សង្គមអន្តរជាតិ​
អន្តរជាតិ
សមុទ្រ​ចិន​ខាងត្បូង​៖ ជម្លោះ​ដ៏​ក្តៅគគុក​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​
17, Sep 2020 , 2:39 pm        
រូបភាព
នាវាដឹកយន្តហោះUSS Nimitz និង USS Ronald Reagan របស់អាមេរិក ធ្វើសមយុទ្ធនៅក្នុងសមុទ្រចិនខាងត្បូង។ រូបភាព៖ EPA-EFE
នាវាដឹកយន្តហោះUSS Nimitz និង USS Ronald Reagan របស់អាមេរិក ធ្វើសមយុទ្ធនៅក្នុងសមុទ្រចិនខាងត្បូង។ រូបភាព៖ EPA-EFE
​សមុទ្រ​ចិន​ខាងត្បូង គឺ​ស្ថិតនៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាងលិច​។ សមុទ្រ​នេះ ត្រូវបាន​ទាមទារ​ដោយ​ប្រទេស​ចំនួន​៥ ក្នុងនោះ​មានដូចជា ចិន ម៉ាឡេស៊ី ហ្វីលីពីន ព្រុយ​ណេ និង​វៀតណាម​។ ឥណ្ឌូណេស៊ី មិនមែនជា​ភាគី​នៃ​ជម្លោះ​ឡើយ ប៉ុន្តែ​ក៏មាន​ផ្នែក​ខ្លះ​នៃ​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​ស្ថិតក្នុង​សមុទ្រ​នេះដែរ​។ តៃវ៉ាន់ ក៏​វត្តមាន​ក្នុង​ជម្លោះ​នេះ​។ ឯ​អាមេរិក ដែល​មិនមែនជា​ភាគី​ទាមទារ​ដូច​គេ​ទ ក៏​ប្រជ្រៀតចូល​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដែរ តាមរយៈ​គោលការណ៍ «​សេរីភាព​នៃ​នាវាចរណ៍​»​។



​តើ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង មាន​ភាពចម្រូងចម្រាស​យ៉ាងដូចម្តេច​? ហើយ​តើ​កន្លងមក ប្រទេស​ដែលជា​ភាគី​នៃ​ជម្លោះ បាន​ដោះស្រាយ​បញ្ហា​តាម​យន្តការ​អ្វី​? 
 
​សមុទ្រ​ចិន​ខាងត្បូង គឺជា​តំបន់​សមុទ្រ​មួយ ដែល​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ​ដូចជា​រ៉ែ ប្រេង ឧស្ម័ន​ធម្មជាតិ ត្រី និង​សម្បត្តិ​ជាច្រើន​ទៀត​។ មិនតែប៉ុណ្ណោះ វា​គឺជា​ផ្លូវ​សមុទ្រ​ដ៏​មមាញឹក​មួយ​ខាង​នាវាចរណ៍ ឬ​អាច​និយាយបានថា គឺជា​ផ្លូវដង្ហើម​ពាណិជ្ជកម្ម​របស់​ប្រទេស​ជាច្រើន​។ បើតាម​ការចុះផ្សាយ​រប​ស់​រដ្ឋបាល​ព័ត៌មាន​ថាមពល​អាមេរិក​(EIA)  ប្រេង​ឆៅ​ប្រមាណ ១៥​លាន​បារ៉ែល​ក្នុង​មួយថ្ងៃ ត្រូវបាន​ដឹកជញ្ជូន​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង ឬ​ប្រេង​ឆៅ​ច្រើន ៩០​ភាគរយ​នៃ​ប្រេង​ឆៅ​សរុប គឺ​បាន​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង នៅក្នុង​ឆ្នាំ​២០១៦​។  
 
