COVID-19
អន្តរជាតិ
កូរ៉េខាងត្បូង មានអ្នកឆ្លង COVID-19 ប្រចាំថ្ងៃ២៩៧នាក់ ដែលជាតួលេខខ្ពស់បំផុតក្នុងពេល៥ខែ បុគ្គលិកសុខាភិបាលកំពុងយកសំណាកពីមន្រ្តីប៉ូលិសក្នុងទីក្រុងសេអ៊ូល។ រូបភាព AFP
× កូរ៉េខាងត្បូង នៅថ្ងៃទី១៩ ខែសីហា បានរាយការណ៍ពីករណីឆ្លង COVID-19 ប្រចាំថ្ងៃចំនួន២៩៧នាក់ទៀត ដែលជាតួលេខខ្ពស់បំផុតក្នុងរយៈពេល៥ខែចុងក្រោយ។ ភាគច្រើននៃករណីឆ្លងថ្មី ត្រូវបានរាយការណ៍នៅរដ្ឋធានីសេអ៊ូល ហើយមានទំនាក់ទំនងជាមួយករណីឆ្លងក្នុងចំណោមសមាជិកវិហារសាសនាគ្រិស្តមួយផងដែរ។ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលកូរ៉េខាងត្បូង ព្រមានថា ករណីឆ្លងថ្មី នឹងនាំឲ្យមានការឆ្លងទូទាំងប្រទេស។
បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ ករណីឆ្លងជំងឺ COVID-19 បានហក់ឡើងជាថ្មីនៅកូរ៉េខាងត្បូង។ នៅចុងខែកក្កដា ករណីឆ្លងមានប្រមាណ១០០នាក់ក្នុងមួយថ្ងៃៗ ហើយភាគច្រើនជាជនជាតិកូរ៉េខាងត្បូងដែលត្រឡប់ពីបរទេសវិញ។ ប៉ុន្តែចាប់ពីថ្ងៃទី១៤ ខែសីហា ករណីឆ្លងប្រចាំថ្ងៃបានកើនឡើងយ៉ាងឆាប់រហ័ស ហើយជាករណីឆ្លងក្នុស្រុកទៀតផង។ ករណីឆ្លងបានហក់ឡើងបន្តិចម្ដងៗជាមួយតួលេខបីខ្ទង់ជាប់រហូត។
នៅថ្ងៃទី១៦ ខែសីហា ករណីឆ្លងប្រចាំថ្ងៃ មាន២៧៩នាក់ ដែលជាលើកដំបូងកូរ៉េខាងត្បូងមានករណីឆ្លងថ្មីលើស២០០នាក់។ នៅថ្ងៃទី១៩ ខែសីហា ករណីឆ្លងក៏ឡើងដល់២៩៧នាក់ ដែលជាចំនួនច្រើនបំផុតគិតតាំងពីថ្ងៃទី៨ ខែសីហាមក ដែលកាលនោះមានចំនួន៣៦៧នាក់។ ក្នុងចំណោមករណីឆ្លងថ្មីនេះ មាន២៨៣ ជាករណីឆ្លងក្នុងស្រុក ដែលធ្វើចំនួនអ្នកឆ្លង COVID-19 នៅកូរ៉េខាងត្បូងមាន១៦០៥៨នាក់។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap ។
ការកើនករណីឆ្លងក្នុងសហគមន៍បែបនេះ ធ្វើឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូងបារម្ភខ្លាំង ខណៈករណីឆ្លងភាគច្រើនដែលកើតលើសមាជិកវិហារសាសនាគ្រិស្តមួយឈ្មោះ Sarang Jeil កើតនៅក្នុងរដ្ឋធានីសេអ៊ូដែលមានប្រជាជន២៥លាននាក់។ គិតត្រឹមថ្ងៃទី១៩ ខែសីហា ករណីឆ្លងដែលទាក់ទងវិហារមួយនេះ៥៦៨នាក់ហើយ, ១៣០នាក់ រង់ចាំលទ្ធផល ហើយ៤០០នាក់ មិនទាន់ដឹងអាសយដ្ឋាន។ ទីក្រុងខ្លះទៀត ដែលមានករណីឆ្លង ក៏មានជាប់ទាក់ទងវិហារនេះដែរ។
អនុរដ្ឋមន្រ្តីសុខាភិបាលកូរ៉េខាងត្បូង Kim Ganglip និយាយថា កូរ៉េខាងត្បូងប្រឈមមុខចំណុចរបត់ដ៏សំខាន់ ព្រោះករណីឆ្លងថ្មីនៅសេអ៊ូល និងតំបន់ជុំវិញ អាចនាំដល់ការឆ្លងទូទាំងប្រទេស។ ដើម្បីទប់ស្កាត់ការរាលដាល អាជ្ញាធរបានបង្កើនកម្រិតអាសន្នដល់កម្រិតពីរនៅសេអ៊ូល និងខេត្ត Gyeonggi ចាប់ពីចុងសប្ដាហ៍ខាងមុខ ខណៈទីក្រុង Incheon ដែលនៅភាគលិចរដ្ឋធានី ត្រូវបានប្រកាសឲ្យអនុវត្តចាប់ពីថ្ងៃទី១៩ ខែសីហាតែម្ដង។
នៅសេអ៊ូល ការជួបជុំទាំងឡាយដែលធ្វើនៅក្រៅអាគារ ត្រូវបានកំណត់ចំនួនអ្នកចូលរួមត្រឹម១០០នាក់ ហើយកម្មវិធីខាងក្នុងអាគារកំណត់ត្រឹម៥០នាក់។ សកម្មភាពកីឡា អាចបន្តធ្វើបាន តែគ្មានអ្នកគាំទ្រ។ ទីតាំងដែលត្រូវបានកំណត់ថា មានហានិភ័យដូចជាបន្ទប់ការ៉ាអូខេ ក្លិបកំសាន្ត ហាងកាហ្វេអ៊ីនធឺណិត និងអាហារដ្ឋានប៊ូហ្វេជាដើម ត្រូវបានបញ្ជាឲ្យបិទអស់ហើយ។ ការរឹតត្បិតក៏ត្រូវបានអនុវត្តលើវិហារសាសនាផងដែរ៕
Tag:
កូរ៉េខាងត្បូង
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com