អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក គីម ជុង​អ៊ុន ផ្ទេរអំណាច​ខ្លះ​ឲ្យ​ប្អូនស្រី និង​មនុស្ស​ជំនិត​
21, Aug 2020 , 10:59 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងប្អូនស្រី គីម យ៉ូចុង ។ រូបភាព AFP
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងប្អូនស្រី គីម យ៉ូចុង ។ រូបភាព AFP
មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​ផ្ទេរអំណាច​ដើម្បី​ចាត់ចែង​ការងារ​ប្រទេស​ឲ្យ​ប្អូនស្រី​របស់ខ្លួន និង​មនុស្ស​ជំនិត​មួយចំនួន​។ នេះ​បើតាម​ការអះអាង​របស់​ទីភ្នាក់ងារ​ចារកម្ម​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​២០ ខែសីហា​។ ការផ្ទេរអំណាច​ទៅតាម​វិស័យនេះ​មាន​គោលដៅ​កាត់បន្ថយ​ការទទួលខុសត្រូវ និង​សម្ពាធ​របស់លោក គីម ដែល​កាន់អំណាច​ពេញដៃ​តែឯង ហើយ​ម្យ៉ាង​ក៏​ដើម្បី​ចៀស​ផុតពី​ការទទួលខុសត្រូវ​ក្នុងករណី​ការអនុវត្ត​គោលនយោបាយ​ណាមួយ​បរាជ័យ​ផង​។


​នៅក្នុង​កិច្ចប្រជុំ​បិទទ្វារ​នៅ​សភាជាតិ ទីភ្នាក់ងារ​ចារកម្ម​កូរ៉េខាងត្បូង បាន​អះអាងថា លោកស្រី គីម យ៉ូ​ចុង ដែល​សព្វ​ថ្ងៃជា​នាយករ​ង​ទីមួយ​នៃ​នាយកដ្ឋាន​ចំណុះ​គណៈ​មជ្ឈិម​របស់​បក្ស​ពលករ​កូរ៉េខាងជើង និង​ត្រូវជា​ប្អូនស្រី​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន កំពុងកាន់​ចង្កូត​កិច្ចការរដ្ឋ​ខ្លះៗ ក្រោយ​ត្រូវបាន​បងប្រុស​ខ្លួន​ផ្ទេរអំណាច​ឲ្យ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។ 
 
​បន្ថែម​ពីលើ​នេះ លោកស្រី គីម ក៏​ទទួលបន្ទុក​គោលនយោបាយ​របស់​ប្រទេស​លើ​ទំនាក់ទំនង​កូរ៉េខាងត្បូង អាមេរិក និង​បញ្ហា​ផ្សេងទៀត​ផងដែរ​។ ត្រង់ចំណុច​នេះ កន្លងទៅ លោកស្រី គីម បានចេញ​សេចក្ដីថ្លែងការណ៍​ជា​ហូរហែ​ទាក់ទង​បញ្ហា​ជាមួយ​កូរ៉េខាងត្បូង និង​ការចរចា​ជាមួយ​អាមេរិក​ជាដើម​។​
 
​បើទោះបីជា​ផ្ទេរអំណាច​ខ្លះ​ឲ្យ​ប្អូនស្រី​របស់ខ្លួន លោក​គីម នៅតែ​កាន់កាប់​អំណាច​កំពូល​ដដែល​។ ការផ្ទេរអំណាច​ទៅ​ឲ្យ​លោកស្រី គីម ដើម្បី​ចាត់ចែង​ការងារ​មួយចំនួន​នេះ គឺធ្វើឡើង​បន្តិច​ម្តងៗ​។ ទីភ្នាក់ងារ​ព័ត៌មាន​សម្ងាត់​កូរ៉េខាងត្បូង បានលើកឡើង​បែបនេះ ដោយ​បន្ថែមថា មេដឹកនាំ​កូរ៉េខាងជើង មិន​ត្រឹមតែ​ចែករំលែក​អំណាច​ខ្លះ​ដល់​ប្អូនស្រី​របស់ខ្លួន​ទេ ប៉ុន្តែ​ក៏បានផ្តល់​ប្រគល់​អំណាច​ខ្លះ​មួយចំនួនទៀត​ឲ្យ​មនុស្ស​ជំនិត​របស់ខ្លួន​ផងដែរ​។ 
 
​បើតាម​ទី​ភ្នា​ក់​ខាងលើ លោក Pak Pong-ju ដែល​អនុប្រធាន​នៃ​គណៈកម្មការ​កិច្ចការរដ្ឋ និង​លោក Kim Tok-hun ដែល​ទើបត្រូវ​បានតែងតាំង​ជា​នាយករដ្ឋមន្ត្រី​ថ្មី នឹង​ទទួលខុសត្រូវ​វិស័យសេដ្ឋកិច្ច​។ ចំណែក លោក Choe Pu-il មន្ត្រី​ផ្នែក​កិច្ចការ​យោធា និង​លោក Ri Pyong-chol អនុប្រធាន​គណៈកម្មកា​រ​យោធា​មជ្ឈិម​នៃ​បក្ស​ពលករ នឹង​មើល​ការខុសត្រូវ​វិស័យ​យោធា​។ 
 
​ទាក់ទង​មូលហេតុ​វិញ ចារកម្ម​ជាតិ​កូរ៉េ​ខាង​ត្បូ​វ​លើកឡើងថា ការផ្ទេរអំណាច​ឲ្យ​លោក គីម ទៅ​ឲ្យ​ប្អូនស្រី និង​មនុស្ស​ជំនិត​របស់ខ្លួន គឺ​ដើម្បី​កាត់បន្ថយ​សម្ពាធ និង​ការទទួលខុសត្រូវ នៅពេល​ការអនុវត្ត​គោលនយោបាយ​ទាំងនោះ​ទទួល​បរាជ័យ​៕ 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com