អ្នកស្រី មាស ស៊ីថា បារម្ភខ្លាចថ្ងៃអនាគត អស់ផ្លែឈើព្រៃលក់
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកស្រី មាស ស៊ីថា បារម្ភខ្លាចថ្ងៃអនាគត អស់ផ្លែឈើព្រៃលក់
19, Aug 2020 , 7:29 pm        
រូបភាព
សៀមរាប៖ ប្រកបមុខរបរលក់ផ្លែឈើព្រៃគ្រប់មុខ ទៅតាមរដូវកាល ដូចជាផ្លែគូលែន សាវម៉ាវព្រៃ រំដួល គុយ សិរមាន់ ដំបង ទ្រៀល និងផ្លែកោន ជាដើម តាំងពីអំឡុងឆ្នាំ១៩៩០មក អ្នកស្រី មាស ស៊ីថា ព្រួយបារម្ភខ្លាំង ខ្លាចថ្ងៃអនាគតដ៏ខ្លីខាងមុខ នឹងបាត់បង់ផ្លែឈើព្រៃទាំងនោះ ព្រោះតែការកាប់ដើមរបស់វា ក្រោមហេតុផលផ្សេងៗ។ ជាពលរដ្ឋម្នាក់ អ្នកស្រី ស៊ីថា មានការសោកស្ដាយចំពោះការបាត់បង់ធនធានធម្មជាតិដ៏សម្បូរបែបនេះ ពីមួយថ្ងៃទៅមួយថ្ងៃ។ ស្ត្រី ដែលកើតនៅខេត្តសៀមរាបរូបនេះ យល់ឃើញថា ប្រសិនបើរដ្ឋាភិបាល អាចការពារបាន គួរតែការពារ ព្រោះវាជាភាពអស្ចារ្យនៃព្រៃឈើកម្ពុជា ហើយវាក៏អាចជួយជីវភាពប្រជាជនផងដែរ។


 
ដើម្បីជ្រាបច្បាស់ តទៅនេះសូមប្រិយមិត្តអញ្ជើញស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដោយមេត្រីភាព៖



 
នាម៉ោងប្រមាណ៧ព្រឹក អ្នកស្រី មាស ស៊ីថា កំពុងអង្គុយលក់ផ្លែដំបង ឬហៅថាផ្លែផ្ដៅដំបង នៅក្នុងផ្សារតូចនាខេត្តសៀមរាប។ ផ្លែដំបងគរជាគំនរលើកំណាត់ទៃ នៅចំពោះមុខអ្នកស្រី ស៊ីថា នេះ វាមានរូបរាងមូលប៉ុនចុងម្រាមមេដៃ សម្បកមើលទៅដូចជាស្រទាប់ផ្កាម្លិះរួត ហើយវាមានពណ៌សខ្លះ និងពណ៌រមៀតខ្លះ។ 
 
ប្រកបមុខរបរលក់ផ្លែឈើព្រៃតាំងពីក្នុងអំឡុងឆ្នាំ១៩៩០ អ្នកស្រី មាស ស៊ីថា ដែលមានសម្បុរស្រអែម ពាក់អាវពណ៌ផ្កាឈូកដៃវែង ស្លៀកខោពណ៌ឈាមជ្រូកជើងវែងដែរនោះ ថាផ្លែឈើព្រៃអាចលក់បានតម្លៃថ្លៃជាងផ្លែឈើដាំនៅក្នុងស្រុក៖«របស់ព្រៃវាមានគុណភាព វាមិនដូចជារបស់គីមីទេ។ ផ្លែឈើព្រៃយើងលក់បានថ្លៃជាងផ្លែឈើស្រុក។


ដៃ​របស់​អ្នក​ស្រី​ មាស ស៊ីថា ​កំពុង​កាត់​សម្អាត​ផ្លែ​ដំបង​ ដែល​ដាក់​លក់​នៅ​ក្នុង​ផ្សារ​តូច​ ក្នុង​ខេត្ត​សៀម​រាប
 
ផ្លែគូលែនអី បើអាផ្លែធំទុំដើមល្អ ១គីឡូបានតម្លៃ២ទៅ៣ម៉ឺន ខ្លះទៀតលក់បានដល់ទៅ៤ម៉ឺនរៀល អ្នកផ្សារលើយើងទិញហូប។ បើគូលែនថៃ ផ្លែដៃដំបូងតម្លៃ១ម៉ឺនទៅ២ម៉ឺនមែន តែវាមិនឆ្ងាញ់ដូចគូលែនភ្នំទេ។ បើផ្លែកោនអាចបាន១គីឡូ២ម៉ឺនដែរ។ សាវម៉ាវព្រៃបាន១គីឡូជាង១ម៉ឺន បើពីមុនបានតែ១គីឡូ១ពាន់ទៅ២ពាន់រៀលទេ។ ប៉ុន្តែពេលនេះគេហូបទៅឆ្ងាញ់ក៏វាមានតម្លៃ ម្យ៉ាងយូរៗទៅវាចេះតែអស់ទៅ»។
 
