អន្តរជាតិ
ហេតុអ្វីសាលក្រមសមុទ្រចិនខាងត្បូងនៅតែសំខាន់សម្រាប់រដ្ឋអាស៊ាន តែគ្មានន័យសម្រាប់ចិន ?
19, Aug 2020 , 8:59 pm        
រូបភាព
រូបភាពកោះមួយនៃសមុទ្រចិនខាងត្បូង។_រូបភាព_Xinhua
រូបភាពកោះមួយនៃសមុទ្រចិនខាងត្បូង។_រូបភាព_Xinhua
ដោយ:
មកទល់ពេលនេះ អាស៊ាន និងសមាជិកពាក់ព័ន្ធរបស់ខ្លួន នៅតែមិនទាន់មានលិខិតូបករណ៍លក្ខណៈចាប់បង្ខំផ្នែកច្បាប់មួយជាក់លាក់ ដើម្បីជាយន្តការ ឬឈ្នាន់សម្រាប់ចាប់បង្ខំចិន និងរដ្ឋខាងក្រៅតំបន់ មកដោះស្រាយបញ្ហា ស្របពេលដែលការប្រឈមគ្នានៅក្នុងសមុទ្រចិនខាងត្បូង នៅតែបន្តកើតឡើងជាបន្តបន្ទាប់។ រដ្ឋអាស៊ានមួយចំនួន បានទទូចឲ្យចិនគោរពតាមសាលក្រមរបស់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ក្រុងឡាអេឆ្នាំ២០១៦ ខណៈ ចិន បដិសេដដាច់ខាតមិនទទួលស្គាល់សាលក្រមនោះ តែមិនស្ទាក់ស្ទើរក្នុងការចរចាក្នុងលក្ខណៈទ្វេភាគី និងពហុភាគីឡើយ។

 
ថ្មីៗនេះ មានរបាយការណ៍ចេញផ្សាយជាបន្តបន្ទាប់ស្តីពីសកម្មភាពវាតទី និងការធ្វើយោធូបនីយកម្មរបស់    រដ្ឋាភិបាលចិន នៅក្នុងសមុទ្រចិនខាងត្បូង តាមរយៈរូបភាពនៃការបង្កើតមជ្ឈមណ្ឌលរដ្ឋបាលថ្មី និងការបំពាក់សម្ភារៈយោធាមួយចំនួន ក៏ដូចជាការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅក្នុងតំបន់ ដែលមិនទាន់មានការកំណត់សិទ្ធិគ្រប់គ្រងច្បាស់លាស់រវាងចិន និងរដ្ឋអាស៊ានមួយចំនួន។
 
សកម្មភាពទាំងនេះ ទោះចិនអះអាងថាធ្វើឡើងតាមសិទ្ធិរបស់ខ្លួនក៏ដោយ បានរងការប្រតិកម្មខ្លាំងពីទាំងប្រទេសក្នុងតំបន់ និងប្រទេសអាស៊ានតែម្តង។ ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ដែលជាភាគីពាក់ព័ន្ធដោយផ្ទាល់ បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ដោយបានស្នើឲ្យចិន បញ្ឈប់សកម្មភាពបង្ករឿង ហើយអនុវត្តតាមលិខិតបទដ្ឋានដែលបានព្រមព្រៀងគ្នារវាងអាស៊ាន និងចិន ជាពិសេសនោះសន្ធិសញ្ញាស្តីពីច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ។
 
ជាការកត់សម្គាល់នោះចុងក្រោយនេះ ក៏មានរដ្ឋអាស៊ានមួយចំនួន បានលើកឡើងពីសាលក្រមសមុទ្រចិនខាងត្បូងឆ្នាំ២០១៦ ដែលប្រកាសដោយតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ក្រុងឡាអេ ដែលរដ្ឋអាស៊ាន យល់ឃើញថាជាឯកសារគតិយុត្តដ៏សំខាន់សម្រាប់យកទៅដោះស្រាយជាមួយនឹងចិន។ ក្នុងខ្លឹមសារ នៃសាលក្រម ដែលប្រកាសនៅថ្ងៃ១២ កក្កដា ឆ្នាំ២០១៦នោះ បានគូសបញ្ជាក់ពីការបំពានរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូងដោយផ្តោតលើបញ្ហាចំនួន ៥ចំណុចរួមមាន៖
 
ទីមួយ គឺសិទ្ធិប្រវត្តិសាស្ត្រ និងចំណុចប្រាំបួនត្រេ(nine-dash line) ។ ក្នុងចំណុចនេះ តុលាការសម្រេចថា ការទាមទាររបស់ចិនលើសិទ្ធិប្រវត្តិសាស្ត្រដើម្បីគ្រប់គ្រងធនធាននៅក្នុងដែនទឹកនៃសមុទ្រចិនខាងត្បូង មិនស្របតាមបទបញ្ញត្តិនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខដែលផ្តល់ដោយច្បាប់សមុទ្រឡើយ។ តុលាការ បានកំណត់សម្គាល់ថា នាវិក និងអ្នកនេសាទចិន ក៏ដូចជារដ្ឋដទៃផ្សេងទៀត បានប្រើប្រាស់ប្រវត្តិសាស្ត្រនៅក្នុងសមុទ្រចិនខាងត្បូងថា មិនមានភស្តុតាងតាមប្រវត្តិសាស្ត្រណាបង្ហាញថា ចិន បានអនុវត្តសិទ្ធិគ្រប់គ្រងផ្តាច់មុខលើដែនទឹក និងធនធាននៅទីនោះឡើយ។ ដូច្នេះ តុលាការសម្រេចថា ចិន មិនមានមូលដ្ឋានផ្នែកច្បាប់ដើម្បីទាមទារសិទ្ធិប្រវត្តិសាស្ត្រដើម្បីគ្រប់គ្រងនៅក្នុងតំបន់ចំណុចប្រាំបួនត្រេ(Nine-dash line) ឡើយ។
 
