ជាតិ
សហគមន៍ «​បឹង​ឈូក​» ក្លាយជា​តំបន់​ទេសចរណ៍​សំខាន់​មួយ​នៅ​បន្ទាយស្រី​
20, Aug 2020 , 7:29 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បឹង​ឈូក គឺជា​សហគមន៍​ទេសចរណ៍​បង្គោល​មួយ​នៅក្នុង​ស្រុក​បន្ទាយស្រី ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​ច្រើន​។ បើទោះបី វិស័យ​ទេសចរណ៍​កម្ពុជា កំពុង​រង​ផលប៉ះពាល់​ដោយ​កូ​វីដ​-១៩ តំបន់​ទេសចរណ៍​មួយ​នៅ​ស្រុក​បន្ទាយស្រី នៅតែមាន​ប្រាក់ចំណូល​កើនឡើង ក្នុង​រយៈពេល​១០​ខែ​ចុងក្រោយ​។​





​អភិបាលស្រុក​បន្ទាយស្រី លោក ឃឹម ហ្វី​ណង់ នៅ​ថ្ងៃទី​១៣ ខែសីហា បាន​បញ្ជាក់ថា​៖ «​នៅក្នុង​មួយថ្ងៃ មាន​អ្នកទេសចរ ចន្លោះ​ពី​៥០០​នាក់ ទៅ​១​ពាន់​នាក់ បាន​មកលេង​កម្សាន្ត​នៅ​តំបន់​បឹង​ឈូក​នេះ​។ សហគមន៍​បឹង​ឈូក ទទួលបាន​ចំណូល​ពី ៩​លាន ទៅ​៣០​លាន​រៀល​ក្នុង​មួយខែ​»​។ 
 
​លោក​បន្តថា សម្រស់​ធម្មជាតិ​ព្រៃភ្នំ​ដ៏​ស្រស់ស្អាត​, ផ្ទៃ​បឹង​ធំ​ល្វឹងល្វើយ​, និង​ខ្យល់អាកាស​បរិសុទ្ធ គឺជា​កត្តា​ចម្បង​ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ មកលេង​កម្សាន្ត​ច្រើនយ៉ាង​ដូច្នេះ​។ លើសពីនេះ អ្នកទេសចរ អាច​ជិះទូក​កម្សាន្ត​មើល​ព្រៃកោងកាង​, ទស្សនា​សត្វ​ស្លាប​, និង​ជីវៈចម្រុះ​ច្រើន​ប្រភេទ​។ 
 
​អភិបាលស្រុក​រូបនេះ សង្ឃឹមថា នៅ​ថ្ងៃ​ឈប់​ជំនួស​ចូលឆ្នាំ ភ្ញៀវទេសចរ​នឹង​មកលេង​កម្សាន្ត​នៅក្នុង​ស្រុក​បន្ទាយស្រី​ចន្លោះ​ពី ៤​ម៉ឺន​ទៅ ៥​ម៉ឺន​នាក់​។ ក្នុងនោះ បឹង​ឈូក​គឺជា​គោលដៅ​សំខាន់​មួយ​ក្នុងចំណោម​តំបន់​ផ្សេងៗ​ទៀត​ដូចជា រមណី​ដ្ឋា​ន​ធម្មជាតិ​ភ្នំ​គូលែន​, សួនផ្កា​ចម្រុះ​ពណ៌​, និង​ភូមិ​ព្រះ​ដាក់ ដែលជា​ភូមិ​គំរូ​ជាដើម​។​
 
​គួរបញ្ជាក់​ផងដែរ​ថា បឹង​ឈូក​មាន​ផ្ទៃដី​សរុប ១៦៧​ហិកតា និង​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ការពារ​ថែរក្សា និង​អភិរក្ស​ជីវៈចម្រុះ និង​ពូជ​ត្រី​នៅក្នុង​តំបន់​នោះ​៕






 

© រក្សាសិទ្ធិដោយ thmeythmey.com