ពីនេះ ពីនោះ
សុខភាព
ព្យាបាល​អា​ការឈឺ​អញ្ចាញ​ឆាប់រហ័ស ដោយរូបមន្តធម្មជាតិ ​
10, Sep 2020 , 8:59 pm        
រូបភាព
​មូលហេតុ​ទូទៅ​បំផុត​ ដែល​បណ្ដាលឱ្យ​ឈឺ​អញ្ចាញ គឺ​បញ្ហា​មាត់​ធ្មេញ រួមទាំង​ជំងឺ​រលាក​អញ្ចាញធ្មេញ​។



ទោះជា​យ៉ាងណា​ អ្នក​អាច​បំបាត់​ការឈឺ​ចាប់បាន​យ៉ាង​ងាយ​ដោយ​ខ្លួនឯង​ ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​មួយចំនួន ប៉ុន្តែ​ប្រសិនបើ​ស្ថានភាព​​ហាក់​មិន​ប្រសើរឡើង​​សោះនោះ ចូរ​កុំ​ប្រញាប់​ទៅ​ជួប​​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ក្នុងការបំបាត់​អា​ការឈឺ​អញ្ចាញ​ឆាប់រហ័ស ដូចខាងក្រោម៖
 
១. ទឹកឃ្មុំ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ចាក់​ទឹកឃ្មុំ​មួយចំនួន​លើ​ម្រាមដៃ រួច​ម៉ាស្សា​ថ្នមៗ​លើ​អញ្ចាញ​។ ទឹកឃ្មុំ​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក និង​ជួយ​កម្ចាត់​បាក់តេរី​ ដែល​បង្កបញ្ហា​ឈាម​អញ្ចាញ​។ ប៉ុន្តែ​ត្រូវ​ប្រាកដថា អ្នក​បាន​លាប​ទឹកឃ្មុំ​លើ​អញ្ចាញ​ទៀងទាត់ និង​មិនមែន​លើ​ធ្មេញ​ឡើយ​។​
 
២. ខ្ពុរមាត់​ជាមួយ​ទឹកអំបិល​ក្ដៅ​ឧណ្ហៗ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​អំបិល ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១ កែវ​។ កូរ​អោយសប់ ​សឹម​ខ្ពុរ​សម្អាត​មាត់​ជាមួយ​ទឹក​ល្បាយ​នេះ​។ អនុវត្ត​អោយបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​។ 
 
៣. អំបិល ​និង​ទឹកក្រូច​ឆ្មារ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​អំបិល ១ ស្លាបព្រា​បាយ ​ជាមួយ​ទឹកក្រូច​ឆ្មារ​ស្រស់​ អោយ​ក្លាយជា​ល្បាយ​ខាប់ៗ​។ លាប​ម៉ាស្សា​ល្បាយ​ថ្នមៗ​ ត្រង់​អញ្ចាញ​ដែល​ហើម​ឈឺ​។ ទុកចោល​សម្រាប់​រយៈពេល​ប៉ុន្មាន​វិនាទី​សិន​ សឹម​ខ្ពុរ​លាង​សម្អាត​មាត់​ចេញ​ជាមួយ​ទឹក​ធម្មតា​។​
 
៤. ទឹកខ្មេះ​ផ្លែ​ប៉ោម​
 
​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ១ ស្លាបព្រា​បាយ​ក្នុង​ទឹក ១ កែវ​។ កូរ​អោយ​សព្វ សឹម​ខ្ពុរមាត់​ជាមួយ​ទឹក​ល្បាយ​នេះ​ជាការ​ស្រេច​។​
 
៥. ប្រើប្រាស់​កញ្ចប់​តែ​តូចៗ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ឆុងតែ​មួយកញ្ចប់​តូច​ក្នុង​ទឹក​ក្ដៅ​ដាំ​ពុះ​។ រងចាំ​រយៈពេល ២ នាទី​ក្រោយ​សឹម​យក​កញ្ចប់​តែ​ចេញ​ហើយ​ទុកអោយ​ត្រជាក់​។ បន្ទាប់មក​ស្អំ​កញ្ចប់​តែ​នោះ​លើ​អញ្ចាញ​សម្រាប់​រយៈពេល ៥ នាទី​ជាការ​ស្រេច​។​
 
៦. ប្រទាល​កន្ទុយក្រពើ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ខ្ពុរ​ទឹក​ប្រទាល​កន្ទុយក្រពើ​ស្រស់​ក្នុង​មាត់​យ៉ាងហោចណាស់ ៣ ដង​ក្នុង​មួយថ្ងៃ​។​
 
៧. ម្ស៉ៅ Baking soda
 
​លាយ​ម្ស៉ៅ baking soda ជាមួយ​ទឹក​ធម្មតា​រហូត​ក្លាយជា​ល្បាយ​ខាប់ៗ សឹម​លាប​ម៉ាស្សា​លើ​អញ្ចាញ​ដែល​ឈឺ រួច​ខ្ពុរ​សម្អាត​មាត់​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។ អ្នក​អាច​លាយ​ម្ស៉ៅ baking soda ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១ កែវ កូរ​អោយ​សព្វ សឹម​ខ្ពុរមាត់​ជាមួយ​ទឹក​ល្បាយ​។​
 
៨. រមៀត​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​រមៀត​ជាមួយ​ទឹក​ធម្មតា​ឱ្យ​ក្លាយជា​ល្បាយ​ខាប់ៗ​។ លាប​ម៉ាស្សា​ល្បាយ​ដោយ​ថ្នមៗ​លើ​អញ្ចាញធ្មេញ​ដែល​ឈឺ​និង​ទុកចោល​សម្រាប់​រយៈពេល ៥ នាទី​។ ខ្ពុរ​សម្អាត​មាត់​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com