អង្គុយបញ្ឈរជង្គង់ស្ដាំ ហើយដៃលើកផ្លែដំបងមកកាត់សម្អាតមែកចោលខ្លះ ស្ត្រីកូន៣រូបនេះ រៀបរាប់ពីទិន្នផលផ្លែឈើព្រៃ កាលពីប្រមាណ២៥ឆ្នាំមុខ ស្របពេលអតិថិជនកំពុងរើសផ្លែដំបង ដាក់ច្រកចូលក្នុងថង់៖«យើងចង់បានផលធម្មជាតិវាល្អ ភ្ញៀវក៏សម្បូរ គុយក៏សម្បូរ គូលែនក៏សម្បូរ សិរមាន់ក៏សម្បូរ ជាពិសេសផ្លែថ្កូវ។ កាលនៅឆ្នាំ៩០ជាងមកឆ្នាំ២០០០អី មួយថ្ងៃដឹក១០ឡានមិនអស់ទេផ្លែថ្កូវ ភ្ញៀវ និងរំដួលអីអស់ហ្នឹង។ ព្រៃស្អាកគឺជាជង្រុកផ្លែឈើព្រៃធម្មជាតិ តែឥឡូវមិនមានទេ។ យើងកុំនិយាយសត្វព្រៃ ឬដើមឈើដែលមានប្រយោជន៍ ចំពោះផ្លែឈើដែលមានផ្លែហូបកើត ក៏មានច្រើនប្រភេទណាស់»។
 
រៀបរាប់ពីធនធានធម្មជាតិដែលមាននៅក្នុងព្រៃ ស្ត្រីរស់នៅក្នុងភូមិបឹងដូនតា ឃុំស្លក្រាម ស្រុកសៀមរាប ខេត្តសៀមរាបរូបនេះ ថានៅពេលបច្ចុប្បន្នធនធានទាំងនោះចេះតែហោចទៅហើយ។ និយាយបណ្ដើរហើយភ្នែកចេះតែគន់មើលអ្នកដំណើរ ដែលដើរទៅមក នឹងបានហៅគេឱ្យចូលទិញផ្លែឈើរបស់ខ្លួន អ្នកស្រី ស៊ីថា បញ្ជាក់បន្ថែម៖«ព្រៃរាប់ពាន់រាប់ម៉ឺនហិកតានោះ សុទ្ធតែប្រភេទដើមភ្ញៀវ ដើមថ្កូវ ដើមក្រឡាញ់។ ហើយក្រឡាញ់ក្នុងមួយថ្ងៃចង់បេះបានប៉ុន្មានតោនក៏បានដែរ។ អ្នកស្រុកគ្រប់ភូមិគេបេះ អ៊ីចឹងយើងចង់ថ្លឹងទីណាក៏បាន។ ខែផ្សិតយើងមានផ្សិតក្ងោក មានផ្សិតឈើ និងមានផ្សិតច្រើនប្រភេទទៀត។ សូម្បីតែដើមងាប់ត្រូវដុះផ្សិត ហើយឥឡូវដើមហ្នឹងគេប្រមូលអស់ទៀត តើមានអីសល់»។