​មិន​ត្រឹមតែ​ជា​ផ្លូវ​ពាណិជ្ជកម្ម​ទេ ប៉ុន្តែ​វា​គឺជា​ដែនសមុទ្រ​យុទ្ធសាស្ត្រ ឬ​ជា​ផ្លូវដង្ហើម​រស់​របស់​ចិន ក្នុងការ​រាំងខ្ទប់​សត្រូវ ឬ​ដៃគូ​ប្រជែង​ដូចជា​អាមេរិក​។ បើ​មើល​តាម​ភូមិសាស្ត្រ​នយោបាយ ភាគ​ខាងលិច ចិន មាន​ឥណ្ឌា​ជា​គូប្រជែង ខាងត្បូង​មាន​វៀតណាម ខាងជើង​មាន​រុស្ស៊ី ដែល​មិន​ច្បាស់​ជាស​ត្រូវ ឬ​ជា​មិត្ត ខាង​កើតមាន​ជប៉ុន ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​អាមេរិក​។ ហេតុផល​នេះ សមុទ្រ​ចិន​ខាងត្បូង គឺជា​ដែនទឹក​ដ៏​សំខាន់​សម្រាប់​ចិន បើទោះបី​ជាមាន​បណ្តា​ប្រទេស​អាស៊ាន​មួយចំនួន បានទាមទារ​ក៏ដោយ​។ 
 
​កាលពី​ឆ្នាំ​២០១៨ ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង និយាយប្រាប់​អតីត​រដ្ឋ​មន្ត្រ​ការពារជាតិ​អាមេរិក លោក James Mattis ជុំវិញ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ថា​៖ «​យើង​មិនអាច​បាត់បង់​ទឹកដី​សូម្បី​តែមួយ​អ៊ីង​(Inch) ដែល​បាន​បន្សល់ទុក​ដោយ​បុព្វបុរស​ចិន​ឡើយ​»​។ 
 


​ផែនទី​ជម្លោះ​នៃ​សមុទ្រ​ចិន​ខាងត្បូង​។ រូបភាព​៖ GIS
 
​ការទាមទារ​របស់​ភា​គី​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​
«​បន្ទាត់​ក្រហម​៩​ឆ្នូត​» គឺជា​ការទាមទារ​រប​ស់​ចិន​ស្ទើរតែ ៩០​ភាគរយ​នៃ​សមុទ្រ​ចិន​ខាងត្បូង​។ តាម​ការអះអាង​របស់​រដ្ឋាភិបាល​ចិន ការទាមទារ​របស់ខ្លួន គឺ​ផ្អែកលើ​ច្បាប់​អន្តរជាតិ ជាពិសេស​គឺ​សន្ធិសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ (UNCLOS) និង​ហេតុផល​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។ ច្បាប់​សមុទ្រ​នេះ គឺមាន​ចំណុច​មួយ កំណត់​ពី​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុន​(EEZ) ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​ជាប់​សមុទ្រ​ទាញយក​ផលប្រយោជន៍​ក្នុង​ទំហំ ៣៧០,៤​គីឡូម៉ែត្រ ឬ​២០០ nautical mile ពី​ខ្សែបន្ទាត់​មូលដ្ឋាន (Baseline)​។ ចិន​បានទាមទារ​ដែនទឹក​ប្រមាណ​ជា ២០០០​គីឡូម៉ែត្រ ពី​ដែន​គោក​របស់ខ្លួន​។ 
 
​ចំណែក​វៀតណាម គឺ​ទាមទារ​លើ​ផ្នែក​ទាំងស្រុង​នៃ​ប្រជុំ​កោះ​Paracel និង​ផ្នែក​ខ្លះ​នៃ​ប្រជុំ​កោះ Spratly នៃ​ដែនសមុទ្រ​នេះ​។ ព្រុយ​ណេ​ទាមទារ​ដែនទឹក​មួយ​ភាគ​តូច​ក្បែរ​ប្រជុំ​កោះ Spratly ខណៈពេល​ម៉ាឡេស៊ី ទាមទារ​កោះ​តូចៗ​មួយចំនួន ដែល​ស្ថិតក្នុង​ប្រជុំ​កោះ Spratly និង​ផ្នែក​ផ្សេងទៀត​នៃ​សមុទ្រ​ចិន​ខាងត្បូង​។ ចំណែក​ហ្វីលីពីន បានទាមទារ​ប្រជុំ​កោះ​Spratly ទាំងមូល និង​តំបន់​ផ្សេងទៀត​។ 
 
