កញ្ញា ធា សម្ផស្ស មិនត្រឹមតែជាកីឡាការិនីប៉េតង់ជម្រើសជាតិនោះទេ នាង ក៏ជាតារាចម្រៀង សម្តែង និងបង្ហាញម៉ូដមួយរូបផងដែរ។ ទោះអះអាងថា វិស័យសិល្បៈជាចំណង់ចំណូលចិត្តខ្លួន តែកីឡាការិនីមកពីខេត្តតាកែវរូបនេះ ប្តេជ្ញាថា នាងមិនបោះបង់វិស័យកីឡាប៉េតង់នោះទេ ដ្បិតកីឡានេះបានជួយឲ្យនាងមានភាពល្អប្រសើរដូចសព្វថ្ងៃ។ បច្ចុប្បន្ន កីឡាការិនីវ័យ២៥ឆ្នាំរូបនេះ កំពុងខិតខំហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ ជាមួយក្តីរំពឹង នឹងអាចដណ្តើមកៅអីទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសវៀតណាម នាឆ្នាំ២០២១។
ប្រជាពលរដ្ឋជាពិសេសអ្នកចូលចិត្តវិស័យកីឡាប៉េតង់ធ្លាប់តែឃើញកញ្ញា ធា សម្ផស្ស ស្លៀកសម្លៀកបំពាក់កីឡាពាក់ស្បែកជើងប៉ាតា និងហ្វឹកហាត់ប៉េតង់នៅពហុកីឡដ្ឋានជាតិ ទំនងជាមិនធ្លាប់ឃើញ នាង ស្លៀកពាក់ខោអាវបែបអ្នកសិល្បៈ ពាក់ស្បែកជើងកែងខ្ពស់ៗនោះទេ។ ក្រៅពីអាជីពជាកីឡាការិនីប៉េតង់ជម្រើសជាតិ កីឡាការិនីមកពីខេត្តតាកែវរូបនេះ ក៏ជាអ្នកសិល្បៈ១រូបផងដែរ។
កីឡាការិនីវ័យ២៥ឆ្នាំរូបនេះជាតារាចម្រៀងមួយរូបប្រចាំផលិតកម្ម Classic C ជាតារាសម្តែង និងជាអ្នកដើរម៉ូដ។ ប៉ុន្តែបច្ចុប្បន្ន នាង ហាក់ដូចជារាងរយាលបន្តិចជាមួយវិស័យសិល្បៈ ហើយមកផ្តោតខ្លាំងលើការហ្វឹកហាត់កីឡាប៉េតង់ ព្រោះនាងចង់តំណាងឲ្យកម្ពុជាចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកដំបូងនៅប្រទេសវៀតណាម នាឆ្នាំ២០២១ ខាងមុខ។
ម្យ៉ាងវិញទៀត រូបគេមិនចង់ក្លាយជាកីឡាការិនីដែលត្រូវបានសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជាជម្រុះចេញពីក្រុមជម្រើសជាតិជាលើកទី៥។ គួររំលឹកថា កីឡាការិនីរូបនេះត្រូវបានសហព័ន្ធជម្រុះចេញពីក្រុមជម្រើសជាតិចំនួន៤លើកក្រោយប្រឡូក្នុងវិស័យនេះអស់រយៈពេល៥ឆ្នាំ។ ប៉ុន្តែ នាង បានជាប់ជម្រើសជាតិឡើងវិញទាំង៤លើក ក្រោយជាប់ក្នុងការប្រកួតតេស្តជ្រើសរើសកីឡាករជម្រើសជាតិ។
កីឡាការិនីមកពីស្រុកកោះអណ្តែតរូបនេះបាននិយាយថា មូលហេតុដែលខ្លួន ត្រូវបានសហព័ន្ធជម្រុះចេញពីក្រុមជម្រើសជាតិ៤ឆ្នាំជាប់គ្នា ដោយសារនាងមិនសូវបានហ្វឹកហាត់ ព្រោះជាប់រវល់ជាមួយការសិក្សានិងមមាញឹកជាមួយការងារសិល្បៈ។ «ក្តីស្រមៃរបស់ខ្ញុំ គឺខ្ញុំចង់ចូលរួមប្រកួតក្នុងកីឡាស៊ីហ្គេម អ៊ីចឹងឆ្នាំនេះខ្ញុំប្តេជ្ញាខិតខំហ្វឹកហាត់ និងត្រៀមទៅស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ»។ នេះជាការបង្ហាញក្តីស្រមៃ និងការប្តេជ្ញាចិត្តរបស់កីឡាការិនី ធា សម្ផស្ស។
