«និង»,«នឹង» និង«ហ្នឹង»ជាពាក្យដែលពលរដ្ឋប្រើជាញឹកញាប់នៅក្នុងសំណេរ តែក៏មានអ្នកខ្លះប្រើច្រឡំគ្នាផងដែរ។ ដើម្បីជៀសកុំឲ្យប្រើខុសនៃពាក្យទាំងអស់នេះពលរដ្ឋត្រូវតាមចំណាំឲ្យបានច្បាស់លាស់។
ពាក្យ «និង» ជាឈ្នាប់ សម្រាប់និយាយតពាក្យមួយទៅពាក្យមួយ ពីឃ្លាមួយទៅឃ្លាមួយ ឬពីល្បះមួយទៅល្បះមួយទៀត។ ឧទាហរណ៍៖ ខ្ញុំ និងអ្នក, គោ និងក្របី, សុខ និងទុក្ខ, ខ្មៅ និងស។
ចំពោះពាក្យ«នឹង»គឺសម្រាប់ប្រើក្នុងន័យច្រើនបែប។ «នឹង»ជាពាក្យកិរិយានុគ្រោះសម្រាប់និយាយនាំមុខកិរិយាសព្ទ ដើម្បីបញ្ជាក់ពីអនាគតកាលទៅខាងមុខថា មុខជា ប្រាកដជា គង់ ឬគង់តែ។ ឧទាហរណ៍៖ ថ្ងៃស្អែក ខ្ញុំនឹងធ្វើបាយសម្លទៅប្រគេនដល់ព្រះសង្ឃដើម្បីឧទ្ទិសដល់សាច់ញាតិដែលបានចែកឋានទៅ។
«នឹង»ដែលជាកិរិយាសព្ទវិសេសន៍ ប្រើនៅក្នុងន័យម្យ៉ាងទៀត គឺមានថ្នាក់ពាក្យជាគុណសព្ទ ឬកិរិយាវិសេសនៈ ដែលមានន័យថា ស្ងៀម, ជើយ, មិនកម្រើក។ ឧទាហរណ៍៖ អង្គុយនឹងថ្កល់ គឺអង្គុយនឹងដូចគេថ្កល់។
«នឹង» ប្រើជាគុណនាម សម្រាប់បញ្ជាក់ពី ភាពមិនប្រែប្រួល,មិនឡើង មិនចុះ,នៅដូចដែល។ ឧទាហរណ៍៖ជំងឺនុ៎ះនៅនឹង។ បុរសនោះនៅតែអង្គុយនៅនឹង, ទឹកនឹង គឺទឹកដែលមិនឡើងមិនស្រកឬមិនហូរ។
«នឹង»ជាអាយតនិបាត សម្រាប់ប្រាប់ដំណើរសម្រេចនូវអំពើ, សម្រាប់ប្រើនិយាយនាំមុខនាមស័ព្ទជាមួយពាក្យ ដោយ,ជាមួយ,ដោយសារ,ព្ធដ៏,នៅត្រង់។ ឧទាហរណ៍៖ ដួសសម្លនឹងវែក,ដាំបាយនឹងឆ្នាំង,កាប់ឈើនឹងប៉ូវថៅ។ ទៅនឹងខ្ញុំ,នៅនឹងខ្ញុំ,ផឹកនឹងខ្ញុំ(ដែលមានន័យថា ទៅជាមួយនឹងខ្ញុំ,នៅជាមួយនឹងខ្ញុំ,ផឹកជាមួយខ្ញុំ)។ ទៅនឹងគេ(ទៅដោយសារគេ)។ បោះដែកគោលនឹងជញ្ជាំង(បោះដែកគោលនៅត្រង់ជញ្ជាំង)។
កាលណាគេប្រើពាក្យ«ហ្នឹង» ឯនេះវិញ មានន័យថា ហ្នឹងហើយ(នុះហើយ), ហ្នឹងឯង(នុះឯង), ដំណើរហ្នឹង(ដំណើរនុះ),ហ្នឹងឯង(អ៊ីចឹងឯង)។ កាលណាបើគេនិយាយមានសំឡេងខ្ពស់ស្រួចខ្លាំង គេត្រូវសរសេរដាក់ជើងក្អែក(+) នេះពីលើ ហ្នឹ៎ងហើ៎យ !; ហ្នឹ៎ងឯ៎ង ! (សម្រាប់សម្តីសាមញ្ញ)៕