សេដ្ឋកិច្ច
អន្តរជាតិ
បុរសពីរនាក់ រកឃើញមាស២ដុំតម្លៃ២៥ម៉ឺនដុល្លារនៅអូស្ត្រាលី លោក Brent Shannon (ឆ្វេង), លោក Ehtan West និងឪពុកលោក West (រូបពី៖ Discovery Channel)
× មាស២ដុំធំៗ ទម្ងន់៣,៥គីឡូក្រាម ត្រូវបានរកឃើញដោយបុរស២នាក់ ក្នុងភាគខាងត្បូងនៃប្រទេសអូស្ត្រាលី ។ មាសសុទ្ធទាំងនេះ ត្រូវបានគេប៉ាន់ស្មានជាទឹកប្រាក់ប្រមាណ ២៥ម៉ឺនដុល្លារ។
បុរសទាំងពីរនាក់ គឺ លោក Brent Shannon និងលោក Ehtan West បានរកឃើញមាសនេះនៅក្បែរទីក្រុងដែលគេនិយមរុករកមាសមួយឈ្មោះថា Tarnagulla ក្នុងរដ្ឋ Victoria ។ សកម្មភាពរុករករបស់ពួកគេ ត្រូវបានបង្ហាញក្នុងកម្មវិធីទូរទស្សន៍របស់ប៉ុស្តិ៍ Discovery Channel ក្រោមចំណងជើងថា «Aussie Gold Hunters»។
កម្មវិធីដែលបានចាក់ផ្សាយកាលពីថ្ងៃទី ២០ ខែសីហានេះ បានបង្ហាញថា បុរសទាំងពីរនាក់នេះ បានធ្វើសកម្មភាពជីកកកាយដី ហើយបានប្រើឧបករណ៍ដើម្បីរកមាសក្នុងតំបន់នោះ។ ការរុករករាប់ម៉ោងនេះក៏ទទួលបានជំនួយពីឪពុករបស់លោក West ផងដែរ។ យោងតាមការចុះផ្សាយរបស់ទូរទស្សន៍អាមេរិក CNN លោក Ethan West និយាយថា នេះគឺជារឿងអស្ចារ្យបំផុតដែលអាចរកឃើញមាស២ដុំបានក្នុងពេលត្រឹមមួយថ្ងៃ។
ក្នុងសេចក្តីប្រកាសព័ត៌មាន ទូរទស្សន៍ប៉ុស្តិ៍ Discovery Channel បានអះអាងថា អ្នកប្រមូលមាស អាចចំណាយរហូតដល់៣០ភាគរយលើសតម្លៃមាស២ដុំដែលពួកគេបានប៉ាន់ស្មាន។ កម្មវិធីទូរទស្សន៍ «Aussia Gold Hunters» ត្រូវបានចាប់ផ្ដើមចាក់ផ្សាយលើទូរទស្សន៍ Discovery Channel កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៦។ កម្មវិធីនេះ ទទួលបានជោគជ័យខ្លាំង ហើយចាក់ផ្សាយក្នុង១២៥ប្រទេស។ រដូវកាលទី៥របស់កម្មវិធីនេះ បានផ្ដើមចាក់ផ្សាយនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២០ ដែលមាន២០វគ្គ។
ក្រៅពីបុរសទាំងពីរនេះ ក្នុងឆ្នាំ២០១៩ បុរសអូស្ត្រាលីម្នាក់ទៀត បានរកឃើញមាស១ដុំតម្លៃ១,៤គីឡូក្រាម ដែលគិតជាលុយ ៦៩ ០០០ដុល្លារ ដោយប្រើឧបករណ៍រកមាស។ មែនទែនទៅ ការជីករ៉ែមាសក្នុងប្រទេសអូស្ត្រាលី បានចាប់ផ្ដើម ក្នុងទសវស្សរ៍ឆ្នាំ១៨៨០ ហើយបន្តជាឧស្សាកម្មដ៏សំខាន់ក្នុងប្រទេសនេះ៕
Tag:
អូស្ត្រាលី
មាស
Discovery Channel
© រក្សាសិទ្ធិដោយ thmeythmey.com