​ជម្លោះ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង គឺជា​បញ្ហា​ដ៏​ស្មុគស្មាញ​មួយ ព្រោះ​តំបន់​ខ្លះ​ភាគី​ជម្លោះ បានទាមទារ​លើ​តំបន់​ជាន់គ្នា​រហូតដល់​៣ ឬ ៤​ភាគី​។ តួយ៉ាង តំបន់​ប្រជុំ​កោះ Spratly ត្រូវបាន​ទាមទារ​ដោយ​វៀតណាម ហ្វីលីពីន និង​ចិន ខណៈ​ផ្នែក​ខ្លះទៀត​នៃ​សមុទ្រ​ចិន​ខាងត្បូង ទាមទារ​ដល់​ទៅ ៤​ភាគី​ឯណោះ ក្នុងនោះ​មានដូចជា ចិន វៀតណាម ព្រុយ​ណេ និង​ម៉ាឡេស៊ី​។​
​ប្រវត្តិ​ដើម​នៃ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​
 
​នៅមុន​សង្គ្រាមលោកលើកទី​២ គ្មាន​ការទាមទារ​ដែនទឹក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។ នៅក្នុង​ឆ្នាំ​១៩៤៧ សាធារណរដ្ឋ​ចិន ដែល​ដឹកនាំ​ដោយ​លោក ជាង កៃ​ជៀក​(Chiang Kai-shek) បាន​បញ្ចេញ​ផែនទី​ដំបូង​លើ​សមុទ្រ​ចិន​ខាងត្បូង ដែល​រួមមាន «​បន្ទាត់​ក្រហម ១១​ឆ្នូត​»​។ ប៉ុន្តែ​ក្រោយមក «​បន្ទាត់​ក្រហម ១១​ឆ្នូត​» ត្រូវបាន​ប្តូរ​មកជា «​បន្ទាត់​ក្រហម​៩​ឆ្នូត​»​វិញ បន្ទាប់ពី​បក្សកុម្មុយនិស្ត​ចិន បាន​គ្រប់គ្រង​ចិនដីគោក​នៅក្នុង​ឆ្នាំ ១៩៤៩​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន BBC  វៀតណាម បាន​អះអាងថា ចិន​មិនដែល​កាន់កាប់​ប្រជុំ​កោះ Paracel និង​ប្រជុំ​កោះ Spratly ឡើយ​តាំង​មុន​ឆ្នាំ​១៩៤០​មក​ម្លេះ ហើយ​ខ្លួន​ទៅវិញ​ទេ ដែល​គ្រប់គ្រង​ប្រជុំ​កោះ​ទាំងពីរ​នេះ តាំងពី​សតវត្សរ៍​ទី​១៧​កន្លងមក និង​ថែមទាំង​មាន​ភស្តុតាង​បញ្ជាក់​ផង​។​
 

ចិន​ធ្វើ​សមយុទ្ធ​យោធា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ឆ្នាំ​២០១៨​។ រូបភាព​៖ Xinhua 
 
​ក្រោយមក​នៅក្នុង​ឆ្នាំ​១៩៧៤ ចិន​បាន​ដណ្តើម​កាន់កាប់​ប្រជុំ​កោះ Paracel ពី​វៀតណាម និង​សម្លាប់​ទាហាន​វៀតណាម​ច្រើនជាង ៧០​នាក់​។ រហូតដល់​ឆ្នាំ ១៩៨៨ ភាគី​ទាំង​ពីរបាន​ប៉ះទង្គិច​គ្នា នៅក្នុង​ប្រជុំ​កោះ Spratly ថែមទៀត ដោយ​វៀតណាម​បាត់បង់​កង​នាវិក​ប្រមាណ ៦០​នាក់​។ 
 