អ្នក​ស្រី មាស ស៊ីថា កំពុង​អង្គុយ​រាប់​ប្រាក់​ដែលបាន​ពី​ការ​លក់​ផ្លែដំបង
 
លក់ផ្លែឈើគ្រប់មុខ ទាំងផ្លែឈើព្រៃ និងស្រុក ស្ត្រីវ័យ៥៨ឆ្នាំ រូបនេះ កាន់តែពិបាករកចំណូល ហើយអ្នកស្រីត្អូញត្អែរដូច្នេះ៖«តំបន់ភ្នំហ្នឹងដុះដោយដើមគូលែន តែឥឡូវអស់គូលែនហើយ កើតភ្នំចាន់ទីហើយ។ អ្វីក៏ខ្ញុំលក់ដែរ ខែកាប់ចេកទឹក ខ្ញុំលក់ចេកទឹក ខែកាប់ចេកល័ក្តលើភ្នំក៏ខ្ញុំលក់ ហើយខែកាប់អំពៅក៏ខ្ញុំដើរម៉ៅអំពៅគេលក់ដែរ។ ប៉ុន្តែឥឡូវនេះខ្ញុំចាស់ហើយ មិនសូវបានទៅរកចេក ឬរកអំពៅទេ ខ្ញុំលក់បែបនេះហើយ ចេះតែលក់តិចៗទៅ។ ឥឡូវនេះមិនមានអីវ៉ាន់ទិញ ពីដើមមិញខ្ញុំទិញច្រើន។ នេះមកពីអ្នកស្រុកដាំបានហើយ តែមិនមានទីផ្សារគេឈប់ដាំ បើនៅតាមភ្នំគូលែនអ្នកស្រុកដាំអ្វីមិនបានទេ ព្រោះគេមិនឱ្យដាំ»។
 
អង្គុយលក់មិនបានកន្លះម៉ោងផង ផ្លែដំបង ដែលជាផ្លែឈើព្រៃមានរូបសម្រស់ស្រស់ស្អាត គួរជាទីចង់គយគន់ ប្រមាណជា៣០គីឡូក្រាម អ្នកស្រី ស៊ីថា លក់ជិតអស់ទៅហើយ។ ស្ត្រីពាក់មួកពណ៌សរូបនេះ ថាប្រជាជននៅខេត្តសៀមរាប ចូលចិត្តទទួលទានផ្លែឈើព្រៃតាំងតែពីដើមមក៖«ទំនៀមទម្លាប់អ្នកសៀមរាប ឱ្យតែដល់ខែផ្លែឈើព្រៃគេហូបតែទាំងអស់គ្នាហ្នឹង។ ដល់ពេលវាហូរចូលគីមីខ្លាំង របស់ក្នុងស្រុកក៏ប្រើគីមី របស់ក្រៅស្រុកក៏ប្រើគីមី យូរទៅវាគ្របដណ្ដប់របស់ធម្មជាតិអស់ វាចង់ភ្លេចរបស់ធម្មជាតិ។ អ្នកខ្លះគេប្រយ័ត្នគេហូបរបស់ដែលមិនមានគីមី អ្នកខ្លះមិនប្រយ័ត្នចេះតែហូប ប៉ុន្តែរឿងឈឺថ្ងៃក្រោយមិនដឹង។ ពេលនេះទោះតែមិនភ័យក៏បាត់ទៅហើយ។ ពីមុនមិញខ្ញុំធ្លាប់ដឹកមួយថ្ងៃមួយឡានពេញហៀររាប់តោន ឥឡូវដឹក១រយគីឡូគិតមើលទៅ»។


ផ្លែដំបង​សម្បកពណ៌​លឿងស្រាល
 
ធ្លាប់ជាអតីតគ្រូបង្រៀនថ្នាក់បឋមសិក្សាកាលពីទសវត្សរ៍ទី៩០ អ្នកស្រី ស៊ីថា ពិតជាចង់ឱ្យរដ្ឋអំណាចទប់ស្កាត់ ការកាប់ដើមឈើព្រៃហូបផ្លែទាំងនោះ ដើម្បីឱ្យពលរដ្ឋអាចទទួលអនុផលពីវា៖«សោកស្ដាយដែលវាបាត់បង់ បើគេអាចទប់ស្កាត់បាន គួរតែទប់ស្កាត់ដែរ។ អស្ចារ្យ មោទកភាពណាស់ ចង់ឱ្យវាដូចពីដើមនៅតំបន់ស្រុកខ្មែរយើងហ្នឹងវាសម្បូរបែប ព្រៃឈើ ផ្លែឈើ ធម្មជាតិ សូម្បីតែត្បូងរ៉ែក៏ខ្ញុំធ្លាប់ឃើញដែរ តំបន់សៀមរាបនេះច្រើនណាស់»។
 
