ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ស្បូវដែលកាន់តែពិបាករកពីមួយឆ្នាំទៅមួយឆ្នាំ ជួយឲ្យពលរដ្ឋ ក្នុងឃុំព្រះដាក់ ទទួលបានចំណូលបន្ថែម
19, Aug 2020 , 10:59 pm        
រូបភាព
សៀមរាប៖ ដ្បិតតែមិនសូវបានចំណូលច្រើនក៏ពិតមែន ប៉ុន្តែមុខរបរក្រងស្បូវលក់ បានជួយពលរដ្ឋមួយចំនួន ក្នុងឃុំព្រះដាក់ ឱ្យដោះទាល់ជីវភាពបានខ្លះដែរ ទម្រាំស្រូវឱ្យផល។ ទោះជាយ៉ាងណា នៅពេលបច្ចុប្បន្ននេះ ការស្វែងរកស្បូវនៅតាមព្រៃ ឬនៅតាមភ្នំ កាន់តែមានការលំបាក ព្រោះព្រៃនៅជិតៗ អ្នកភូមិសម្អាតដើម្បីដាំស្រូវឬដំឡូងអស់។ 


 
ដើម្បីជ្រាបច្បាស់ សូមប្រិយមិត្ត អញ្ជើញស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដោយមេត្រីភាព៖



 
នៅពេលដែលខ្ញុំធ្វើដំណើរឆ្លងកាត់ភូមិតាត្រៃ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ខ្ញុំបានឃើញផ្ទះមួយចំនួន មានស្បូវគរជាគំនរចងជាបាច់ធំល្មម ទុកនៅក្រោមផ្ទះ ហើយខ្លះទៀតបានក្រងជាកណ្ដបរួចរាល់ដោយហាលថ្ងៃនៅខាងមុខផ្ទះ។ ត្រូវជាថ្ងៃអាទិត្យ ផ្ទះនីមួយៗនៅទីនេះ ខ្ញុំមិនសូវឃើញមានមនុស្សនៅក្រោមផ្ទះឡើយ ដោយភូមិហាក់មានសភាពស្ងប់ស្ងាត់។
អង្គុយក្រងស្បូវនៅចំហៀងផ្ទះតៀមធ្វើពីឈើ ហើយប្អូនប្រុសតូចៗ អង្គុយលេងនៅក្បែរនោះផង កញ្ញា យ៉ាត នុត ដែលទើបតែមានអាយុ១៩ឆ្នាំ បានប្រាប់ថា របរក្រងស្បូវនេះ គឺក្រងទុករង់ចាំមានឈ្មួញកណ្ដាលមកប្រមូលទិញ។ ឈ្មួញកណ្ដាលមានច្រើន ប៉ុន្តែពួកគេចុះមកប្រមូលទិញមិនទៀតទាត់ឡើយ។ 
 
មុខឱនចុះ ហើយភ្នែកសម្លឹងតាមដៃដែលចាប់យកស្បូវមកក្រងភ្ជាប់នឹងកណ្ដប នុត ដែលជាកូនច្បងក្នុងគ្រួសារ ថាស្បូវដែលខ្លួនកំពុងក្រងនេះ ជីដូនវ័យជាង៦០ឆ្នាំ បានធ្វើដំណើរទៅភ្នំឆ្ងាយៗ ទើបអាចច្រូត បាន៖«ខ្ញុំក្រងមិនកំណត់ទេ បើមានម៉ូយយក យើងមានស្បូវទុកស្រេច ព្រោះម៉ូយមិនមកយករាល់ថ្ងៃទេ ជួនកាលយក ជួនកាលអត់។ ខ្ញុំក្រងរាល់ថ្ងៃ ជួនក្រង៣នាក់យាយ និងមីង។ យាយខ្ញុំទៅកាប់ស្បូវនេះនៅព្រៃឆ្ងាយណាស់ ហួសភ្នំគូលែន ទៅខាងស្រែណយអីទៀតនោះ ជួនកាលគេងនៅទីនោះកន្លះខែទើបមកវិញ»។


 
ចំណាយពេលយូរថ្ងៃស្នាក់នៅក្នុងព្រៃ ជីដូនរបស់ នុត ត្រឡប់មកផ្ទះវិញ ដោយនាំស្បូវមកជាមួយប្រមាណ១០០បាច់។ មានតួនាទីដាំបាយ ទុកជូនម្ដាយឪពុកមកពីលក់ត្នោតនៅប្រាសាទប្រែរូប និងនៅមើលថែប្អូនៗ៤នាក់ជារៀងរាល់ថ្ងៃ នារីសប្បុរស្រអែមស្រស់រូបនេះ ខំឆ្លៀតក្រងស្បូវខ្លះផងដែរ៖«យាយមកម្ដងជួនកាលបាន៥០ទៅ១០០ដៃ(បាច់)។ បើដៃធំក្រងបាន១៥កណ្ដប បើដៃតូចបាន១០កណ្ដប។ ខ្សែទ្រាលចងនេះ ក៏យើងកាប់ពីព្រៃដែរ។ ក្នុងមួយថ្ងៃខ្ញុំក្រងបាន៣០កណ្ដប ពីម៉ោង៧ព្រឹកដល់ម៉ោង៥ល្ងាច»។
 
