែលដុះនៅក្នុងហ្នឹងស្រាប់ មកដាំដដែល ដោយមិនយកស្មៅពីខាងក្រៅទេ ដើម្បីឱ្យវាដុះមកដូចគ្នា»៕
 

Tag:
 អង្គរ
 ស្មៅ
 គោ
 ចិញ្ចឹម
 អង្គរតូច
  រដូវវស្សា
© រក្សាសិទ្ធិដោយ thmeythmey.com