អន្តរជាតិ
បុរសម្នាក់បង្កើត Facebook Group ដើម្បីតាមរកម្ចាស់ស្បែកជើងដែលឆ្មាខ្លួនលួច
22, Aug 2020 , 8:29 am        
រូបភាព
ដោយ: ធីតា
Jordan ជាឆ្មាមួយក្បាលដែលរស់នៅក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក។ រាល់យប់វាតែងតែចេញទៅលួចស្បែកជើងអ្នកជិតខាង។ លោក BJ Ross ដែលជាម្ចាស់ឆ្មា ភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយឃើញស្បែកជើងកាន់តែគរឡើងពីមួយថ្ងៃទីមួយថ្ងៃនៅក្នុងសួនច្បាររបស់ខ្លួន។ ទីបំផុតលោកបានសម្រេចបង្កើត Facebook Group ដោយសង្ឃឹមថា អាចរកឃើញម្ចាស់ស្បែកជើងវិញ។

 
ក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍ WTAJ TV លោក BJ Ross បានអះអាងថា ឆ្មា Jordan របស់ខ្លួន បានប្រមូលស្បែកពីពីរទៅបីក្នុងមួយយប់ ប៉ុន្តែលោកមិនដឹងប្រភពច្បាស់លាស់នោះឡើយ ដោយស្បែកជើងខ្លះមានគូ ស្បែកជើងខ្លះមានតែម្ខាង។
 
លោកបានរៀបរាប់ថា៖ «កាលពីឆ្នាំមុន វាបានពាំកណ្តុរ បក្សីងាប់ កាបូប ស្រោមដៃមក ប៉ុន្តែចាប់ពីខែមករា វាចាប់ផ្តើមពាំស្បែកជើងយកទៅដាក់ក្នុងសួន។ ដំបូងឡើយ ខ្ញុំឆ្ងល់ ហើយខ្ញុំក៏យកស្បែកជើងគ្រវាត់ចោល ប៉ុន្តែដោយសារចំនួនកាន់តែច្រើន ម្តាយខ្ញុំណែនាំឲ្យខ្ញុំស្វែងរកម្ចាស់ស្បែកជើង ដើម្បីយកទៅជូនពួកគេវិញ»។
 
ម្ចាស់ឆ្មា ជនជាតិអាមេរិករូបនេះ បានបញ្ជាក់ថា ស្បែកជើងជិត៤០ត្រូវបាន Jordan លួច ដូច្នេះលោកក៏ចាប់ផ្តើមបើកការអង្កេតដើម្បីឲ្យដឹងពីប្រភពស្បែកជើងទាំងនោះ។ លោកបានបំពាក់ឧបករណ៍ GPS នៅជាប់នឹងក Jordan ហើយដាក់កាមេរ៉ានៅក្នុងសួនច្បារ ដើម្បីតាមដានដំណើរពេលយប់របស់វា។
 
រូបភាពកាមេរ៉ា បង្ហាញថា Jordan ពិតជាបានចូលតាមផ្ទះអ្នកជិតខាងដើម្បីរកមើលទីតាំងស្បែកជើងដើម្បីលួច ដែលក្នុងនោះមានស្បែកជើងគ្រប់ប្រភេទដូចជាកវែង ប៉ាតា ជាដើម។ ពិតជាមានប្រសិទ្ធភាព ដោយ Facebook Group បានជួយឲ្យលោកដឹងពីប្រភពរបស់ម្ចាស់ស្បែកជើង៕
 








Tag:
 ឆ្មា
© រក្សាសិទ្ធិដោយ thmeythmey.com