ទោះបីយ៉ាងនេះក្តី កីឡាការិនីដែលជាប់ជម្រើសជាតិនៅឆ្នាំ២០១៥រូបនេះអះអាងថា នាងនឹងមិនបោះបង់ចោលវិស័យណាមួយឡើយ ព្រោះវិស័យទាំងពីរជាចំណង់ចំណូលចិត្តរបស់ខ្លួន។ សម្ផស្ស បន្តថា ឆ្នាំនេះ នាង អាចបោះបង់វិស័យសិល្បៈ ហើយងាកមកពង្រឹងលើវិស័យកីឡាប៉េតង់ ដើម្បីសម្រេចគោលដៅ ដែលចង់ដណ្តើមមេដាយលើឆាកអន្តរជាតិជូនជាតិមាតុភូមិ។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗកីឡាការិនី ធា សម្ផស្ស បានបន្ថែមថា៖«ការងារសិល្បៈក៏ខ្ញុំស្រលាញ់ កីឡាក៏ខ្ញុំស្រលាញ់ តែបើខ្ញុំអាចបែងចែកពេលវេលាជាមួយសិល្បៈផង និងកីឡាផង វាក៏ជារឿងល្អ។ ដ្បិតតែខ្ញុំមិនអាចចេញទៅដណ្តើមមេដាយនៅក្រៅប្រទេសមែន ប៉ុន្តែខ្ញុំនៅតែជាកីឡាករជម្រើសជាតិ ខ្ញុំនៅតែចូលរួមហ្វឹកហាត់ ព្រោះវាជាក្តីស្រលាញ់របស់ខ្ញុំ»។
សម្ផស្ស បានចូលប្រឡូកក្នុងវិស័យកីឡាប៉េតង់តាំងពីនាងរៀននៅអនុវិទ្យាល័យមកម្ល៉េះ។ ដំបូងឡើយ នាង ជាកីឡាការិនីបាល់ទះ តែត្រូវបានគ្រូផ្ទេរឲ្យទៅលេងកីឡាប៉េតង់ ក្រោយឃើញនាងមានមាឌតូច និងកម្ពស់ទាប។ រូបគេធ្លាប់ឈ្នះជើងឯកបានចំនួនពីរក្នុងការប្រកួតជម្រើសថ្នាក់ខេត្ត ដោយទទួលបានម៉ូតូលើកទឹកចិត្តចំនួនពីរគ្រឿង។
ភាពលេចធ្លោក្នុងការប្រកួតជម្រើសជើងឯកថ្នាក់ខេត្តនេះ នៅអំឡុងឆ្នាំ២០១៤ នាង ត្រូវបានសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា ជ្រើសរើសឲ្យធ្វើជាកីឡាការិនីជម្រើសជាតិបម្រុង។ ក្រោយមកនៅឆ្នាំ២០១៥ នាង ក៏បានក្លាយជាកីឡាការិនីប៉េតង់ជម្រើសជាតិពេញសិទ្ធិ ក្រោយទទួលបានចំណាត់ថ្នាក់លេខ៣ក្នុងការប្រកួតជើងឯកថ្នាក់ជាតិ។
ក្រោយប្រឡូកអស់រយៈពេល៥ឆ្នាំកន្លងមកនេះកីឡាការិនី ធា សម្ផស្ស ធ្លាប់សាងស្នាដៃលើឆាកអន្តរជាតិជូនជាតិមាតុភូមិចំនួនពីរលើកតាមរយៈការឈ្នះមេដាយប្រាក់ក្នុងការប្រកួត Mekong Goodwill នៅប្រទេសថៃ និងមេដាយសំរឹទ្ធនៅប្រទេសវៀតណាម ។ ប៉ុន្តែកីឡាការិនីរូបនេះ មិនធ្លាប់ចូលរួមការប្រកួតកីឡា SEA Games និង Asia Games នោះទេ៕