ជាតិ
យុវជន​ខ្មែរ​កាន់តែ​មើលឃើញ​តម្លៃ​នៃ​វិស័យ​កសិកម្ម ពិសេស​ការ​ចិញ្ចឹមសត្វ​
20, Aug 2020 , 8:59 am        
រូបភាព
លោក លីហៀង និងក្រុមចិញ្ចឹមកន្ធាយ (ពាក់អាវពណ៌ទឹកប៊ិច មូរដៃ)
លោក លីហៀង និងក្រុមចិញ្ចឹមកន្ធាយ (ពាក់អាវពណ៌ទឹកប៊ិច មូរដៃ)
ដោយ:
​បច្ចុប្បន្ន យុវជន​ខ្មែរ​វ័យក្មេង​កាន់តែច្រើន ប្រកប​របរ​រកស៊ី​បង្កើន​ប្រាក់ចំណូល ពី​វិស័យ​កសិកម្ម ពិសេស​ការ​ចិញ្ចឹមសត្វ​ដូចជា​ការចិញ្ចឹម​ពពែ កង្កែប កន្ធាយ ត្រី និង​មាន់​ទា​ជាដើម​។ ពួកគេ​យល់ថា ការចិញ្ចឹម​សត្វ​ងាយស្រួល បាន​ផល​លឿន និង​សម្បូរ​ទីផ្សារ​ផង​។ ចំពេល​វិបត្តិ​កូ​វីដ​-១៩ វិស័យ​កសិកម្ម ក៏​កាន់តែ​បង្ហាញ​នូវ​សក្តានុពល និង​ភាព​សំខាន់​របស់ខ្លួន ហើយ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​កាន់តែ​ជំរុញ និង​លើកកម្ពស់​ផលិតកម្ម​កសិកម្ម​នេះ​កាន់តែខ្លាំង​។​

 
​កញ្ញា កន សុខ​ណុ​ច  ជា​និស្សិត​ឆ្នាំ​ទី​៣​ជំនាញ​វិទ្យាសាស្ត្រ​ជលផល នៃ​វិទ្យាស្ថាន​ជាតិ​កសិកម្ម​កំពង់ចាម​។ យុវតី​វ័យ ? រូបនេះ​បានចាប់ផ្តើម​ចិញ្ចឹម​កង្កែប (​នៅទីណា​?) កាលពី​ខែឧសភា ឆ្នាំ​២០២០​ថ្មីៗ​នេះ​ប៉ុណ្ណោះ​។ មាន​ស្រុកកំណើត​នៅ នៅ​ភូមិ​អូ​យ៉េះ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី សុខ​ណុ​ច បាន​ប្រាប់​សារព័ត៌មាន ThmeyThmey25 ថា​នាង​ចាប់ផ្តើម​ចិញ្ចឹម​កង្កែប​នេះ គឺ​ដោយសារ​នាង​នាង​ចង់​ប្រើប្រាស់​ពេលវេលា​ទំនេរ​របស់ខ្លួន ឲ្យ​មាន​ប្រយោជន៍ ស្រប​ពេលដែល​សាលារៀន​ត្រូវ​ផ្អាក នៅ​អំឡុង​វិបត្តិ​កូ​វីដ​-១៩​។ ទន្ទឹមនឹងនេះ នាង​ក៏​មើលឃើញថា​ការចិញ្ចឹម​កង្កែប​នេះ នៅ​មិនទាន់មាន​អ្នកធ្វើ​ច្រើន​ឡើយ នៅ​ស្រុកកំណើត​របស់ខ្លួន​។​


 លោក លីហៀង និងក្រុមចិញ្ចឹមពពែ (ពាក់អាវក្រហមមូរដៃ)

​សុខ​ណុ​ច បន្ថែមទៀតថា​៖« កង្កែប មាន​ទីផ្សារ​ល្អ តែ​មិនទាន់មាន​អ្នកណា​ចាប់ផ្ដើម​ចិញ្ចឹម​នៅឡើយ​។ ខ្ញុំ​គិតថា វា​ជា​ឱកាសល្អ​មួយ ដែល​យើង​ជា​អ្នករៀន​ជំនាញ​នេះ​ស្រាប់ បាន​ដក​ពិសោធន៍​ផ្ទាល់ ពី​ជំនាញ​ដែល​រៀន​»​។  
 
​វិបត្តិ​កូ​វីដ​-១៩ ហាក់​បានធ្វើ​ឲ្យ​វិស័យ​ក​សិ​ម្ម​កាន់​តែមាន​ភាព​សំខាន់ ក្នុងការ​ធានាបាន​និរន្តរភាព​ស្បៀងអាហារ និង​រក្សាបាន​ស្ថិរភាព​សេដ្ឋកិច្ច​។ ផ្នែក​វារីវប្បកម្ម និង​ការ​ចិញ្ចឹមសត្វ បាន​កើន​សន្ទុះ​ឡើង​យ៉ាងខ្លាំង គួរ​ឲ្យ​កត់សម្គាល់​។​
 
