សង្គមអន្តរជាតិ​
អន្តរជាតិ
តៃវ៉ាន់ ប្រាប់​ចិន​កុំ​មើលស្រាល​ការតាំង​ចិត្ត​ដើម្បី​ការពារ​ទឹកដី​របស់ខ្លួន
21, Aug 2020 , 9:59 pm        
រូបភាព
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen (កណ្ដាល) និងរដ្ឋមន្ត្រីការពារជាតិ Yen Teh-fa (ស្ដាំ) អំឡុងពេលទស្សនកិច្ចនៅទីបញ្ជាការអាវុធហត្ថ។ រូបភាព AFP
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen (កណ្ដាល) និងរដ្ឋមន្ត្រីការពារជាតិ Yen Teh-fa (ស្ដាំ) អំឡុងពេលទស្សនកិច្ចនៅទីបញ្ជាការអាវុធហត្ថ។ រូបភាព AFP
​ខណៈដែល​ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ឡើងក​ម្ដៅ តៃវ៉ាន់​បាន​ផ្ញើ​សារ​ដាស់តឿន​មួយ​ទៅកាន់​ចិន ដែល​ធ្វើ​សកម្មភាព​យោធា​កាន់តែ​ញឹកញាប់​នៅក្បែរៗ​តៃវ៉ាន់​នោះ​។ ក្នុង​សារ​វីដេអូ​មួយ ក្រសួងការពារជាតិ​តៃវ៉ាន់​អះអាងថា ចិន​មិនគួរ​មើលស្រាល​ការតាំង​ចិត្ត​របស់​តៃវ៉ាន់​ក្នុងការ​ការពារ​ទឹកដី​របស់ខ្លួន​ឡើយ ហើយ​សកម្មភាព​យោធា​របស់​ចិន នឹងធ្វើ​ឲ្យ​ប្រជាជន​តៃវ៉ាន់​កាន់តែ​ក្លាហាន​ថែមទៀត​។

 
​មួយរយៈ​ពេល​ចុង​ក្រោយនេះ ចិន​បាន​បង្កើន​សកម្មភាព​យោធា​របស់ខ្លួន​នៅក្បែរ​កោះ​តៃវ៉ាន់ ដែល​ចិន​ចាត់ទុកជា​ខេត្ត​មួយ​ត្រូវ​បង្រួបបង្រួម ទោះ​ត្រូវ​ប្រើ​កម្លាំង​ក្ដី​។ ថ្មីៗ​នេះ ចិន​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាបបែក និង​ធ្វើ​សមយុទ្ធ​យោធា​នៅក្បែរ​កោះ​តៃវ៉ាន់​ផងដែរ​។ ប៉ុន្តែ​តៃវ៉ាន់​ហាក់​មិន​ញញើត​នឹង​សកម្មភាព​គំរាម​បែបនេះ​ឡើយ​។​
 
​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថ្ងៃទី​២០ ខែសីហា​ដែល​អមដោយ​វីដេអូ​បង្ហាញ​ពី​ការធ្វើ​សមយុទ្ធ​យោធា​របស់ខ្លួន ក្រសួងការពារជាតិ​តៃវ៉ាន់ និយាយថា សមយុទ្ធ​នេះ បង្ហាញ​ពី​អាកប្បកិរិយា​រឹងមាំ​របស់​តៃវ៉ាន់​ទៅនឹង​សម្ពាធ​របស់​កងទ័ព​រំ​ដោះ​ប្រជាជន​របស់​ចិន​កុម្មុយនីស្ត​។ ក្រសួងការពារជាតិ​តៃវ៉ាន់​បន្តថា តៃវ៉ាន់ នឹងមិន​បង្ករឿង​មុន​ឡើយ តែ​ក៏​មិន​បង្ហាញ​ភាពទន់ខ្សោយ​របស់ខ្លួន​ដែរ​។ 
 
«​មិនត្រូវ​មើលស្រាល​ការតាំង​ចិត្ត​របស់​យើង​ក្នុងការ​ការពារ​តៃវ៉ាន់​ជាដាច់ខាត​។​» នេះ​ការ​ដាស់តឿន​របស់​ក្រសួង​ខាងលើ មុន​បន្តថា សកម្មភាព​បង្កហេតុ និង​ការ​គំរាម​របស់​ចិន នឹងធ្វើ​ឲ្យ​ប្រជាជន​តៃវ៉ាន់​កាន់តែ​រួបរួម និង​មើលឃើញ​ពី​យោធានិយម​របស់​ចិន​កុម្មុយនីស្ត​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​ក្នុង​វីដេអូ​ដែល​បង្ហោះ​ដោយ​ក្រសួងការពារជាតិ​វិញ គេ​ឃើញ​មាន​យន្តហោះ​ចម្បាំង F-16 មី​ស៊ី​លបាញ់​ចេញពី​ជើង​ទម្រ​លើដី និង​ពី​សមុទ្រ ក៏ដូចជា​ទាហាន​ក្នុង​សមយុទ្ធ​ផងដែរ​។ តៃវ៉ាន់​ដែល​ប្រឈម​មុខការ​គំរាម​ទាំងយប់​ទាំង​ថ្ងៃនោះ បាន​បង្កើន​សមត្ថភាព​យោធា​របស់ខ្លួន​ជា​លំដាប់​ចាប់តាំងពី​លោកស្រី Tsai Ing-wen ឡើង​ធ្វើជា​ប្រធានាធិបតី​នៅ​ឆ្នាំ​២០១៦ មក​។ លោកស្រី​បាន​ដាក់ចេញ​កម្មវិធី​ធ្វើ​ទំនើបកម្ម​យោធា និង​ទិញ​អាវុធ​កាន់តែច្រើន​ពី​អាមេរិក​។​
 
​តាំងពី​លោកស្រី Tsai ក្លាយជា​ប្រធានាធិបតី​មក​នោះ ចិន​បាន​បង្កើន​សកម្មភាព​យោធា​របស់ខ្លួន​កាន់តែខ្លាំង​ដែរ ក្នុងន័យ​គំរាម​តៃវ៉ាន់​ពី​ការផ្ដាច់​ខ្លួន​។ ម្ដង​ជា​ពីរដង ចិន​តែង​និយាយ​ច្បាស់​ថា ខ្លួន​មិន​រអា​នឹង​ប្រើប្រាស់​កម្លាំងយោធា​ដើម្បី​គ្រប់គ្រង​តៃវ៉ាន់​ឡើយ ហើយ​បើ​តៃវ៉ាន់​ហ៊ាន​ប្រកាស​ឯករាជ្យ​នោះ យោធា​ចិន​នឹង​ចូល​សង្គ្រប់​តៃវ៉ាន់​ភ្លាម​៕
 
 

Tag:
 តៃវ៉ាន់​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com