អង្គុយលក់ដណ្ដើរ ហើយដៃបកផ្លែដំបងទទួលទានបណ្ដើរ ស្ត្រីមេម៉ាយ ចិញ្ចឹមកូន៣នាក់រូបនេះ រៀបរាប់ពីផ្លែឈើដែលខ្លួនតែងតែលក់នៅតាមរដូវថា៖«ខ្ញុំលក់គ្រប់មុខតាមរដូវកាលផ្លែឈើ មានផ្លែរំដួល ផ្លែគុយ ផ្លែសិរមាន់ ផ្លែគូលែន។ ផ្លែគូលែនទើបតែផុតកាលពីខែចូលឆ្នាំ។ ផ្លែដំបងវាទុំដំណាលគ្នាជាមួយផ្លែរំដួល ប៉ុន្តែឥឡូវរំដួលវាផ្លែតិច សត្វស៊ីអស់ហើយ តែនៅអង្គរមានទុំតិចៗ។ ខែ៩ទៅខែ១០បានដល់ខែផ្លែទ្រៀល ផ្លែកោន និងសាវម៉ាវព្រៃ។ តែសាវម៉ាវ និងកោននោះវាមាន២ប្រភេទ បើព្រៃតាមអង្គរផ្លែតូចៗហូបមិនឆ្ងាញ់ទេ បើផ្លែតាមភ្នំគូលែនផ្លែធំៗ អានោះទើបមានសាច់ច្រើន»។
 
ក្នុងដំណាក់កាលកូវីដ១៩នេះ អ្នកស្រី ស៊ីថា ទៅប្រមូលទិញផ្លែលើព្រៃមិនសូវបានច្រើនប៉ុន្មានឡើយ ហើយយកមកលក់ក៏មិនសូវដាច់ដែរ។ អ្នកស្រីពន្យល់ទាំងមានផ្លែដំបងនៅក្នុងមាត់៖«ជួនកាលខ្ញុំដើរដាក់ម៉ូយ២រយគីឡូជួន៣រយគីឡូ ប៉ុន្តែបើថ្ងៃណាទិញមិនបាន គឺដាក់តែ១រយគីឡូទេ។ បើទិញតែខ្ញុំមួយថ្ងៃបានប្រហែល៤ទៅ៥រយគីឡូ ប៉ុន្តែមានអ្នកទិញច្រើន ម្យ៉ាងឆ្នាំនេះវាអស់ វាមិនសូវសម្បូរ។ បើកាលពីប្រហែលជា២០ឆ្នាំមុខ មួយថ្ងៃខ្ញុំអាចទិញបានរាប់តោន តែឥឡូវនេះវាអស់ព្រៃឈើ។ ខ្ញុំយកទៅចែកចាយនៅផ្សារលើ ផ្សារសាមគ្គី ឱ្យអ្នកយកទៅលក់រាយ។ ពីមុនដាច់ប៉ុន្តែក្រោយកូរ៉ូណាមិនសូវដាច់ទេ»។


ផ្លែដំបងសម្បកពណ៌រមៀត
 
និយាយពីផ្លែដំបង រស់ជាតិរបស់វាផ្អែមស្រាលនៅពេលទុំ ប៉ុន្តែជូរហើយចត់នៅពេលវាចាស់ឬខ្ចី។ ពេលមិនទាន់ទុំល្អ គេអាចយកវាទៅត្រាំទឹកចំនួន២យប់ នោះវានឹងមានរសផ្អែម។ តាមពិតទៅផ្លែដំបង បើគ្រាន់តែទទួលទានតែ១ទៅ៣ផ្លែ គេមិនអាចជាប់ចិត្តនឹងរស់ជាតិរបស់វាឡើយ ប៉ុន្តែបើសិនជាគេទទួលទានវា ចាប់ពី៥ផ្លែ ឬ១០ផ្លែ នោះគេនឹងចូលចិត្ត។ ដូច្នោះហើយទើបបានជាអ្នកស្រី ស៊ីថា មិនពិបាកលក់ផ្លែឈើនេះឡើយ៖«ផ្លែដំបងនេះភ្ញៀវទូទៅគេទិញ ហើយយកទៅលក់ឱ្យសិស្សសាលាក៏ដាច់ដែរ។ គេលក់តាមផ្សារ តាមផ្លូវ តាមកន្លែងតំបន់ទេសចរណ៍។ ផ្លែដំបងនេះបើយើងទុកឱ្យទុំវាផ្អែម តែអ្នកស្រុកគ្នាមិនមានប្រាក់ គ្នាចេះតែទៅបេះយកមកលក់ទៅណា ឱ្យតែបានប្រាក់។ ដើមដំបងនេះឱ្យតែមានព្រៃគឺមានដុះទាំងអស់។ ដើមវាវែងណាស់ ខ្លះ១០ម៉ែត្រ ខ្លះ២០ម៉ែត្រ ខ្លះ៣០ម៉ែត្រក៏មាន។ គេយកវាទៅធ្វើតុទូ កៅអីផ្ដៅ កៅអីដំបងអីហ្នឹង។ បើផ្លែវាធ្លាក់មកក្រោមប្រហែលជា១០ម៉ែត្រអី»។
 