​មួយរយៈ​ចុងក្រោយ ភាព​តានតឹង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង បាន​កើន​កម្តៅ​ជាថ្មី​។ ភាគី​ចិន និង​អាមេរិក បាន​បញ្ចេញ​សាច់ដុំ​ដាក់គ្នា​លើ​ផ្ទៃសមុទ្រ​មួយ​នេះ​។  នៅ​ដើមខែ​កក្កដា ចិន​បានធ្វើ​សមយុទ្ធ​យោធា​រយៈពេល ៥​ថ្ងៃ នៅក្បែរ​ប្រជុំ​កោះ Paracel​។ ការធ្វើ​សមយុទ្ធ​យោធា​នេះ ត្រូវបាន​វៀតណាម និង​ហ្វីលីពីន​ជំទាស់​យ៉ាងខ្លាំង​។ សម្រាប់​វៀតណាម ការធ្វើ​សមយុទ្ធ​យោធា​នេះ ជាការ​បំពាន​ដែន​អធិបតេយ្យ​វៀតណាម​ធ្ងន់ធ្ងរ ឯ​ហ្វីលីពីន​ថា ការធ្វើ​សមយុទ្ធ​យោធា​នេះ គឺ​ហួស​ព្រំ​ដែនទឹក​របស់​ចិន និង​ជា​អំពើ​បង្ករឿង​។ 
 
​ស្របពេល​ចិន​កំពុង​ធ្វើ​សមយុទ្ធ​យោធា អាមេរិក​នៅ​ថ្ងៃទី​៣ ខែកក្កដា បាន​បញ្ជូន​នាវា​ដឹក​យន្តហោះ​ពីរ​គ្រឿង​ទៅក្នុង​សមុទ្រ​ចិន​ត្បូង ដើម្បី​កម្លា​កងទ័ព​ចិន ក៏ដូចជា ធ្វើ​លំ​ហាត់​យោធា​របស់ខ្លួន និង​អនុវត្ត​សេរីភាព​នាវាចរណ៍​ក្រោម​ច្បាប់​អន្តរជាតិ​។ ការណ៍​នេះ ត្រូវបាន​ចិន រិះគន់​អាមេរិក​ថា ចង់​បង្ក​អស្ថិរភាព​នៅក្នុង​តំបន់ ដែល​បណ្តាលមកពី​សក​ម្ម​ភាព​យោធា​ទ្រង់ទ្រាយ​ធំ​របស់ខ្លួន​។ 
 
​បើទោះបីជា ប្រទេស​ទាំងពីរ​បា​នប​ញ្ចេ​ញ​សាច់ដុំ​ដាក់គ្នា​មែន ប៉ុន្តែ​ភាគី​ទាំងពីរ មិនអាច​ឈានទៅដល់​ការប្រឈមមុខ​ដាក់គ្នា​ឡើយ ព្រោះ​សមត្ថភាព​កងទ័ពជើងទឹក​របស់​ចិន មិន​ស្មើ​អាមេរិក​ឡើយ ហើយ​នាវា​ដឹក​យន្តហោះ​របស់​ចិន ក៏​តូច​ជាង​អាមេរិក​ថែមទៀត​។ បន្ថែម​ពីលើ​នេះ អាមេរិក​មាន​សម្ព័ន្ធមិត្ត​ជាច្រើន​នៅក្នុង​តំបន់ ខណៈពេល​ចិន​មាន​សត្រូវ​នៅ​ជុំវិញ​។ ជាក់ស្តែង អាមេរិក មាន​ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ឥណ្ឌា បូក​រួមទាំង​មូលដ្ឋាន​ទ័ព​នៅ​បណ្តា​ប្រទេស​មួយចំនួន​ថែមទៀត​។ 
​យន្តការ​ដោះស្រាយ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​
 
​កន្លងមក បណ្តា​ប្រទេស​អាស៊ាន និង​ចិន ក៏បាន​ដោះស្រាយ​ជម្លោះ​ជាមួយគ្នា តាមរយៈ​ផ្លូវ​ចរចា​ផងដែរ​។ នៅក្នុង​ឆ្នាំ​២០០២ អាស៊ាន និង​ចិន បាន​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​ស្តីពី​ការប្រតិបត្តិ​របស់​ភាគី​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​(Declaration of the Conduct of Parties in the South China Sea) នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី និង​ចៀសវាង​ការប៉ះទង្គិច​គ្នា​។ ក្នុង​សេចក្តីប្រកាស​មួយ​នេះ ប្រទេស​ទាំង​១១ បាន​ប្តេជ្ញា​ធ្វើ​ឲ្យ​ក្រម​ប្រតិបត្តិ​លើ​សមុទ្រ​ចិន​ខាងត្បូង (COC) ចេញ​ជា​រូបរាង​។ 
 