​យុវជន ហ៊ិ​ម លី​ហៀ​ង និង​មិត្តភក្តិ​៣​នាក់​ទៀត ក៏បាន​ចាប់យក​ឱកាស​នៅក្នុង​អំឡុង​វិបត្តិ​កូ​វីដ​-១៩ មក​ចិញ្ចឹម​កន្ធាយ និង​ពពែ​យក​សាច់​ផងដែរ ដោយសារតែ​ការស្រលាញ់​ការចិញ្ចឹម​សត្វ និង​យល់ថា​សត្វ​ងាយ​ចិញ្ចឹម ហើយក៏​ទទួលបាន​ទិន្នផល​ខ្ពស់​។  មាន​វ័យ​២៧​ឆ្នាំ លោក លី​ហៀ​ង ដែលមាន​ស្រុកកំណើត​នៅ​ភូមិ​សំរោង​យា ឃុំ​សំរោង​យា ស្រុក​ពួក ខេត្តសៀមរាប​បាន​ប្រាប់ ThmeyThmey25​ថា​៖ «​ខ្ញុំ​និង​មិត្តភក្តិ គិត​គ្នា​ថា ឆ្លៀតពេល​សម្រាក​ពី​ការងារ អំឡុងពេល​កូ​វីដ​-១៩ ហ្នឹង​ចិញ្ចឹមសត្វ ព្រោះ​មើលឃើញថា​វិស័យ​កសិកម្ម​សព្វថ្ងៃ កំពុងមាន​ការយកចិត្ត​ទុកដាក់​ពី​រដ្ឋាភិបាល​។ ពួកគាត់ បាន​បញ្ជូន​អ្នកឯកទេស​ទាក់ទង​ការចិញ្ចឹម ដើម្បី​ផលិត​សាច់​ឲ្យ​បាន​ច្រើន ទៅតាម​តម្រូវការ​ទីផ្សារ​បច្ចុប្បន្ន​»​។ 


 កន្លែងចិញ្ចឹមកង្កែបរបស់យុវតី កន សុខណុច

​លោក លី​ហៀ​ង បាន​ប្រាប់ ThmeyThmey25 បន្ថែមថា បើ​ទៅ​បច្ចុប្បន្ន លោក​មាន​កសិដ្ឋាន​ចិញ្ចឹមសត្វ​ទាំងពីរ​កន្លែង​មែន ប៉ុន្តែ​នៅតែ​មិនទាន់​អាច​ផ្គត់ផ្គង់​ឲ្យ​គ្រប់​នឹង​តម្រូវការ​ទីផ្សារ​ដ៏​ច្រើន​នៅឡើយ​។ លោក លី​ហៀ​ង ប្រាប់ thmeythmey25 ថា​នឹង​ពង្រីក​ការចិញ្ចឹម​បន្ថែមទៀត​នៅ​ថ្ងៃមុខ​។​
 
​យុវជន​ម្នាក់ទៀត​រស់នៅ​ខេត្តស្វាយរៀង ក៏​ទើប​ចាប់ផ្តើម​ការចិញ្ចឹម​ត្រី កង្កែប និង​មាន់​លក្ខណៈ​គ្រួសារ​ដែរ​។ ក្រៅពីនេះ យុវជន សូ សុទ្ធ វ័យ​២៦​ឆ្នាំ  ក៏​ជា​ម្ចាស់​កសិដ្ឋាន​អា​ហ្សូ​ឡា​ស្វាយរៀង​ផងដែរ​។ អា​ហ្សូ​ឡា​គឺជា​រុក្ខជាតិ​ដែល​យក​លាយ​ជាំ​មួយ​បាយ និង​កន្ទក់ ធ្វើជា​ចំណី​ធម្មជាតិ​សម្រាប់​មាន់ ទា ត្រី កង្កែប និង​ចំណី​ជ្រូក​ជាដើម​។ យុវជន​រូបនេះ បាន​ពន្យល់​មូលហេតុ​ប្រាប់ ThmeyThmey25 ថា​រូបគេ​ផ្តើម ចិញ្ចឹម​មាន់ កង្កែប និង​ត្រី ព្រោះ​រូបគេ ចង់​ចាប់ផ្តើម​ឲ្យ​បាន​មុនគេ​ខណៈ​អ្នកផ្សេង គេ​នៅ​មិនទាន់​មើលឃើញ​ពី​សក្តានុពល​នៃ​របរ​នេះ​។​
 
​ក្រៅពី​យុវជន​ទាំង​៣​នាក់​នេះ យើង​សង្កេតឃើញថា មាន​យុវជន​ជាច្រើន​ទៀត​នៅ​តំបន់​ផ្សេងៗ​គ្នា​នៃ​ប្រទេស​កម្ពុជា​កំពុង​ប្រកប​របរ​ទទួលទាន​លើ​វិស័យ​កសិកម្ម​នេះ ដូចជា​ការដាំ​បន្លែ​ចម្រុះ និង​ការចិញ្ចឹម​បង្គា​,​បង្កង​,​ក្តាម​,​អន្ទង់ និង​ចង្រឹត​សត្វ​នេះ​ជាដើម​៕
 

កន្លែងចិញ្ចឹមកន្ធាយរបស់លោក ហ៊ិម លីហៀង និងក្រុម


កសិដ្ឋានចិញ្ចឹមពពែរបស់លោក ហ៊ិម លីហៀង និងក្រុម


យុវជន សូ សុទ្ធ ម្ចាស់កសិដ្ឋានអាហ្សូឡា និងចិញ្ចឹមមាន់ ត្រី កង្កែប


យុវតី កន សុខណុច


Tag:
 ​កសិកម្ម​
 ​ការចិញ្ចឹម​សត្វ​
© រក្សាសិទ្ធិដោយ thmeythmey.com