ទោះជាយ៉ាងណា តម្លៃដែលទិញផ្លែឈើចូលមិនអាចកំណត់ទៀងទាត់ឡើយ វាអាស្រ័យទៅតាមរដូវសម្បូរ ឬក៏ខ្សត់៖«លើកពីគេមកតម្លៃមិនទៀង បើសម្បូរ២ពាន់ តែបើមិនសម្បូរទេចន្លោះពី៣ពាន់ទៅ៥ពាន់រៀល ។ ឆ្នាំនេះមិនហ៊ានលក់យកចំណេញច្រើន ព្រោះមនុស្សអត់ប្រាក់ ដូច្នេះខ្ញុំលក់ស្មានតាមកម្លាំងប្រាក់របស់អ្នកទិញ។ បើគេយកទៅលក់រាយនៅមុខប្រាសាទអង្គរ គេលក់ពី៨ពាន់ទៅ១ម៉ឺនរៀល។ ប៉ុន្តែយើងលក់បោះដុំបែបនេះ យើងលក់តម្លៃលើសមិនបានទេ»។


អ្នក​ស្រី មាស ស៊ីថា កំពុង​អង្គុយ​រាប់​ប្រាក់ដែល​បាន​ពី​ការ​លក់​ផ្លែដំបង
 
ទម្រាំបានចំណូល របរនេះត្រូវចាយកម្លាំងច្រើនដែរ ដោយស្ត្រីសម្ដីរដឺនហើយលះរូបនេះ ត្រូវធ្វើដំណើរប្រមាណជាជាង១០០គីឡូម៉ែត្រទាំងទៅនិងមក ដើម្បីប្រមូលទិញពីអ្នកភូមិដែលរស់នៅតាមព្រៃភ្នំ។ អ្នកស្រី ស៊ីថា ប្រាប់ពីប្រាក់ចំណេញដែលទទួលបាន៖«ក្នុងមួយថ្ងៃបានប្រាក់ចំណេញចន្លោះពី២ម៉ឺនទៅ៥ម៉ឺនរៀល ទូលទាត់ថ្លៃឈ្នួលថ្លៃសាំងយើងរួចថ្លៃម្ហូប។ ថ្លៃឈ្នួលឡានគេយកប្រមាណ៥ម៉ឺនដែរហ្នឹង។ ពេលខ្លះខ្ញុំទៅដល់ភូមិចាំឱ្យគេបេះពីព្រៃមកឱ្យយើង។ ឥឡូវនេះរកអ្វីមិនសូវបាន ខ្ញុំទិញអីវ៉ាន់ពីនេះយកទៅលក់ផង ដូចជានំចំណី ត្រីសាច់ បន្លែ យកទៅលក់តាមភូមិ។ ចុះមកវិញខ្ញុំយករបស់ព្រៃមកលក់»។
 
កាលពីកូនមិនទាន់បែកគ្រួសារ អ្នកស្រី ស៊ីថា អាចធូរកម្លាំងខ្លះ ព្រោះមានឡានខ្លួនឯងសម្រាប់ជិះប្រមូលទិញផ្លែឈើ ប៉ុន្តែពេលនេះអ្នកស្រី ត្រូវជិះម៉ូតូចាស់ផ្លូវឆ្ងាយតែម្នាក់ឯង ដើម្បីបន្តមុខរបរ៖«ពីមុនបើកឡានមួយបាំងកន្លះទៅខ្លួនឯង ឡានតូយូតាចាស់ៗអីហ្នឹងណា ក្រោយមកខ្ញុំទិញអា៨កៅអីចាស់ៗហ្នឹងយកទៅដឹក។ ប៉ុន្តែឥឡូវលក់អស់ហើយ ព្រោះកាលនោះកូនគេឈប់រក។ ខ្ញុំម្នាក់ឯងពេលឡានខូចវាយ៉ាប់។ ខ្ញុំជិះម៉ូតូទៅ ហើយទំនិញដាក់ឡានឈ្នួល។ ពីមុនខ្ញុំថាចង់ឈប់រករបរនេះហើយ ប៉ុន្តែនៅពេលដែលខ្ញុំរកនៅផ្សារមិនបាន គឺខ្ញុំដាក់កន្លែងបោលអ៊ុត តែរកមិនសូវបាន ខ្ញុំក៏បន្តរបរនេះទៀតទៅ»៕

Tag:
 ផ្លែឈើព្រៃ
  ផ្លែឈើ
 ព្រៃ
 បារម្ភ
© រក្សាសិទ្ធិដោយ thmeythmey.com