ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ពលរដ្ឋ ក្នុងឃុំពាមឧកញ៉ាអុង នៅតែបន្តរបរត្បាញកន្ទេលខ្មែរ តពីដូនតា
19, Aug 2020 , 5:29 pm        
រូបភាព
កណ្ដាល៖ ពលរដ្ឋ ក្នុងឃុំពាមឧកញ៉ាអុង នៅតែរក្សាបានមុខរបរត្បាញកន្លេលកក់ខ្មែរសល់ពីដូនតា រហូតដល់សព្វថ្ងៃ បើទោះបីជាប្រជាជនខ្លះ ក្នុងតំបន់នេះ ងាកទៅធ្វើការងាររោងចក្រ ឬប្រកបរបរផ្សេងៗក្ដី។ របរត្បាញកន្ទេលកក់នេះ បានជួយពលរដ្ឋ ក្នុងភូមិព្រែតាអុងទី១ ឱ្យមានជីវភាពប្រសើរ ដោយមិនចាំបាច់ចំណាកស្រុកទៅរកការងារនៅឆ្ងាយ។ យ៉ាងណា អ្នកត្បាញកន្ទេលភាគច្រើន ជាមនុស្សចាស់ ដោយកូនៗរបស់ពួកគាត់ ឆ្លៀតជួយត្បាញខ្លះដែរ នៅថ្ងៃសម្រាកពីការងារ។


 
ដើម្បីជ្រាបច្បាស់ តទៅនេះសូមប្រិយមិត្តអញ្ជើញស្ដាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដោយក្ដីរីករាយ៖



 
ខ្ញុំបានធ្វើដំណើរទៅដល់ ភូមិព្រែកតាអុងទី១ ដែលស្ថិតនៅក្នុងឃុំពាមឧញ្ញ៉ាអុង ស្រុកល្វាឯក ខេត្តកណ្ដាល។ ភូមិដែលស្ថិតនៅភាគខាងកើតរាជធានីភ្នំពេញ ដោយគ្រាន់តែជិះស្រឡាងឆ្ងងទន្លេចតុមុខបន្តិច នឹងបានទៅដល់នោះ ប្រជាជននៅតែរក្សាប្រពៃណី ដាំកក់មូល ដាំដើមក្រចៅ និងត្បាញកន្ទេលកក់លក់រហូតដល់សព្វថ្ងៃ។ នៅក្នុងរដូវវស្សា ដែលទឹកមិនទាន់ឡើងលិចស្រែ អ្នកភូមិនៅទីនេះ មិនទាន់រួចដៃនឹងរបរស្រែចម្ការរបស់ខ្លួនឡើយ ដូច្នេះផ្ទះដែលនៅត្បាញកន្ទេលជាប់លាប់ គឺជាផ្ទះដែលពឹងរបរត្បាញកន្ទេលស្ទើរតែទាំងស្រុង។ 
 
មានស្រុកកំណើតក្នុងភូមិ ព្រែកតាអុងទី១ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯក ខេត្តកណ្ដាល អ្នកស្រី រុន នាង កំពុងតែអង្គុយត្បាញកន្ទេលកក់មូល នៅខាងក្រោមផ្ទះជាមួយក្មួយស្រីដ៏ស្រស់ស្អាតមួយរូប។ អង្គុយលើកីតម្បាញ អ្នកស្រី រុន នាង បានប្រាប់សារព័ត៌មានថ្មីៗថា អ្នកភូមិនេះពីដើមឡើយ ប្រកបរបរត្បាញកន្ទេលសឹងគ្រប់ផ្ទះ៖«អ្នកនៅភូមិនេះគេត្បាញកន្ទេលច្រើនណាស់។ ឥឡូវនេះរៀងអស់ខ្លះ បើនិយាយពីកាលមិនទាន់មានរោងចក្រ គេត្បាញចង់គ្រប់ផ្ទះ ព្រោះបើអត់មុខរបស់នេះ តើបានអ្វីហូប? អ្នកខ្លះគេធ្វើស្រូវ។ បើនិយាយពីផ្ទះខ្ញុំ តាំងពីខ្ញុំអាយុ១៧ឆ្នាំ ខ្ញុំត្បាញរហូត។ កាលពីជំនាន់យាយរបស់ខ្ញុំក៏ធ្វើដែរ»។
 
មានសម្បុរស្រអែម ពាក់អាវមានពណ៌ចម្រុះ ស្ត្រីកូន៥រូបនេះ ទីពឹងលើមុខរបរត្បាញកន្ទេលស្ទើរតែទាំងស្រុង ដោយអ្នកស្រីអាចសន្យំប្រាក់ធ្វើផ្ទះបាន៖«ខ្ញុំខ្ចីប្រាក់ពីធនាគារ៣ពាន់ដុល្លារមកធ្វើផ្ទះ ខ្ញុំត្បាញកន្ទេលសងគេវិញ។ ផ្ទះនេះខ្ញុំធ្វើ១២ឆ្នាំហើយ ទទឹង៧ម៉ែត្រ បណ្ដោយ១២ម៉ែត្រកន្លះ»។