ចំណែកអ្នកស្រី ឡូញ ឆៃ ដែលមានប្ដីធ្វើសំណង់ គឺជាអ្នកទៅច្រូតស្បូវដល់ក្នុងព្រៃភ្នំផ្ទាល់តែម្ដង។ ឈរក្បែរបាច់ស្បូវដែលគរជាគំនរនៅសំយ៉ាបផ្ទះតៀមប្រក់ស័ង្កសី ស្ត្រីកូន២នាក់រូបនេះ ត្អូញត្អែរអំពីការស្វែងរកស្បូវដូច្នេះ៖«ខ្ញុំទៅកាប់ស្បូវនេះពិបាក ជួនកាលទៅដល់ប៉ះព្រៃ ដែលគេធ្វើដំឡូងអស់ ក៏មិនមានអ្វីកាប់។ ពិបាកដើររកដែរ ជួនឡើងទៅកាប់ដល់លើភ្នំ។ បើទៅកាប់ជិតនេះ យើងអាចទៅព្រឹកមកវិញល្ងាច។ ប៉ុន្តែបើទៅឆ្ងាយត្រូវសម្រាន្ត។ បើទៅសម្រាន្តកន្លះខែ អ្នកដែលគេប៉ិនច្រូតជួនបាន៣ទៅ៤រយដៃ»។
 
ភ្នែកសម្លឹងមើលទៅអ្នកជិតខាងដែលកំពុងតែក្រងស្បូវ នៅមួយចំហៀងផ្លូវនឹងគ្នា ស្ត្រីវ័យ៣០ឆ្នាំ ឡូញ ឆៃ ប្រាប់ពីស្ថានភាពនៃការចូលព្រៃច្រូតស្បូវ និងកាប់ដងកណ្ដបបែបនេះ៖«យើងដាក់អង្ករយកទៅដាំហូបនៅទីនោះ។ អ្នកខ្លះគេយកអង្រឹង ឬមុងទៅ អ្នកខ្លះគេបោះតុង។ កាលមុនមានសត្វសាហាវដែរ ប៉ុន្តែឥឡូវមានគេធ្វើចម្ការច្រើន យើងចេះតែដេកបាន។ ព្រៃខ្លះគេមិនឱ្យចូលទេ ព្រោះគេខ្លាចយើងដុតភ្លើង ឆេះព្រៃរបស់គេ»។
 
ចេញពីផ្ទះអ្នកស្រី ឆៃ ខ្ញុំបានធ្វើដំណើរតាមម៉ូតូ ទៅមុខទៀត ចម្ងាយដីប្រមាណកន្លះគីឡូម៉ែត្រ ខ្ញុំបានឃើញស្រ្តីវ័យចំណាស់មួយរូបទៀត កំពុងអង្គុយក្រងស្បូវនៅក្រោមផ្ទះកម្ពស់ប្រហែលខ្ពស់ជាង៣ម៉ែត្រ។ ពាក់អាវពណ៌ក្រហមមានផ្កាពណ៌ស និងស្លៀកខោពណ៌ទឹកប៊ិក នោះគឺអ្នកស្រី រំ ម៉ុម។ មានកូន៤នាក់ អ្នកស្រី ម៉ុម ក្រងស្បូវតែនៅខែដែលទំនេរពីការងារធ្វើស្រែប៉ុណ្ណោះ។ 
 
និយាយបណ្ដើរ ហើយដៃនៅតែបន្តក្រងស្បូវធម្មតា ស្ត្រីវ័យ ៤៧ឆ្នាំរូបនេះ ថារបរបន្ទាប់បន្សំនេះ អាចជួយឱ្យអ្នកស្រីមានប្រាក់ធ្វើបុណ្យ និងដោះទាល់ផ្សេងៗ ទម្រាំប្រមូលផលស្រូវ៖«ពេលដែលខ្ញុំច្រូតស្រូវស្រាលរួច ទើបខ្ញុំទៅច្រូតស្បូវ គ្រាន់បានផ្សំទិញម្ហូប និងធ្វើបុណ្យទាន និងចងដៃគេ»។
 
ត្អូញត្អែរពីការធ្វើស្រូវប្រវាស់មេឃ អ្នកស្រី ម៉ុម ត្រូវធ្វើស្រែដោយការផ្សងព្រេងរង់ចាំទឹកភ្លៀង ព្រោះមិនមានលទ្ធភាពជីកអណ្ដូងទឹក សម្រាប់ដីតូចៗច្រើនកន្លែង និងនៅឆ្ងាយពីគ្នា៖«ពេលមិនមានទឹកធ្វើស្រែ ខ្ញុំក្រងស្បូវនេះ។ ខ្ញុំមិនមានប្រាក់ជីកអណ្ដូងទេ ព្រោះស្រែរបស់ខ្ញុំនៅឆ្ងាយៗពីគ្នា ហើយដីតូចៗ ដូច្នេះខ្ញុំធ្វើស្រែចាំទឹកភ្លៀង»។