​សព្វថ្ងៃ អាស៊ាន និង​ចិន កំពុង​ចរចា​គ្នា​លើ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​នេះ ប៉ុន្តែ​វា​ពិបាក​ក្នុង​ការសម្រេច​កិច្ចព្រមព្រៀង​បន្តិច ព្រោះ​ចិន និង​អាស៊ាន​យល់ឃើញ​ខុសគ្នា​លើ​បញ្ហា​មួយចំនួន​។ ការយល់ឃើញ​ខុសគ្នា​នេះ អាចមាន យន្តការ​ដោះស្រាយ​ជម្លោះ​, ការមិន​កំណត់​ភូមិសាស្ត្រ​សមុទ្រ​ចិន​ឲ្យ​បានច្បាស់លាស់ ឬ​ការបកស្រាយ​នៃ​ខ្លឹមសារ​ក្រម​ប្រតិបត្តិ​ជាដើម​។ ពិសេស​នេះ ក្រម​ប្រតិបត្តិ​នេះ មានអំណាច​ចាប់បង្ខំ​ឲ្យ​ភាគី​ទាំងអស់​អនុវត្ត​។ 
 
​ការវិវត្ត​ស្ថានភាព​ចុងក្រោយ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​
​តាមរយៈ​កិច្ចប្រជុំ​កំពូល នា​ខែមិថុនា ឆ្នាំ​២០២០ កន្លងទៅ អាស៊ាន បាន​ទទូច​ឲ្យ​ភាគី​ជម្លោះ​ទាំងអស់ ប្រកាន់ និង​គោរព​តាមច្បាប់​អន្តរជាតិ ជាពិសេស​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ ឆ្នាំ​១៩៨២​។ អនុសញ្ញា​ស្តីពី​ច្បាប់​សមុទ្រ​នៃ​អង្គការសហប្រជាជាតិ​ឆ្នាំ ១៩៨២ គឺជា​លិខិតបទដ្ឋាន​គតិយុត្តិ​អន្តរជាតិ​មួយ ដែល​កំណត់​សិទ្ធិ​របស់​ប្រទេស​នីមួយៗ​នៅលើ​ដែនសមុទ្រ កំណត់​ពី​ព្រំដែន​សមុទ្រ នាវាចរណ៍ តំបន់​នេសាទ និង​ចំណុច​សំខាន់​ជាច្រើន​ទៀត​ទាក់ទិន​សមុទ្រ​។ 
 


 ប្រធានាធិបតី​វៀតណាម នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៦ ដែល​ប្រារព្ធ​ឡើង​តាម​វីដេអូ conference​។ រូបភាព​៖ Reuters
 
​នៅ​ថ្ងៃទី​១៣ ខែកក្កដា រដ្ឋមន្ត្រីការបរទេស​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​លើកឡើងថា អាមេរិក នឹង​ឈរ​ជាមួយ​សម្ព័ន្ធមិត្ត​អាស៊ីអាគ្នេយ៍ ដើម្បី​ការពារ​សមុទ្រ​ចិន​ខាងត្បូង និង​ទប់ស្កាត់​សកម្មភាព​អុង​អាត់​របស់​ចិន​។ ការបង្ហាញ​ជំហរ​ចំៗ​របស់​អាមេរិក​បែបនេះ ត្រូវ​ចិន​វាយបក​វិញ​ថា គឺជា​អំពើ​ជ្រៀតជ្រែក​ចូលមកក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ទាំង​ខ្លួន មិនមែនជា​ភាគី​នៃ​ជម្លោះ​។ 
 
