អន្តរជាតិ
៦ឆ្នាំក្រោយមក លោក ប្រាយុទ្ធ ស្គាល់បាតុកម្មទាមទារឲ្យចុះចេញពីតំណែង
19, Aug 2020 , 4:29 pm        
រូបភាព
ដោយ:
រាជាណាចក្រថៃ ត្រូវបានមើលឃើញថា ជារដ្ឋរបស់អាស៊ាន និងរបស់ពិភពលោកមួយ ដែលមានការធ្វើរដ្ឋប្រហារយោធាច្រើនដង និងញឹកញាប់បំផុត។ នៅពេលមានការផ្ទុះការតវ៉ា និងទាមទារនានាពីរដ្ឋាភិបាលដឹកនាំប្រទេស ហើយគ្មានដំណោះស្រាយជាក់លាក់ អន្តរាគមន៍យោធា ត្រូវបានកើតឡើងជាដំណោះស្រាយចុងក្រោយ នៃវិបត្តិ។

 
គិតចាប់ពីឆ្នាំ១៩៣២ ដែលពេលបញ្ចប់របបរាជានិយមផ្តាច់ការថៃ មានការធ្វើកំណត់សម្គាល់ផ្សេងៗគ្នាពីការធ្វើរដ្ឋប្រហារ នៅក្នុងប្រទេសថៃ។ ប្រភពខ្លះ អះអាងថា មកទល់ពេលនេះ យោធាថៃ ធ្លាប់បានធ្វើរដ្ឋប្រហារទម្លាប់រដ្ឋាភិបាល ដើម្បីបញ្ចប់ការជាប់គាំងវិបត្តិ ១០ដងមកហើយ។ ក៏ប៉ុន្តែសម្រាប់សារព័ត៌មានអង់គ្លេស BBC បានកត់សម្គាល់ថា រដ្ឋប្រហារយោធាទ្រង់ទ្រាយធំ បានកើតមាន ១២ដងឯណោះ ខណៈប្រភពផ្សេងទៀត អះអាងថា មានលើសពីនេះទៅទៀត។ 
 
យ៉ាងណាក៏ដោយអ្វីដែលគួរឲ្យកត់សម្គាល់នោះ រដ្ឋប្រហារយោធាចុងក្រោយ គឺនៅថ្ងៃ២២ ខែឧសភា ឆ្នាំ២០១៤ ដែលពេលនោះ ដឹកនាំដោយលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទ អូចា ដែលបច្ចុប្បន្នជា នាយករដ្ឋមន្ត្រីថៃ។ រដ្ឋប្រហារពេលនោះ ក្រោមហេតុផលដើម្បីបញ្ចប់ការជាប់គាំងនយោបាយអស់រយៈពេលជាច្រើនខែ ដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ថៃ គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់។
 
៦ឆ្នាំក្រោយ នៃការធ្វើរដ្ឋប្រហារ ស្ថានភាពតានតឹងនៅក្នុងប្រទេសថៃ ចាប់ផ្តើមរើឡើងវិញ។ នោះគឺ ប៉ុន្មានសប្តាហ៍ចុងក្រោយមកនេះ មានករណីផ្ទុះបាតុកម្មតវ៉ាជាថ្មី ដែលដឹកនាំដោយក្រុមនិស្សិត។ បាតុកម្ម ដែលមានការចូលរួមពីបាតុកររាប់ពាន់នាក់នេះ ត្រូវបានមើលឃើញថា ជាការប្រមូលផ្តុំតវ៉ាទ្រង់ទ្រាយធំបំផុតលើកដំបូងហើយ គិតចាប់តាំងពីរដ្ឋប្រហារចុងក្រោយឆ្នាំ២០១៤។ ពីមុន ពោលគឺនៅពេលប្រទេសថៃ ស្ថិតក្រោមរបបអាជ្ញាសឹក ឬរដ្ឋាភិបាលអន្តរកាលរបស់លោកឧត្តម សេនីយ៍ ប្រាយុទ្ធ ចន្ទ អូចា ពលរដ្ឋមិនត្រូវបានអនុញ្ញាតឲ្យមានការជួបជុំលើសពីប្រាំនាក់ឡើយ។ 
 
ត្រលប់មក ការបាតុកម្មចុងក្រោយនេះ មិនមែនជាបាតុកម្មរបស់ក្រុមអាវលឿង និងក្រុមអាវក្រហមដូចពេលមុនៗឡើយ តែជាបាតុកម្មរៀបចំឡើងដោយក្រុមយុវជន ក្នុងគោលបំណងសុំឲ្យមានការកែទម្រង់រដ្ឋាភិបាល និងអំណាចរាជានិយម។ ការចង់បានរបស់ពួកគេ គឺនាំរាជាណាចក្រថៃ ឲ្យក្លាយជាប្រទេសប្រជាធិបតេយ្យពិតប្រាកដ និងជាប្រទេសរាជានិយមក្រោមរដ្ឋធម្មនុញ្ញ។ នេះតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃ១៦ សីហាកន្លងទៅ។
 
ដើម្បីឈានដល់គោលដៅចុងក្រោយ បាតុកម្មដែលផ្តើមចេញពីក្រុមយុវជន បន្ទាប់មកមានការគាំទ្រពីបណ្តាមនុស្សចាស់ផងដែរនោះ បានទាមទារឲ្យរំលាយសភា និងកែប្រែរដ្ឋធម្មនុញ្ញ ដែលទើបតែវិសោធនកម្មដោយក្រុមសភារបស់លោកប្រាយុទ្ធ ចន្ទ អូចា ឡើងវិញ។  មិនត្រឹមតែប៉ុណ្ណោះ ពួកគេ ក៏ចង់ឃើញលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទ ចុះចេញពីតំណែងផងដែរ។
 
តបជាមួយនឹងចលនាទាមទារនេះ ក្នុងគោលជំហររបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទ អូចា ដែលធ្លាប់ជាអតីតមេយោធាដឹកនាំរដ្ឋប្រហារមួយរូប បានចាត់ទុក ចលនានេះ បានដើរហួសព្រំដែនហើយ។ លោកនាយករដ្ឋមន្ត្រីបានព្រមានបាតុករកុំឲ្យធ្វើរឿងជ្រុលជ្រួសប៉ះពាល់ដល់ស្ថាប័នព្រះមហាក្សត្រ។ ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ក៏បានទទួលស្គាល់ថា ពលរដ្ឋមួយចំនួន មានក្តីបារម្ភ ដែលរដ្ឋាភិបាល មិនទាន់ដោះស្រាយជូន។
 
ដោយសារតែបាតុកម្មទាមទារ ធ្វើឡើងដោយសន្តិវិធី លោកនាយករដ្ឋមន្ត្រី មិនទាន់មានចំណាត់ក្តៅតបតទៅនឹងបាតុករឡើយ។ តែសម្រាប់បាតុករ ប្រសិនបើរដ្ឋាភិបាល នៅតែមិនដោះស្រាយតាមសំណើរបស់ពួកគេនោះទេ ចលនាទាមទាររបស់ពួកគេ នឹងនៅតែបន្តធ្វើ ឬអាចកាន់តែពង្រីកធំជាងនេះផង៕ 
 

Tag:
 ថៃ
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com