 
ត្រឡប់ទៅនារីវ័យក្រោម២០ឆ្នាំ យ៉ាត នុត វិញ នាងថាតម្លៃលក់ស្បូវនៅពេលបច្ចុប្បន្ននេះ ទាប ឬខ្ពស់ អាស្រ័យទៅតាមឈ្មួញជាអ្នកកំណត់៖«ស្បូវនេះមិនអាចក្រងស្ងួតបានទេ ព្រោះវាបាក់។ យើងក្រងហើយ ទើបយើងហាលវា។ កាលមុនបានតម្លៃតែ៧រយរៀលទេ។ ឥឡូវ១កណ្ដបបានតម្លៃ១ពាន់រៀល ប៉ុណ្ណេះមិនថ្លៃទេ ព្រោះឥឡូវវាពិបាករក»។ 
 
ទោះជាយ៉ាងណា នុត ពិតជាចង់ឱ្យតម្លៃលក់ចេញមានលំនឹង ដ្បិតអីវត្ថុធាតុដើមកាន់តែពិបាករក៖«ប្រសិនបើលក់១០០កណ្ដប បានតម្លៃ១០ម៉ឺនអាចនឹងល្អ ប៉ុន្តែតម្លៃវាមិនថេរទេ។ ជួនកាលម៉ូយផ្សេងមក វាបានតម្លៃតែ៩ម៉ឹន៥ពាន់ ឬ៨ម៉ឺនរៀល ព្រោះម៉ូយថ្មីរហូត។ ហើយបើយើងយកទៅលក់កន្លែងបោះដុំ ១០០កណ្ដប បានតែ៧ម៉ឺនរៀលប៉ុណ្ណោះ»។


 
រីឯអ្នកស្រី រំ ម៉ុម លក់ស្បូវបានតម្លៃទាបជាងកញ្ញា យ៉ាត នុត ទៅទៀត។ ទោះបីទទួលបានតម្លៃទាបក៏ដោយ ក៏ស្ត្រីរាងស្គមស្ដើងរូបនេះនៅតែបន្តក្រងស្បូវលក់ ព្រោះនេះគ្រាន់តែជារបរបន្ទាប់បន្សំនោះឯង៖«ខ្ញុំយកទៅលក់ឱ្យគេនៅជិតនេះ បានតម្លៃតែ៧រយរៀលទេ ក្នុងមួយកណ្ដប។ បើមានគេមកទិញដល់ផ្ទះ បាន៨រយរៀល។ ពីដើមមកអ្នកនៅភូមិនេះ អ្នកខ្លះគេក្រង ហើយអ្នកខ្លះក៏គេមិនក្រងដែរ ដូចម្ដាយរបស់ខ្ញុំអីគាត់មិនក្រងទេ។ ខ្ញុំបានប្ដីហើយ ទើបខ្ញុំក្រង»។
 
សម្រាប់អ្នកស្រី ឡូញ ឆៃ វ័យ៣០ឆ្នាំ ដែលមានដីធ្វើស្រែបន្តិចបន្ទួច ថាវត្ថុធាតុដើមដែលយកមកក្រងស្បូវ កាន់តែពិបាករក ហើយអនាគតនឹងត្រូវទៅស្វែងរកកាន់តែឆ្ងាយ៖«បបុសយកមកធ្វើដងកណ្ដបក៏ពិបាករកដូចគ្នា គ្រឿងរបស់វាសុទ្ធតែពិបាករកទាំងអស់ វាមាននៅតែក្នុងព្រៃឯលើៗឯណោះ វានៅឆ្ងាយ។ ប្រសិនបើនៅអូរកូនទឹងអស់ទៅ ក៏មិនដឹងទៅរកឯណាទៀត។ បើសិនជាយើងទៅមុខទៀតវាឆ្ងាយ»។


 
នាម៉ោងប្រមាណ៥កន្លះល្ងាច នៅលើផ្លូវកៅស៊ូ ដែលអូសកាត់ឃុំព្រះដាក់ ខ្ញុំឃើញមានគោយន្តបើកឆ្លងកាត់ជាបន្តបន្ទាប់ ដោយនៅលើនោះមានមនុស្សស្រីប្រុសក្មេងចាស់ ក្នុងសម្លៀកបំពាក់ធ្វើស្រែ។ មនុស្សទាំងនោះអង្គុយនៅលើស្បូវពណ៌ខៀវដែលដាក់នៅក្នុងទ្រុងគោយន្ត។ មានគោយន្តខ្លះទៀតដឹកវល្លិផ្ដៅ ឬវល្លិរពាក់ យ៉ាងវែងៗ ដោយមូរជារង្វេល និងមានចងធុងរណោង៕
 

Tag:
 ស្បូវ
  កសិកម្ម
  ព្រះដាក់
  ចំណូល
© រក្សាសិទ្ធិដោយ thmeythmey.com