ជាតិ
ខេត្តព្រះវិហារនាំចេញ«ចេកណាំវ៉ា» យ៉ាងហោចណាស់១០០តោន ក្នុងមួយថ្ងៃ កសិករដាំដំណាំនេះច្រើនជាងគេ មានស្រុកត្បែងមានជ័យ ស្រុកគូលែន និងស្រុកសង្គម។ រូបថត Poeung Tryda
× ដំណាំ«ចេកណាំវ៉ា»របស់ខេត្តព្រះវិហារ អាចនាំទៅទីផ្សាររាជធានីភ្នំពេញ និងខេត្តសៀមរាប បានយ៉ាងហោចណាស់១០០តោន ជារៀលរាល់ថ្ងៃ។ នេះជាការលើកឡើងរបស់លោក ពីង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ។
លោក ពឹង ទ្រីដា បានបញ្ជាក់ថា បើមុនថ្ងៃសីល មួយ ឬពីរថ្ងៃវិញ ខេត្តព្រះវិហារគឺអាចនាំចេញចេក បានរហូតដល់២០០តោន។ ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហាររូបនេះ បន្តប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី២១សីហា ឆ្នាំ២០២០ថា ការនាំចេញចេកនេះ គឺមាន៨០ភាគរយទៅកាន់ភ្នំពេញ និង២០ភាគរយទៀតទៅខេត្តសៀមរាប ដើម្បីបំពេញ តម្រូវការអ្នកបរិភោគ និងការកែច្នៃប្រចាំថ្ងៃ។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រូបថតហ្វេសប៊ុក Poeung Tryda
បើតាមលោកពឹង ទ្រីដា ខេត្តព្រះវិហារមានផ្ទៃដីដាំចេកណាំវ៉ា ជាង១ម៉ឺនហិកតា ហើយស្រុកដែលមានប្រជាកសិករដាំដំណាំនេះច្រើនជាងគេ មានស្រុកត្បែងមានជ័យ ស្រុកគូលែន និងស្រុកសង្គមថ្មី ហើយជាទូទៅប្រជាកសិករអាចប្រមូលផលចេកណាំវ៉ាបានរហូតដល់រយៈពេល៥ឆ្នាំ។
លោក ពឹង ទ្រីដា បាននិយាយដូច្នេះ៖«ដំណាំចេកនេះប្រជាកសិកម្មនាំគ្នាសម្រុកដាំច្រើន ព្រោះវាងាយស្រួលដាំ និងមិនពិបាកថែទាំ។ ចេកនេះពេលយើងដាំបាននៅឆ្នាំទី១ឬទី២ គឺវាមិនសូវឱ្យផលទេ តែដល់ឆ្នាំទី៣-ទី៤ គឺវាផលច្រើនតែម្តង»។ លោកបានបន្តថា៖«កសិករដាំចេកណាំវ៉ា១ហិកតា អាចទទួលចំណូលបានយ៉ាងហោចណាស់៨លានរៀល ក្នុងការប្រមូលផលម្តង»។
ក្រៅពីចេកណាំវ៉ានេះ ខេត្តព្រះវិហារ មានដំណាំសក្កានុពលជាច្រើនទៀតផងដែរ ដូចជា ដំណាំដំឡូវ, សណ្តែកសៀង, សណ្តែកបាយ, ល្ពៅ និងត្រឡាចជាដើម សម្រាប់ផ្គត់ផ្គត់ទីផ្សារក្នុងស្រុក និងទីផ្សារប្រទេសថៃ និងរៀតណាម។ នេះបើតាមលោក ពឹង ទ្រីដា៕
Tag:
ចេកណាំវ៉ា
ព្រះវិហារ
លោក ពីង ទ្រីដា
© រក្សាសិទ្ធិដោយ thmeythmey.com