កីឡាអន្តរជាតិ
អន្តរជាតិ
Bayern Munich ឡើងទៅវគ្គផ្តាច់ព្រ័ត្រ Champions League លើកទី១១ Gnabry (ក្រហមកណ្តាល) រកបាន២គ្រាប់ និងជាគ្រាប់បាល់ទី៩របស់គេសម្រាប់ Bayern ក្នុង Champions League រដូវកាលនេះ។ រូបថត UEFA
× ជ័យជម្នះ ៣-០ លើ Lyon នាំឲ្យ Bayern Munich ឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ជាលើកទី១១ ដោយត្រូវទៅជួបជាមួយ Paris Saint-Germain។ Serge Gnabry រកបាន២គ្រាប់នៅតង់ទីមួយ ហើយ Robert Lewandowski បន្ថែមមួយគ្រាប់នៅចុងតង់ទីពីរ។
Bayern ម្ចាស់ជើងឯក៥សម័យកាល បន្តការឈ្នះក្នុងយុទ្ធនាការ Champions League នេះ ១០ប្រកួតជាប់គ្នា ដោយស្មើកំណត់ត្រារបស់ Real Madrid នៅឆ្នាំ២០១៥ និង Bayern ខ្លួនឯងផ្ទាល់កាលពីឆ្នាំ២០១៣។ បើគិតចាប់តាំងពីខែធ្នូ មក Bayern មិនស្គាល់បរាជ័យរហូតដល់ទៅ២៨ប្រកួត។
សម្រាប់ Lyon វិញ វាមិនមែនជារឿងដ៏អាម៉ាសនោះឡើយដែលធ្លាក់ដោយសារ Bayern នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បើទោះបីជាពួកគេបានទម្លាក់ជើងឯកអ៊ីតាលី Juventus និងជើងឯករងអង់គ្លេស Manchester City ក៏ដោយ។
Karl Toko Ekambi ខ្សែប្រយុទ្ធ Lyon បាននិយាយប្រាប់ RMC Sport ថា៖ «យើងគួរតែអាចធ្វើបានល្អជាងនេះ និងអាចស៊ុតបញ្ចូលទីមុនពួកគេ ប៉ុន្តែគ្មានសំណាង។ យើងខកឱកាសបង្ហាញភាពខ្លាំងនៅចំពោះមុខក្រុមខ្លាំង។ ពួកគេពិតជាក្រុមដែលយើងមិនអាចយកឈ្នះបានមែន»។
ការរកបានពីរគ្រាប់ទៀតនាំឲ្យ Gnabry មានគ្រាប់បាល់បញ្ចូលទី៩គ្រាប់ក្នុង Champions League នារដូវកាលនេះ និងរួមចំណែកជួយមិត្តរួមក្រុមចំនួន៦គ្រាប់ទៀត នាការបង្ហាញខ្លួន៤លើកចុងក្រោយ។
លោក Hansi Flick បានរៀបរាប់ប្រាប់ Sky ថា លោកបានឃើញពីភាពខ្លាំងរបស់ Lyon ក្នុងជំនួបជាមួយ Manchester City និង Juventus ដូច្នេះលោករៀបចំឡើងលេងទម្រង់ការពារឲ្យបានល្អ និងមិនបណ្តោយឲ្យពួកគេគ្រប់គ្រងបាល់ដោយងាយនោះឡើយ។
ជមួយគ្នានេះ ខ្សែការពារកណ្តាល Alphonso Davies នឹងក្លាយជាកីឡាករកាណាដាដំបូងបំផុតដែលត្រូវបង្ហាញខ្លួននៅវគ្គផ្តាច់ព្រ័ត្រ Champions League តទល់ជាមួយ PSG នារាត្រីថ្ងៃអាទិត្យ ឈានចូលថ្ងៃចន្ទ [ម៉ោងនៅកម្ពុជា] នាកីឡដ្ឋាន Estadio da Luz ក្រុងលីស្បោន ប្រទេសព័រទុយហ្គាល់៕
© រក្សាសិទ្ធិដោយ thmeythmey.com