 
ឆ្លៀតមកលាងឆ្នាំដាំបាយសម្រាប់អាហារថ្ងៃត្រង់ ដោយទុកឱ្យកូនប្រសារស្រី និងក្មួយស្រីបង្កើត ត្បាញជំនួយ អ្នកស្រី រុន នាង ដែលចាប់របរតពីម្ដាយនិងជីដូនរូបនេះ ខំត្បាញកន្ទេលទាំងយប់ទាំងថ្ងៃ ដើម្បីផ្សំប្រាក់បង់រំលោះទិញដី ដែលគាត់សង់ផ្ទះលើរាល់ថ្ងៃនេះ៖«ខ្ញុំកម្សត់ណាស់ទម្រាំបានដីប៉ុណ្ណេះ។ ជំនាន់នោះខ្ញុំទិញដីគេ ១៣៥០ដុល្លារ កាលនោះខ្ញុំអាយុ៤៣ឆ្នាំ។ ទាំងដីនិងផ្ទះ គឺបានដោយសារខ្ញុំត្បាញកន្ទេលនេះទាំងអស់។ ក្បាលដី១២ម៉ែត្រ បណ្ដោយ៦០ម៉ែត្រ។ ខ្ញុំចេះតែបង់រំលោះឱ្យគេបន្តិចៗទៅ យើងក៏បានផ្ទះនៅ។ ដីនេះគេឱ្យជឿ(ជំពាក់)ទៀត»។
 
ចំណែកអ្នកស្រី ស៊ូ វង អាយុ៥៣ឆ្នាំ កំពុងតែអង្គុយកូតសម្បកដើមក្រចៅស្រទាប់ខាងក្រៅ ដែលជាស្រទាប់មិនសូវស្វិតចេញ នៅក្រោមផ្ទះរបស់ខ្លួនកម្ពស់ខ្ពស់ជាង៣ម៉ែត្រ។ ចាប់របរតពីម្ដាយ អ្នកស្រី ស៊ូ វង ដាំដើមក្រចៅដោយខ្លួនឯង ដើម្បីយកមកធ្វើខ្សែត្បាញកន្ទេល។ និយាយបណ្ដើរ ហើយដៃនៅតែបន្តកូតសម្បកដើមក្រចៅ ស្ត្រីដែលមានកូន៥នាក់ប្រុស៣រូបនេះ បញ្ជាក់ប្រាប់ពីទិន្នផលក្រចៅដែលប្រមូលបានក្នុងមួយរដូវដូច្នេះ៖«ដីប្រាំងក្បាលជាង២០ម៉ែត្រ ខ្ញុំដាំក្រចៅបានផលច្រើនដែរ បានប្រហែលជា៣០គីឡូ។ ក្នុង១០គីឡូក្រចៅ ត្បាញកន្ទេលបាន១០០គីឡូកក់ ដូច្នេះផលដែលបាន អាចត្បាញកក់បានប្រហែល៣០០គីឡូដែរ។ ខ្ញុំដាំទាំងកក់និងក្រចៅ ហើយខ្ញុំក៏ត្បាញខ្លួនឯងដែរ»។


 
ប្រមូលសម្បកក្រចៅដែលបានឆូតរួច យមមកទុកក្បែរដៃដើម្បីងាយស្រួលទាញយកមកកូត អ្នកស្រី ស៊ូ វង បានប្រាប់ថា ការលក់ឱ្យឈ្មួញកណ្ដាលនៅក្នុងភូមិក្បែរផ្ទះ មានភាពងាយស្រួល ហើយមិនចាំបាច់ចំណាយពេលលក់យូរ ប៉ុន្តែតម្លៃក៏ខុសពីការលក់រាយដែរ៖«មួយថ្ងៃខ្ញុំត្បាញបាន២កន្ទេល។ កន្ទេលតូច បើសិនជាលក់ឱ្យចិន ១បានតម្លៃ៦ម៉ឺនរៀល ប្រវែង៥ម៉ែត្រ។ បើអាធំដូចជា១ម៉ែត្រ៣តឹកឬ១ម៉ែត្រ៤តឹក ដូចកន្ទេលរាយនៅខាងនោះ បានតម្លៃ៨ម៉ឺនរៀល»។
 
