កីឡាអន្តរជាតិ
អន្តរជាតិ
លោក Conte ដឹកនាំ Inter ដណ្តើមពាន Europa ជាមួយ​ជើងឯក​៥​សម័យកាល Sevilla យប់​នេះ​
21, Aug 2020 , 2:08 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក Antonio Conte អ្នកចាត់ការ​ទូទៅ Inter Milan បាន​ប្រាប់​កូនក្រុម​លោក​ថា ប្រ​វ​ត្ដិ​សាស្ដ្រ​ចង​ចាំតែ​អ្នកឈ្នះ​ប៉ុណ្ណោះ​។ លោក​ក្រើនរំលឹក​កូនក្រុម​ដូច្នេះ នៅមុន​ពេល Inter ត្រូវ​តតាំង​ជាមួយ Sevilla ដើម្បី​ប្រជែង​ពាន UEFA Europa League វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាត្រី​ថ្ងៃទី​២១ ខែសីហា វេលា​ម៉ោង ២:០០​នាទី អា​ធ្រា​ត្រ [​ម៉ោង​នៅ​កម្ពុជា​]​។​

 
​លោក Conte អតីត​គ្រូបង្វឹក​ក្រុម​តោ​ខៀវ Chelsea និង Juventus បាន​ត្រៀមខ្លួន​រួចស្រេច​ក្នុង បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី តាមរយៈ​ការជួយ Inter ឲ្យ​ស្គាល់​ជាតិ​ពាន​អឺរ៉ុប​វិញ​ក្រោយ​អាកខាន​រយៈពេល​១០​ឆ្នាំ​។ នៅមុន​ជួបគ្នា​ជាមួយ Sevilla នៅ​កីឡដ្ឋាន RheinEnergieSTADION ប្រទេស​អាល្លឺម៉ង់ អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​រូបនេះ បាន​សម្រក់​ទឹកភ្នែក និង​រៀបរាប់​ពាក្យ​ក្នុង​ចិត្ត​នៅ​ចំពោះមុខ​កូនក្រុម​ខ្លួន​។​
 
«​មនុស្ស​ចាំបាន​តែ​អ្នកឈ្នះ​ប៉ុណ្ណោះ​»​។ លោក Conte ប្រាប់​កីឡាករ Inter Milan ទាំងអស់​ដូច្នេះ ដើម្បី​ជាការ​រំលឹក​និង​ជំរុញ​ទឹកចិត្ត​កូនក្រុម​ក្នុង​ដណ្តើម​យកពាន Europa League សម្រាប់​រដូវ​កាល ២០១៩-២០​នេះ​។​


 
​ជោគជ័យ​ចុងក្រោយ​របស់ Inter សម្រាប់​ពាន​អឺរ៉ុប​បានកើត​ឡើង​នៅពេល​លោក Jose Mourinho ជា​អ្នកចាត់ការ​ដោយ​ជួយ​ក្រុម​នៅ​អ៊ីតាលី​នេះ​ឈ្នះ Champions League កាលពី​ឆ្នាំ ២០១០​។ យ៉ាងណា បើ​លោក Conte អាចជួយ​ក្រុម​ឈ្នះ Europa League នៅ​យប់​នេះ មានន័យថា Inter នឹង​ស្គាល់​ពាន​អឺរ៉ុប​ក្រោយ​រយៈពេល​១០​ឆ្នា បើ​ទោះ​នេះ​ជា​ពាន​កម្រិត​ទី​ពីរ​បន្ទាប់ពី Champions League ក្តី​។​
 
​លោក Conte វ័យ​៥១​ឆ្នាំ ដែល​ធ្លាប់​ឈ្នះ​ជើងឯក Champions League ឆ្នាំ ១៩៩៦ និង UEFA Cup ឆ្នាំ ១៩៩៣ ជាមួយ​ក្រុម Juventus បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា កាល​លោក​នៅ​ជា​កីឡាករ​លោក​លេង​បាន​ច្រើន និង​មាន​បទពិសោធ​ច្រើន​ក្នុង​ពាន​អឺរ៉ុប​នេះ​។ «​ខ្ញុំ​ធ្លាប់​ឈ្នះ ប៉ុន្តែ​ខ្ញុំ​ធ្លាប់​ចាញ់​ច្រើ​ដង​ណាស់​។ មនុស្ស​ចងចាំ​តែ​ពេល​អ្នកឈ្នះ​ទេ​។ ខ្ញុំ​ធ្លាប់​ឈ្នះ​ជើងឯក Champions League ប៉ុន្តែ​ខ្ញុំ​ចាញ់ ៣ ដង​ឯណោះ​។ នៅក្នុង​ប្រវត្តិសាស្ត្រ​ចង​ចាំតែ​អ្នកឈ្នះ​ប៉ុណ្ណោះ​»​។ 
 
Inter Milan ធ្លាប់ជា​ម្ចាស់​ជើងឯក Europa League ៣​សម័យ​រួចមកហើយ​ក្នុង​ឆ្នាំ ១៩៩១, ១៩៩៤ និង ១៩៩៨ និង​ជា​ក្លិប​ទី​២​នៅ​អឺរ៉ុប​ដែល​ឈ្នះ​ពាន​នេះ​ច្រើនជាងគេ​បន្ទាប់ពី Sevilla ដែល​ឈ្នះ​ច្រើនជាងគេ​ចំនួន​៥​លើក ខណៈ Juventus, Liverpool និង AT-Madrid ឈ្នះ​៣​លើក​ដូចគ្នា​៕

Tag:
 Europa League
  Inter Milan
  Sevilla
© រក្សាសិទ្ធិដោយ thmeythmey.com