ជាតិ
ខ្នងភ្នំ​គិរី​រម្យ និង​ក​សិ​ទេសចរណ៍ ម៉ុង ឫទ្ធី​សែន​ជ័យ សក្តានុពល​ទេសចរណ៍​ដ៏​ទាក់ទាញ​នៅ​កំពង់ស្ពឺ​
21, Aug 2020 , 9:29 pm        
រូបភាព
ដោយ:
ភ្ញៀវទេសចរ​ទៅលេង​ខេត្តកំពង់ស្ពឺ ចាប់ពី​ថ្ងៃទី ១៧-២០ ខែសីហា ឆ្នាំ​២០២០ មាន​ចំនួន ៣​ម៉ឺន​នាក់ ក្នុងនោះ​មាន ២​កន្លែង​ដែលមាន​អ្នកទេសចរ​ទៅលេង​ច្រើនជាងគេ​គឺ ខ្នងភ្នំ​គិរី​រម្យ និង​តំបន់​ក​សិ​ទេសចរណ៍ ម៉ុង ឬ​ទ្ធី​សែន​ជ័យ​។ នេះ​បើតាម​លោក សៅ សារ៉ន ប្រធាន​មន្ទី​ទេសចរណ៍​ខេត្តកំពង់ស្ពឺ​ប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី ២១ ខែសីហា ឆ្នាំ​២០២០​។​

 
​លោក​បាន​បន្ថែមថា អំឡុង​ថ្ងៃ​ឈប់សម្រាក កន្លែង​ទាំងពីរ​ខាងលើ​ក្នុង​មួយថ្ងៃ ទទួលបាន​អ្នកទេសចរ​ពី ២ ០០០ នាក់ ទៅ ៣ ០០០​នាក់​។ ដោយឡែក នៅ​ភ្នំ​ខ្នង​ផ្សារ​ក្នុង​មួយថ្ងៃ​មាន​អ្នកទេសចរ ១៥០​នាក់ ទៅ ២០០​នាក់ និង​ថ្ងៃ​ចុងក្រោយ នៅ​ខ្នង​ផ្សារ​មាន​ទេសចរ​តិចតួច ដ្បិតថា​ជា​កន្លែង​កម្សាន្ត​បែប​ផ្សងព្រេង និង​ត្រូវ​ធ្វើដំណើរ​ដោយ​ថ្មើ​ជើង​។ 
 
​បញ្ហា​បរិស្ថាន មិន​ចោទ​ជា​បញ្ហា​នោះទេ ទោះបី​មាន​អ្នកទេសចរ​ទៅលេង​ច្រើន​ក៏ដោយ​។ អជ្ញាធរ​ខេត្ត​បាន​ចុះ​ផ្សព្វផ្សាយ​ជាប្រចាំ ហើយ​អ្នកទេសចរ​កាន់តែ​យល់ដឹង​ខ្ពស់ និង​មានការ​ទុកដាក់​សំរាម​បាន​ត្រឹមត្រូវ​។​
 
​ក្រៅពី​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​ដូចជា ភ្នំ ទឹកជ្រោះ កំពង់ស្ពឺ​ក៏មាន​រមណីយដ្ឋាន​កែច្នៃ​ច្រើន ដូចជា តំបន់​កែច្នៃ​អូរ​សុំ​ចត ក្បែរ​ភ្នំ​គិរី​រម្យ តំបន់​ក​សិ​ទេសចរណ៍ ម៉ុង ឬ​ទ្ធី​សែន​ជ័យ និង​កន្លែង​ផ្សេងៗ​ទៀត​។ 
 
​តាម​របាយការណ៍​រប​ស់​ខេត្តកំពង់ស្ពឺ​មាន​តំបន់​ទេសចរណ៍​ចំនួន ១៣​កន្លែង ក្នុងនោះ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មាន ៤​កន្លែង រមណីយដ្ឋាន​ធម្មជាតិ​មាន ៨​កន្លែង និង​មាន​សារមន្ទីរ​នរៈ​បុរី ១​កន្លែង​។ ដោយឡែក​តំបន់​ទេសចរណ៍​ផ្សងព្រេង​មាន ២​ទីតាំង​គឺ ភ្នំ​ឱ​រ៉ា​ល់ និង ភ្នំ​ខ្នង​ផ្សារ​។ ដោយឡែក​សម្រាប់​ឆ្នាំ​២០១៩ មាន​ភ្ញៀវទេសចរ​ចំនួន ៣១៧ ៥៩១ នាក់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com