ជាតិ
​ទោះ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ម៉ោង តែ​ខេត្ត រតនគិរី ទទួលបាន​ទេសចរ​ជិត​១​ម៉ឺន​នាក់ នៅ​ថ្ងៃទី​១៩ សីហា
20, Aug 2020 , 2:39 pm        
រូបភាព
រូបភាពពី លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី
រូបភាពពី លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី
ដោយ:
​ខេត្តរតនគិរី ដែល​ស្ថិតនៅ​ភាគ​ឦ​សាន្ត​នៃ​ប្រទេស​កម្ពុជា  ទទួលបាន​ភ្ញៀវទេសចរ​ចំនួន ៩ ៧០៤​នាក់ នៅ​ថ្ងៃទី​១៩ សីហា ដែលជា​ថ្ងៃ​៣ នៃ​ពេលវេលា​សម្រាក​សង​ចូលឆ្នាំ បើទោះជា​មាន​ភ្លៀង​ធ្លាក់​ក៏ដោយ​។ នេះ​បើតាម​របាយការណ៍​ស្ថិតិ​ភ្ញៀវទេសចរ​ប្រចាំ​សប្តាហ៍ របស់​ខេត្តរតនគិរី​។​

 
​របាយការណ៍​ដដែល​ឲ្យ​ដឹង​លម្អិត​ថា ក្នុងចំណោម​ទាំងអស់ មាន​ទេសចរ​ជាតិ​ចំនួន​៩ ៦៨១​នាក់ និង​ទេសចរ​អន្តរជាតិ ២៣​នាក់​។ ជាមួយនឹង​ការទទួលបាន​លំហូរ​ទេសចរ​ដ៏​ច្រើន កន្លែង​ស្នាក់នៅ រួមមាន​សណ្ឋាគារ និង​ផ្ទះសំណាក់​ប្រមាណ​៩៥% ក្នុងចំណោម​បន្ទប់​ស្នាក់នៅ​សរុប  ១ ១២៩ ត្រូវបាន​កក់​។ 
 

រូបភាពពី លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី

លោក ង៉ែត ពិ​ទូ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥ តាម​ទូរស័ព្ទ​បន្ថែមថា រមណីយដ្ឋាន​ដែល​សម្បូរ​ទេសចរ​ជាងគេ មាន​បឹង​លំ​កុ​ដ​, បឹង​យក្ស​ឡោម ទឹកជ្រោះ​៧​ជាន់​) និង​ទឹកធ្លាក់​កាចា​ញ​ជាដើម​។ លោក ង៉ែត ពិ​ទូ រៀបរាប់​ដូច្នេះ​ថា​៖« ទេសចរ​ទៅ​កម្សាន្ត​ច្រើន​ជា​រមណីយដ្ឋាន​នៅ​ជិត​ទី​រួម​ខេត្ត ដែលមាន​ទេសចរ​ទៅ​កម្សាន្ត​ច្រើនជាងគេ​គឺ​ទី​១ បឹង​លំ​កុ​ដ ទី​២​បឹង​យក្ស​ឡោម ទី​៣​ទឹកធ្លាក់​អូ​ស៊ិន​លែ​រ៍​(​ទឹកជ្រោះ​៧​ជាន់​) និង​ទី​៤​ទឹកធ្លាក់​កាចា​ញ​»​។ 
 
​ក្រៅពី​តំបន់​សក្តានុពល​ទេសចរណ៍ធម្មជាតិ​ដែល​នៅ​ជិត​ទី​រួម​ខេត្ត បណ្តា​ទីតាំង​ទេសចរ​ដែល​ស្ថិតនៅតាម​បណ្តា​ស្រុក​នានា​នៃ​ខេត្តរតនគិរី ក៏​ទទួលបាន​ទេសចរ​ច្រើន​ដែរ​។ 
 
​ទោះជា​យ៉ាងនេះ​ក្តី លោក ង៉ែត ពិ​ទូ បញ្ជាក់ថា  កាលពី​ថ្ងៃទី​១៩ សីហា​នោះ អាកាសធាតុ​នៅ​រតនគិរី មិនសូវ​ជា​អំណោយផល​ប៉ុន្មាន​ឡើយ ដោយមាន​ភ្លៀង​ធ្លាក់​តាំងពី​យប់ រហូតដល់​ម៉ោង​១១​ថ្ងៃត្រង់​។ សម្រាប់​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រូបនេះ បញ្ហា​អាកាសធាតុ ក៏បាន​រារាំង​ដល់​ដំណើរ​កម្សាន្ត​របស់​ប្រជាពលរដ្ឋ​ខ្លះ​ដែរ ដោយសារ​នៅ​តំបន់​ខ្លះ ផ្លូវ​រអិល​ពិបាក​ធ្វើដំណើរ​៕
 


រូបភាពពី លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី

© រក្សាសិទ្ធិដោយ thmeythmey.com