កីឡាជាតិ
ជាតិ
ពានសម្តេច ហ៊ុន សែន៖ ទ័ព ក្រោន បឹងកេតមានភាគរយខ្ពស់ឡើងវគ្គបន្ត រីឯស្វាយរៀងអាចជួបការលំបាក សកម្មភាពប្រកួតរវាងក្រុមព្រះខ័នរាជស្វាយរៀងជាមួយសូលទីឡូអង្គរនៅជើងទី១, រូបភាពផ្តល់ដោយ CNCC
× ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិជើងទី២នៅថ្ងៃទី២០ សីហា ឆ្នាំ២០២០ នេះ មានការប្រកួតចំនួន៤គូ ហើយសុទ្ធសឹងជាការប្រកួតដ៏ជក់ចិត្ត។ ក្នុងនោះក្រុមកងយោធពលខេមរភូមិន្ទប៉ះក្រុមកែប រីឯបឹងកេតស្វាគមន៍សៀមរាប ខណៈភ្នំពេញក្រោនតទល់ជាមួយអាស៊ីអឺរ៉ុប ចំណែកសូលទីឡូអង្គរទទួលព្រះខ័នរាជស្វាយរៀង។
ក្នុងចំណោមការប្រកួតទាំង៤គូខាងលើ ក្រុមកងយោធពលខេមរភូមិន្ទ បឹងកេត ភ្នំពេញក្រោន សុទ្ធតែមានភាគរយខ្ពស់ក្នុងការឈានទៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិ ដ្បិតពួកគេត្រូវការត្រឹមលទ្ធផលស្មើ ឬចាញ់ក្រោម៤គ្រាប់តែប៉ុណ្ណោះ។ ការមានភាគរយខ្ពស់ក្នុងការឈានទៅវគ្គបន្តរបស់ក្រុមទាំង៣ គឺបន្ទាប់ពីពួកគេបានយកឈ្នះគូប្រកួតរៀងៗខ្លួននៅជើងទី១ ក្នុងនោះទ័ពយកឈ្នះកែប ១០-២ រីឯបឹងកេតស៊ីសៀមរាប ៥-០ ខណៈភ្នំពេញក្រោនឈ្នះអាស៊ីអឺរ៉ុប ៤-០។
ក្រោយរងបរាជ័យយ៉ាងដំណំនៅជើងទី១នាជំនួបក្រៅទឹកដី ក្រុមចំណាត់ថ្នាក់លេខ៣ថ្នាក់ខេត្ត កែប ត្រូវបើកទ្វារកីឡដ្ឋានខេត្តកែបទទួលស្វាគមន៍ក្រុមកងយោធពលខេមរភូមិន្ទ រីឯភ្នំពេញក្រោនទៅជួបអាស៊ីអឺរ៉ុបនៅកីឡដ្ឋាន អេ អ៊ី យូ ស្ពតផាក ខណៈបឹងកេតបើកទ្វារកីឡដ្ឋានខេមបូឌាអ៊ែរវ៉េទទួលភ្ញៀវសៀមរាប ដែលជាក្រុមលេខ៤ថ្នាក់ខេត្ត។ ការប្រកួតទាំង៣ធ្វើឡើងនៅម៉ោង៣និង៣០នាទីរសៀលដូចគ្នា។
ដោយឡែក ឱកាសឡើងទៅវគ្គ៨ក្រុមចុងក្រោយរបស់ក្រុមព្រះខ័នរាជស្វាយរៀង ទំនងជាអាចមានការលំបាកបន្តិច ទោះបីពួកគេត្រូវការត្រឹមលទ្ធផលស្មើនៅជើងទីពីរនេះក៏ដោយ។ លំបាកក៏ដោយសារតែនៅជើងទី១ ក្រុមជើងឯករងឆ្នាំចាស់មួយនេះ អាចទម្លុះសំណាញ់ទីសូលទីឡូអង្គរបានតែមួយគ្រាប់ប៉ុណ្ណោះ ហើយគ្រាប់បាល់នោះទៀតសោត កើតឡើងនៅនាទីបន្ថែមក្នុងតង់ទីពីរ។
ម្យ៉ាងទៀត ការប្រកួតជើងទីពីរត្រូវធ្វើឡើងនៅលើទឹកដីរបស់សូលទីឡូអង្គរ។ តើសូលទីឡូអង្គរ ឬព្រះខ័នរាជស្វាយរៀង ដែលមានឱកាសឈានទៅវគ្គ៨ក្រុមចុងក្រោយ? ការប្រកួតរវាងក្រុមទាំងពីរប្រព្រឹត្តទៅនៅម៉ោង៣:៣០នាទីរសៀល នាកីឡដ្ឋាន អេស អ យូ៕
Tag:
បាល់ទាត់
Hun Sen Cup 2020
© រក្សាសិទ្ធិដោយ thmeythmey.com