ជាតិ
ថ្ងៃសម្រាកទី២ មានភ្ញៀវទេសចរដើរកម្សាន្តជាង២៧ម៉ឺននាក់
19, Aug 2020 , 5:59 pm        
រូបភាព
រូបពីក្រសួងទេសចរណ៍
រូបពីក្រសួងទេសចរណ៍
ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ដែលជាថ្ងៃទី២ នៃការឈប់សម្រាកជំនួសពិធីបុណ្យចូលឆ្នាំខ្មែរ មានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង២៧ម៉ឺននាក់បានទៅលេងកម្សាន្តតាមបណ្ដាខេត្តនានា ដោយចំនួននេះ កើន១៨,៧៥ភាគរយ បើធៀបនឹងការឈប់សម្រាកក្នុងថ្ងៃទី១ (១៧សីហា)។ ថ្ងៃទី១ នៃការឈប់សម្រាក មានភ្ញៀវដើរកម្សាន្តជាង២៣ម៉ឺននាក់។


 
របាយការណ៍របស់ក្រសួងទេសចរណ៍ ចេញនៅថ្ងៃទី១៩ ខែសីហា បានឲ្យដឹងថា ខេត្តដែលមានភ្ញៀវទេសចរច្រើនជាងគេ គឺសៀមរាប ដែលមានភ្ញៀវទេសចរជាង៤ម៉ឺននាក់ ហើយបន្ទាប់មក គឺកំពត ដែលមានជិត៤ម៉ឺននាក់។ ក្រៅពីខេត្តសៀមរាបនិងកំពត ខេត្តដទៃទៀតក៏មានភ្ញៀវទេសចរគួរឱ្យកត់សម្គាល់ដែរ ដោយខេត្តបាត់ដំបង ខេត្តកែប និង ខេត្តព្រះសីហនុ មានជាង២ម៉ឺននាក់ ខណៈខេត្តព្រះវិហារ ខេត្តរតនគីរី និង និងខេត្តមណ្ឌលគីរី មានជាង១ម៉ឺននាក់។ 
 
បើតាមរបាយការណ៍ ភ្ញៀវដែលដើរកម្សាន្ត ភាគច្រើនជាប្រជាពលរដ្ឋខ្មែរ ឯភ្ញៀវបរទេស មានតិចតួចប៉ុណ្ណោះ។ របាយការណ៍ បង្ហាញថា ថ្ងៃឈប់សម្រាកទី២ មានភ្ញៀវបរទេសតែជាង២,៧ពាន់នាក់ប៉ុណ្ណោះ ដែលដើរកម្សាន្ត។ 
 
ទន្ទឹមនេះក្រសួងទេសចរណ៍ក៏បានរំលឹកដល់ម្ចាស់អាជីវកម្មផ្ទះសំណាក់ និងរមណីយដ្ឋាន នៅតាមតំបន់នីមួយៗ ត្រូវយកចិត្តទុកដាក់លើការស្កេនកម្តៅ បាញ់អាល់កុល កត់ឈ្មោះភ្ញៀវ និងការជំរុញឲ្យភ្ញៀវទេសចរពាក់ម៉ាស់ ឬប្រើក្រមាឲ្យបានជាប់ជាប្រចាំ ដើម្បីការពារជំងឺកូវីដ-១៩៕
 

Tag:
 កម្សាន្ត
  ភ្ញៀវទេសចរ
© រក្សាសិទ្ធិដោយ thmeythmey.com