ជាតិ
ទីតាំងសត្តឃាត និងលក់សាច់ឆ្កែ១២កន្លែងនៅសៀមរាប ស្ម័គ្រចិត្តបញ្ឈប់អាជីវកម្ម
19, Aug 2020 , 8:29 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ទីតាំងសត្តឃាត និងលក់សាច់ឆ្កែ១២ទីតាំង ក្នុងចំណោម២៥ទីតាំង នៅខេត្តសៀមរាប បានស្ម័គ្រចិត្ត បិទអាជីវកម្មរបស់ខ្លួន តាមការជូនដំណឹងរបស់មន្ទីរកសិកម្មខេត្តសៀមរាប។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានជាតិ(AKP) នៅថ្ងៃ១១សីហាដោយបានស្រង់សម្តីរបស់ លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តសៀមរាប។


 
តាម AKP ដដែលអាជីវកម្មទាំង១៣ទីតាំង ដែលនៅសេសសល់សន្យាថា នឹងឈប់បន្តអាជីវកម្មរបស់ខ្លួននាពេលខាងមុខដែរ។ ខណៈអ្នកដែលបានឈប់ធ្វើអាជីវកម្មទាំងនោះ នឹងប្តូរទៅប្រកបអាជីវកម្មផ្សេង ឬប្ដូរទៅចិញ្ចឹមសត្វ និងសុំច្បាប់អនុញ្ញាតលក់សាច់គោ ឬសាច់ជ្រូកជំនួសវិញ។ 
 
កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានហាមប្រាមការធ្វើអាជីវកម្មទិញ-លក់សម្រាប់ពិឃាតសត្វសុនខគ្រប់ប្រភេទ ត្រូវបានហាមឃាត់ នៅក្នុងខេត្តសៀមរាប។ បំរាមនេះ ត្រូវបានដាក់ចេញ ក្រោយអាជ្ញាធរសង្កេតឃើញថា ការធ្វើអាជីវកម្ម ទិញ-លក់ ពិឃាតសត្វសុនខ (ឆ្កែ) មានភាពអាណាធិបតេយ្យ និងមានការកើនឡើងគួរឲ្យព្រួយបារម្ភ  ហើយដែលវាជាសញ្ញាមួយនៃការធ្លាក់ចុះនូវតម្លៃមនុស្សធម៌ គុណធម៌ និងអាចធ្វើឲ្យប៉ះពាល់សុខភាពសាធារណៈ។ 
 
លោក ទា គឹមសុទ្ធ ប្រធានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ត្រូវបាន AKP ដកស្រង់ប្រសាសន៍ថា ការហាមឃាត់នេះ មិនមែនជាការរឹតបន្តឹងដាច់ណាច់នោះទេ គឺជាការហាម ដើម្បីចូលរួមកាត់បន្ថយការបរិភោគសត្វឆ្កែ ឱ្យនៅកម្រិតទាប និងឈានទៅបញ្ឈប់ទាំងស្រុងនាពេលខាងមុខ។ លោក រំពឹងថា ខេត្តសៀមរាប នឹងក្លាយជាខេត្តគម្រូមួយ សម្រាប់បណ្ដាខេត្តផ្សេងៗទៀត ក្នុងការហាមមិនឱ្យមានការជួញដូរ និងបរិភោគសាច់ឆ្កែ៕
 

Tag:
 សុនខ
© រក្សាសិទ្ធិដោយ thmeythmey.com