ទោះជាយ៉ាងណា ស្ត្រីដែលមានកូនៗក្នុងបន្ទុកចាំជួយត្បាញកន្ទេល នៅថ្ងៃសម្រាកពីការងាររូបនេះ ចូលចិត្តយកកន្ទេលទៅលក់រាយដោយខ្លួនឯង៖«៨ម៉ឺនរៀលនេះ ទាល់តែលក់រាយណា តែបើលក់ឱ្យចិនមួយគូបានតែ៦ម៉ឺន៥ពាន់រៀលទេ។ ធ្វើកក់នេះមួយរដូវចាយទុនប្រហែលជា៦០ម៉ឺនរៀល តែបានមកវិញប្រហែល២ពាន់ដុល្លារអាមេរិក។ ឆ្នាំនេះខ្ញុំធ្វើកក់ហើយ ខ្ញុំស្ទូងស្រូវបានតិចតួចដែរ»។
 
ជាឈ្មួញកណ្ដាលក្នុងភូមិអ្នកស្រី ថូយ ងួន កំពុងអង្គុយលើគ្រែឈើខ្លឹមក្រហមក្នុងផ្ទះថ្មទាមផ្ទាល់ដី ដែលផ្ទុកកន្ទេលក្រហមគរជាគំនរ ខ្ពស់ជាង២ម៉ែត្រ ពេញផ្ទៃផ្ទះទំហំប្រមាណធំជាង១០ម៉ែត្រការ៉េ។ កំពុងអង្គុយរាប់ប្រាក់ ដែលបានពីអ្នករាប់កន្ទេលដឹកតាមម៉ូតូយកទៅលក់ នៅតាមភូមិស្រុកនានា ស្ត្រីសម្បុរស ចាប់របរតពីម្ដាយក្មេករូបនេះ ប្រាប់ពីតម្លៃទិញកន្ទេលចូលដូច្នេះ៖«កន្ទេលរាយ១ម៉ែត្រកន្លះ ទិញចូល១តម្លៃជិត៧ម៉ឺនរៀល។ ទោះកូវីដក៏តម្លៃមិនចុះដែរ ចំពោះកន្ទេលដែលគេត្បាញស្អាត។ មុនកូវីដលក់ដាច់ច្រើនជាង។ ម៉ូយនៅភ្នំពេញ ខ្ញុំដឹកយកទៅឱ្យគេ បើអ្នកលក់នៅតាមស្រុកគេមកយកខ្លួនគេ។ ខ្ញុំលក់ចេញបានតម្លៃ៨ម៉ឺនរៀល ប៉ុន្តែខ្ញុំនៅដេរជាយកន្ទេលទៀត»។


 
មានវ័យ៤៤ឆ្នាំ អ្នកស្រី ងួន ថាឆ្នាំនេះពិបាកលក់ក៏ព្រោះតែវិបត្តិកូវីដ១៩។ ភ្នែកសម្លឹងទៅមើលកន្ទេលពណ៌ក្រហមច្រាល ដែលតម្រៀបគ្នាលាយធំលាយតូច ស្រ្តីកូន៣រូបនេះ ពន្យល់ពីភាពខុសគ្នារវៀងកន្ទេលខ្សែនិងកន្ទេលរាយ៖«ទើបតែឆ្នាំនេះទេដែលពិបាកលក់។ ជាទូទៅរាល់ឆ្នាំ កន្ទេលខ្សែក្នុងមួយឆ្នាំខ្ញុំប្រមូលបានជាង៣ពាន់ខ្សែ។ កន្ទេលខ្សែបណ្ដោយ៤ម៉ែត្រ៨តឹក ទទឹង១ម៉ែត្រ និងមានទំហំផ្សេងទៀត។ កន្ទេលរាយវាមានទទឹង១ម៉ែត្រកន្លះបណ្ដោយ២ម៉ែត្រ ហើយកន្ទេលរាយមួយឆ្នាំ ប្រមូលបានប្រហែលជាង៣ពាន់សន្លឹក»។
 
ទោះជាយ៉ាងណា ការថយចុះចំនួនលក់ចេញរបស់កន្ទេលខ្មែរ ក៏បណ្ដាលមកពីការប្រកួតប្រជែងទីផ្សារពីកន្ទេលវៀតណាមផងដែរ នេះបើតាមអ្នកស្រី ថូយ ងួន បញ្ជាក់បន្ថែម៖«ឥឡូវអ្នកលក់គេថយច្រើន គេឈប់លក់កន្ទេលខ្មែរ គេទៅលក់កន្ទេលយួនវិញ។ កន្ទេលយួនកក់គេ មិនសូវមាំដូចកន្ទេលខ្មែរយើងទេ ប្រើទៅវាឆាប់ខូច ហើយ១គេលក់តែ២ម៉ឺនរៀល។ កន្ទេលយើងទុកបាន១០ឆ្នាំមិនទាន់ទៅណាផង គ្រាន់តែវាអន់ពណ៌ ។ កន្ទេលខ្មែរយើងនៅតាមខេត្តខ្លះមិនទាន់ស្គាល់ផង»។
 
