អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
«៣​មិន​» របស់​សមាជិកសភា​ប​ក្ស​កាន់អំណាច​សិង្ហ​បុរី​
20, Aug 2020 , 9:39 am        
រូបភាព
ទិដ្ឋភាពខាងក្នុងសាលប្រជុំសភាសិង្ហបុរី។ រូបភាព Straits Times
ទិដ្ឋភាពខាងក្នុងសាលប្រជុំសភាសិង្ហបុរី។ រូបភាព Straits Times
​នាយករដ្ឋមន្ត្រី​រដ្ឋ​សិង្ហ​បុរី លី សៀន​ឡុង បាន​សរសេរ​លិខិត​មួយ​ផ្ញើ​ដែល​ចែង​ពី​បញ្ញត្តិ​នានា​ឲ្យ​សមាជិកសភា​បក្ស​សកម្ម​ភាព​ប្រជាជន​ទាំងអស់​។ ក្នុង​លិខិត​ផ្សាយ​នៅ​ដើមខែ​សីហា​នេះ លោក លី ដែលជា​អគ្គលេខាធិការ​បក្ស​ផង បាន​រៀបរាប់​ពី​សកម្មភាព​ទាំងឡាយ​ដែល​សមាជិកសភា​បក្ស​កាន់អំណាច​ទាំងអស់ ត្រូវធ្វើ ឬ​មិន​ត្រូវធ្វើ​ពេល​កំពុង​កាន់តំណែង​។ ការរក្សា​ភាព​ស្អាតស្អំ ស្មោះត្រង់ សុច​រឹត ជាគោលការណ៍​ដែល​សមាជិកសភា​ទាំងអស់​ត្រូវអនុវត្ត​ឲ្យ​ម៉ត់ចត់​។

 
​ជា​ទម្លាប់ នាយករដ្ឋមន្ត្រី​សិង្ហ​បុរី តែង​ចេញ​បទបញ្ញត្តិ​មួយ​សម្រាប់​សមាជិកសភា​បក្ស​អំណាច​អនុវត្ត​ក្រោយ​ការបោះឆ្នោត​។ សម្រាប់​អាណត្តិ​ថ្មី​ដែល​កើតចេញពី​ការបោះឆ្នោត​ថ្ងៃទី​១០ ខែកក្កដា លោក លី សៀន​ឡុង បានចេញ​លិខិត​មួយ​ដែល​ចែង​ពី​បញ្ញត្តិ​ទាំងឡាយ​ដែល​សមាជិកសភា​បក្ស​ស​កម្ម​ភាព​ប្រជាជន អនុវត្ត​ក្នុង​អាណត្តិ​របស់ខ្លួន​។ សារព័ត៌មាន​ថ្មីៗ សូម​រំលេច​ចំណុច​សំខាន់ «៣​មិន​» សម្រាប់​សមាជិកសភា​ប​ក្ស​កាន់អំណាច​។ 
 
១. មិន​ប្រើ​តួនាទី​ដើម្បី​ប្រយោជន៍​ខ្លួន បក្ខពួក​
 
​លោក លី និយាយថា អំឡុងពេល​កាន់អំណាច សមាជិកសភា​ប្រាកដជា​ជួប​បុគ្គល​ជាច្រើន​ប្រភេទ​។ អ្នកខ្លះ​នឹង​ចង់​ជួយ​ដោយ​មិន​ចង់បាន​មកវិញ តែ​ក៏មាន​អ្នក​ដែល​សម្លឹង​ឃើញ​លាភសក្ការៈ​ផងដែរ​។ លោក​ព្រមាន​ថា ពួកគេ​នឹង​ប្រើ​វិធីសាស្ត្រ​គ្រប់យ៉ាង​ដើម្បី​អូសទាញ​សមាជិកសភា​ឲ្យ​ធ្វើតាម ឬ​លើក​ជា​គោលនយោបាយ​ទៅកាន់​រដ្ឋាភិបាល​ដែល​ផ្ដល់​ប្រយោជន៍​ឲ្យ​ពួកគេ​វិញ​។ លោក លី ប្រាប់​សមាជិក​ស​ភ​ទាំងអស់ កុំ​ប្រើប្រាស់​តួនាទី​ដើម្បី​ប្រយោជន៍​ខ្លួន ឬ​បុគ្គល​ប្រភេទ​នេះ​។​
 