ទីពីរ គឺការបកស្រាយពីឋានៈនៃតំបន់។ តុលាការ បានពិចារណា និងវាយតម្លៃលើការទាមទាររបស់ចិនលើដែនទឹកតំបន់លំនាច។ ចំណុចនេះ តុលាការ បានសម្រេចថា មិនមានកោះណាមួយនៅក្នុងប្រជុំកោះស្ព្រាតលីដែលទាមទារដោយចិន ស្របទៅនឹងបទបញ្ញត្តិនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខឡើយ។ ផ្ទុយទៅវិញ តុលាការបានរកឃើញថា តំបន់ទាំងនោះ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន។
 
ទីបី គឺទាក់ទងនឹងសកម្មភាពរបស់ចិនក្នុងសមុទ្រចិនខាងត្បូង។  តុលាការរកឃើញថា ចិន បានបំពានលើសិទ្ធិអធិបតេយ្យនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន ដោយចិន បានរំខានលើការនេសាទ និង ចូលការរុករកប្រេងរបស់ហ្វីលីពីន , សាងសង់កោះសិប្បនិម្មិត  និងបានបរាជ័យក្នុងការរារាំងអ្នកនេសាទចិនឲ្យចូលទៅក្នុងតំបន់នេសាទរបស់ហ្វីលីពីន។ តុលាការ ក៏បានសម្រេចដែលថា អ្នកនេសាទពីហ្វីលីពីន មានសិទ្ធិនេសាទបែបប្រពៃណីនៅក្នុងតំបន់ថ្មប៉ប្រះទឹក Scarborough Shoal។
 
ទីបួន គឺពាក់ព័ន្ធនឹងការគំរាមកំហែងលើបរិស្ថានដែនសមុទ្រ។ ចំណុចនេះ តុលាការបានរកឃើញថា សម្មភាពរបស់ចិននៅក្នុងតំបន់ប្រជុំកោះស្ព្រាតលីដែលរួមមានទាំងការវាតទី និងការសាងសង់កោះសិប្បនិម្មិត បានបណ្តាលឲ្យមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើបរិស្ថាន និង បំពានទៅនឹងកាតព្វកិច្ចក្នុងការអភិរក្ស និងប្រព័ន្ធការពារអេកូឡូស៊ី។
 
និងចំណុចចុងក្រោយគឺទាក់ទងនឹងការធ្វើឲ្យជម្លោះកាន់តែធ្ងន់ធ្ងរ។ ក្នុងចំណុចនេះ តុលាការ បានរកឃើញថា ការវាតទីដ៏ធំធេង និងការសាងសង់កោះសិប្បនិម្មិតរបស់ចិន មិនស្របច្បាប់ និងបានបំផ្លាញភស្តុតាងដែលជាលក្ខខណ្ឌធម្មជាតិនៃតំបន់នៅក្នុងសមុទ្រចិនខាងត្បូង ដែលជាផ្នែកនៃភាគីជម្លោះ។
 
គួររម្លឹកបន្តិចថាសាលក្រមនេះ ត្រូវបានសម្រេចឡើង ក្រោមបណ្តឹងក្នុងឆ្នាំ២០១៣ របស់រដ្ឋាភិបាលហ្វីលីពីនទៅកាន់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ក្រុងឡាអេ នៃប្រទេសហូឡង់ ប្រឆាំងចិន។ សម្រាប់ចិន ក្រៅពីមិនចូលរួមដោះស្រាយតាមនីតិវិធីនេះ ចិន បានចាត់ទុកសាលក្រមនេះ ដូចជាសំរាមយ៉ាងដូច្នេះឯង។ អ្វីដែលរដ្ឋាភិបាលចិន អាចធ្វើបាន គឺជាការចរចាដោយផ្ទាល់ជាមួយនឹងរដ្ឋពាក់ព័ន្ធជាលក្ខណៈទ្វេភាគី និងលក្ខណៈពហុភាគី។ 
 
បច្ចុប្បន្ន បន្ថែមលើសេចក្តីថ្លែងការណ៍ពាក់ព័ន្ធសមុទ្រចិនខាងត្បូងដែលមានស្រាប់ អាស៊ាន និងចិន កំពុងតែចរចាគ្នាក្នុងការបង្កើតក្រមប្រតិបត្តិមួយ ដើម្បីជាយន្តការសម្រាប់ការពារ និងដោះស្រាយ ក្នុងករណីមានការប្រឈម និងវិវាទក្នុងសមុទ្រចិនខាងត្បូង៕   
 
ឯកសារពិគ្រោះ

- (Themy Thmey, 2017) តំណទៅកាន់ប្រភព https://thmeythmey.com/?page=detail&id=48000
- (Benar News, 2020) តំណទៅកាន់ប្រភពhttps://www.benarnews.org/english/news/indonesian/unclos-letter-05282020172147.html
- (South China Morning Post, 2020) តំណទៅកាន់ប្រភព https://www.scmp.com/week-asia/politics/article/3095406/malaysia-rebukes-beijing-south-china-sea-lawfare-heats
 

Tag:
 សមុទ្រចិនខាងត្បូង
  ចិន
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com