កំពុងដើររើសកន្ទេលដែលគរដូចភ្នំពណ៌ក្រហម នៅក្នុងផ្ទះថ្មរបស់អ្នកស្រី ថូយ ងួន ក្នុងបំណងចង់បានកន្ទេលខ្សែខ្លះនិងកន្ទេលរាយខ្លះ ដោយមានពណ៌និងគោមស្អាតៗ នោះគឺអ្នកស្រី ហៀង ឃីម។ មានអាយុ៤៧ឆ្នាំ អ្នកស្រី ឃីម ចាប់របរលក់កន្ទេលខ្មែរជាង១០ឆ្នាំមកហើយ។ មានសម្បុរស្រអែម រាងស្ដើង ស្ត្រីមានប្ដីជាអ្នករត់ម៉ូតូឌុបរូបនេះ ដឹកកន្ទេលទៅលក់តាមម៉ូតូសង់ការ៉េចាស់មួយ។ 
 
មានកូន២នាក់ ដោយកូនម្នាក់បែកគ្រួសារថ្មី ហើយកូនម្នាក់ទៀតកំពុងរៀនថ្នាក់ទី៨ អ្នកស្រី ឃីម ប្រាប់ពីផលលំបាកក្នុងការលក់កន្ទេលដូច្នេះ៖«ខ្ញុំទៅលក់នៅបឹងគ្រំ ទៅព្រែកក្របៅ និងព្រែកអំពិល។ ពិបាកលក់ដែរ តែខ្ញុំចេះតែទៅៗ។ គេរកតែកន្ទេលយួនដែលវាមានតម្លៃថោក។ កន្ទេលនោះ១លក់បានតម្លៃ២ម៉ឺន៥ពាន់ ខ្ញុំចំណេញបានប្រហែល៣ពាន់រៀល។ កន្ទេលខ្មែរយើងយកទៅលក់តម្លៃជាង៤ម៉ឺនទៅហើយ ខ្ញុំលក់ចំណេញប្រហែលគ្នាហ្នឹង។ រាល់ថ្ងៃបានប្រាក់ចំណេញប្រហែល៣ម៉ឺនជាង ខ្ញុំមកផ្ទះវិញហើយ»។



 
ទីពឹងមុខរបរលក់កន្ទេល ដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាព និងផ្សំឱ្យកូនបានរៀនផង ស្ត្រីសម្ដីមួយៗរូបនេះ ប្រាប់ថាការលក់កន្ទេលខ្មែរ កាន់តែលំបាកពីមួយថ្ងៃទៅមួយថ្ងៃនៅរដូវកូវីដ១៩នេះ៖«ទៅលក់មិនទៀងទេ ជួនឆាប់បានមកផ្ទះជួនដល់ម៉ោង៤ទើបបានត្រឡប់មកវិញ។ យកទៅម្ដងបាន២០កន្លេល ជួនកាលលក់អស់ ជួនកាលលក់មិនអស់ទេ។ ខ្ញុំមិនហ៊ានទៅលក់នៅភ្នំពេញទេ ព្រោះខ្លាចម៉ូតូឡានវាច្រើនពេក ហើយកន្ទេលវាវែងទៀតពិបាកទើសគេ។ ខ្ញុំទៅលក់តែកន្លែងដដែលៗ ជួនកាលចំណេញតិចតួចខ្ញុំចេះតែលក់ឱ្យអស់ទៅ»។



យ៉ាងណាក៏ដោយកន្ទេលខ្មែរ ក៏មានរដូវដែលលក់ដាច់ខ្លាំងដែរ នេះបើតាមអ្នកស្រី ហៀង ឃីម បញ្ជាក់បន្ថែម៖«ខែ៤ជិតចូលឆ្នាំទើបលក់ដាច់ច្រើន បើខែហ្នឹងមិនសូវលក់ដាច់ទេ យកទៅ២០ជួនសល់៤ទៅ៥មកវិញ។ របរនេះគ្រាន់តែបានជួយទប់ទល់ម្ហូប។ ខ្ញុំមិនមានដីធ្វើស្រែទេ គឺខ្ញុំរកតែមុខរបរនេះទេ»។
 
ឃុំពាមឧញ្ញ៉ាអុង មានភូមិចំនួន៥ គឺភូមិពាមតាឯក ភូមិព្រែកតាអុងទី១ ភូមិព្រែកតាអុងទី២ ភូមិព្រែកតាអុងទី៣ និងភូមិវាលធំ៕ 
 

Tag:
 កន្ទេល
  ត្បាញ
 មុខរបរ
© រក្សាសិទ្ធិដោយ thmeythmey.com