​លោក ដាស់តឿន​ថា សមាជិកសភា ជា​អ្នកបម្រើ​ប្រជាជន មិនមែនជា​ម្ចាស់​ឡើយ ដូចនេះ​ពួកគេ​ត្រូវ​ស្ដាប់​ប្រជាជន​សិង្ហ​បុរី ជួយ​ពួកគេ​ក្នុងពេល​លំបាក ហើយ​បំពេញ​តួនាទី​ឲ្យ​បាន​ត្រឹមត្រូវ​។ 
 
២. មិន​ទទួល​វត្ថុ​អនុស្សាវរីយ៍​ជាវ​ត្ថុ ឬ​លុយកាក់ 
 
​លោក លី ក៏​រំឭក​ជាមុន​ដែរ​ថា ក្នុងនាម​ជា​សមាជិកសភា ពួកគេ​អាច​ត្រូវបាន​អញ្ជើញ​ដោយ​មិត្តភក្តិ មេដឹកនាំ​ថ្នាក់ក្រោម ឬ​អ្នកជំនួញ​ឲ្យ​ចូលរួម​កាត់​ខ្សែបូរ​ចាប់ផ្ដើម​ការរកស៊ី​ណាមួយ ហើយនឹង​ត្រូវ​បានផ្ដល់​លុយកាក់​ត្រឡប់មកវិញ​ក្នុង​ទម្រង់ការ​បរិច្ចាគ​ចូលក្នុង​មូលនិធិ​របស់​មណ្ឌលបោះឆ្នោត ឬ​កម្មវិធី​សប្បុរសធម៌​ជាដើម​។ លោក លី ប្រាប់​សមាជិក​បក្ស​ថា មិនត្រូវ​ទទួល​យ​ការអញ្ជើញ​ឡើយ​។ ចំណែក​វត្ថុ​អនុស្សាវរីយ៍ ក៏​មិនអាច​ទទួល​បានដែរ បើ​វា​នាំ​ឲ្យ​ពួកគេ​ធ្វើ​ខុស​កាតព្វកិច្ច​។ បើ​ទទួល​យកមែន សមាជិកសភា​នោះ ត្រូវ​ជូនដំណឹង​ទៅកាន់​មន្ត្រីសភា​។​
 
៣. មិនត្រូវ​បាត់​មុខ​ពី​កម្មវិធី​ផ្លូវការ​ដោយ​គ្មាន​មូលហេតុ​
 
​ក្រៅពី​ការបំពេញ​តួនាទី​ដោយ​តម្លាភាព សុច​រឹត មិន​ពុករលួយ លោក លី ក៏​ប្រាប់​សមាជិកសភា​ទាំងអស់​ឲ្យ​មានមុខ​នៅក្នុង​កម្មវិធី​សំខាន់​របស់​ជាតិ​ដែរ​។ កម្មវិធី​ខ្លះ​ដូចជា ទិវា​បុណ្យជាតិ ឬ​កម្មវិធី​ប្រគល់​មេដាយ តែងមាន​វត្តមាន​ថ្នាក់ដឹកនាំ​សំខាន់​ទាំង​នីតិបញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ​។ ដូចនេះ សមាជិកសភា​ដែល​ទទួលបាន​ការអញ្ជើញ ត្រូវតែ​បង្ហាញមុខ ព្រោះ​អវត្តមាន នឹងធ្វើ​ឲ្យ​កៅអី​របស់​ពួកគេ​ទំនេរ​ចោល ដែល​រឿងនេះ​មិនល្អ​ឡើយ​សម្រាប់​មុខមាត់​ពួកគេ​ផ្ទាល់ ឬ​សូម្បីតែ​បក្ស​ផង​៕

Tag:
 សិង្ហ​បុរី​
  លី សៀន​ឡុង
© រក្សាសិទ្ធិដោយ thmeythmey.com