​ចំណែក​ព្រុយ​ណេ ដែល​កន្លងមក ធ្លាប់តែ​ស្ងៀមស្ងាត់​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ឲ្យ​ភាគី​ជម្លោះ និង​ភាគី​ពាក់ព័ន្ធរ​រក្សា​សន្តិភាព ស្ថិរភាព និង​សុខដុម​នៅក្នុង​តំបន់ ជាពិសេស​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ មិនតែប៉ុណ្ណោះ ព្រុយ​ណេ​ក៏បាន​ទទូច​ឲ្យ​ភាគី​ទាំងនោះ ដោះស្រាយ​បញ្ហា​តាមច្បាប់​សមុទ្រ​អន្តរជាតិ​ផងដែរ​។ 
 
​រីឯ​ម៉ាឡេស៊ី នា​ចុងខែ​កក្កដា​បានធ្វើ​កំណត់​ទូត​ផ្លូវការ​មួយ​ទៅកាន់​អគ្គលេខាធិការដ្ឋាន​អង្គការសហប្រជាជាតិ​ពី​ជំហរ​របស់ខ្លួន​លើ​តំបន់​មាន​វិវាទ​សមុទ្រ​ចិន​ខាងត្បូង​។ ក្នុង​កំណត់​ទូត​នេះ ម៉ាឡេស៊ី បាន​ជំទាស់​ការទាមទារ​រប​ស់​ចិន​លើ​តំបន់​ស្ទើរតែ​ទាំងស្រុង​នៃ​សមុទ្រ​ចិន​ខាងត្បូង​តាម​សិទ្ធិ​ប្រវត្តិសាស្ត្រ ឬ​តាម​សិទ្ធិ​អធិបតេយ្យ ហើយ​ថា​ការទាមទារ​របស់​ចិន​បាន​ផ្ទុយទៅនឹង​អនុសញ្ញា​ស្តីពី​ច្បាប់​សមុទ្រ​របស់​អង្គការសហប្រជាជាតិ​ថែមទៀត​។ 
 
​នា​ចុងខែ​ឧសភា ឥណ្ឌូណេស៊ី ក៏បាន​ធ្វើ​កំណត់​ទូត​មួយ ទៅកាន់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ដែរ ដោយ​ក្នុងនោះ​ឥណ្ឌូណេស៊ី បាន​ប្រាប់​ចិន​កុំ​ឲ្យ​លូកលាន់​ក្នុង​អធិបតេយ្យ​ខ្លួន ដែលជា​ផ្នែក​មួយ​នៃ​សមុទ្រ​ចិន​ខាងត្បូង ហើយ​ចិន​គួរតែ​គោរព​តាមច្បាប់​អន្តរជាតិ​។ 
 
​សូមបញ្ជាក់ថា បើទោះបីជា សមុទ្រ​ចិន​ខាងត្បូង កើនឡើង​កម្តៅ​ក៏ពិតមែន ប៉ុន្តែ​កម្តៅ​មួយ​នេះ មិនអាច​ឈានទៅដល់​ការផ្ទុះអាវុធ​ដាក់គ្នា​ឡើយ ព្រោះ​ភាគី​ទាំងអស់​សុទ្ធតែ​ដឹងថា​ការផ្ទុះអាវុធ​ដាក់គ្នា គឺ​មិនមែនជា​រឿង​ល្អ​ទេ និង​មានតែ​ខាត​រៀងខ្លួន​។ ចំណែក​ការដោះស្រាយ​ជម្លោះ​វិញ ក៏​ពិបាក​រក​ផ្លូវ​ចេញ​ដែរ ព្រោះ​ភាគី​ជម្លោះ​យល់ឃើញ​ខុសគ្នា ក្នុងការ​ដោះស្រាយ​បញ្ហា​។ ជាក់ស្តែង​ភាគី​មួយចំនួន ចង់​នាំយក​បញ្ហា​ទៅ​ដោះស្រាយ​នៅ​តុលាការអន្តរជាតិ ខណៈពេល​ចិន​ចង់​ចរចា​ទ្វេភាគី​ជាង ព្រោះ​ការធ្វើ​បែបនេះ គឺ​ចំណេញ​សម្រាប់​ចិន​៕ 

Tag:
 ចិន​
  អាស៊ាន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com