ជាតិ
សង្គមជាតិ
សម្តេច​សង្ឃ ទេព វង្ស ចុះខ្សោយ​ព្រះ​សុខភាព ត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅ​វៀតណាម​
21, Aug 2020 , 4:32 pm        
រូបភាព
សម្តេចសង្ឃ ទេព វង្ស យាងចែកព្រះរាជអំណោយ ដល់ប្រជាពលរដ្ឋប្រមាណ២០០គ្រួសារ ក្នុងភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ (រូបពីគណនីហ្វេសប៊ុក Chea Somethy ជា សុមេធី)
សម្តេចសង្ឃ ទេព វង្ស យាងចែកព្រះរាជអំណោយ ដល់ប្រជាពលរដ្ឋប្រមាណ២០០គ្រួសារ ក្នុងភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ (រូបពីគណនីហ្វេសប៊ុក Chea Somethy ជា សុមេធី)
​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​កម្ពុជា ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​ព្រះកាយ​នៅ​មន្ទីរពេទ្យ​វៀតណាម នា​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០​នេះ​។ តាម​រូបភាព ដែល​បង្ហោះ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក Preah Maha Mangalatthadipani គេ ឃើញ​សម្តេច ទេព វង្ស ផ្ទំ​លើ​គ្រែពេទ្យ ហើយ​ត្រូវបាន​រុញ​ចូលក្នុង​រថយន្ត បញ្ជូនទៅ​វៀតណាម តាម​ច្រកព្រំដែន​បាវិត​។​

 
​សម្តេច ឃឹម សន ព្រះប្រធាន​លេខាធិការ​នៃ​លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​ថា សម្តេច ទេព វង្ស ផ្ទំលើ​គ្រែពេទ្យ ហើយ​ត្រូវគេ​លើក​ដាក់ចូល​រថយន្ត មិនមែន​ដោយសារ​សម្តេច យាង​ដើរ​មិន​រួច ឬក៏​បាត់ស្មារតី​នោះទេ​។ សម្តេច ឃឹម សន មាន​សង្ឃដីកា​ថា មុន​យាង​ឡើង​រថយន្ត សម្តេច ទេព វង្ស បាន​ព្យួរសេរ៉ូម​រួចទៅហើយ ដូច្នេះ​ក្រុមគ្រូពេទ្យ តម្រូវ​ឲ្យ​ព្រះអង្គ សម្រាក (​ផ្ទំ​)​។


សម្តេចសង្ឃ ទេព វង្ស ផ្ទំលើគ្រែពេទ្យ ហើយក្រុមគ្រូពេទ្យ លើកដាក់ក្នុងរថយន្ត បញ្ជូនទៅវៀតណាម (រូបពីគណនីហ្វេសប៊ុក Preah Maha Mangalatthadipani)

ព្រះប្រធាន​លេខា​គណៈសង្ឃ​នាយក បញ្ជាក់ថា​៖«​លោក នៅមាន​បន្ទូល​បាន​។ ពេល​រៀប​ចេញទៅ អាត្មា​អី​ទៅ​សួរ លោក នៅមាន [​បន្ទូល​] ឆ្លើយ​លា ដូច​អត់​អី​ផង សុខភាព​ហ្នឹង​...»​។​
 
​សម្តេច ឃឹម សន បន្តថា ដោយសារតែ​ព្រះ​សុខភាព​ហាក់​ខ្សោយ​និង​ទ្រុឌទ្រោម គួបផ្សំ​នឹង​ព្រះជន្ម​ច្រើន​ផង ទើប​មន្ត្រី​សង្ឃ សម្រេច​យាង​សម្តេច ទេព វង្ស ទៅ​សម្រាក​ព្រះកាយ​នៅ​វៀតណាម​។ ព្រះអង្គ មាន​សង្ឃដីកា​ថា​៖«​លោក គង់ [​អង្គុយ​] ចេះតែ​វិល [​ព្រះ​ភក្ត្រ​]​»។​
 
​សម្តេច ឃឹម សន លើកឡើងថា ចុង​ព្រះ​នេត្រ​ម្ខាង​របស់​សម្តេច ទេព វង្ស មាន​ប្រ​ជុ​យ​រាង​ធំ ហើយ​ពេទ្យ​វៀតណាម ក៏​តម្រូវ​ឲ្យ​សម្តេច វះកាត់​ប្រ​ជុ​យ​នោះ​ចេញ កាលពី​៦​ខែ​មុន​។ សម្តេច ឃឹម សន អះអាងថា ក្រោយ​វះកាត់​ប្រ​ជុ​យ​រួច សម្តេច ទេព វង្ស ក៏បាន​ជាសះស្បើយ ដោយ​មិនបាន​ប៉ះពាល់​ដល់​ព្រះ​សុខភាព​ឡើយ ហើយ​ការយាង​ទៅ​សម្រាក​ព្រះកាយ​នៅ​វៀតណាម​លើក​នេះ ក៏​មិនមែន​ដោយសារ​បណ្តាលមកពី​ការវះកាត់​នេះដែរ​។ 
 
​យ៉ាងណា សម្តេច ឃឹម សន មាន​ថេរ​ដីកា​ថា ដោយសារតែ​សម្តេច ទេព វង្ស មាន​ព្រះជន្ម​ច្រើន ដូច្នេះ ការវះកាត់ អាចធ្វើ​ឲ្យ​សុខភាព​ចុះខ្សោយ​។ សម្តេច មាន​ថេរ​ដីកា​បន្ថែមថា ម្យ៉ាងទៀត ក្រោយ​វះកាត់​រួច ពេទ្យ​វៀតណាម តម្រូវ​ឲ្យ​សម្តេច ទេព វង្ស យាង​ទៅពិនិត្យ​ព្រះ​សុខភាព​ម្តង ក្នុង​រយៈពេល​៦​ខែ តែដោយសារ​ការ​រាល​ត្បា​ត​ជំងឺ​កូ​វីដ​-១៩ ទើប​សម្តេច ទេព វង្ស ពន្យារ​ដល់​ទៅ​ប្រមាណ​២​ខែ ក្នុង​ការយាង​ទៅពិនិត្យ​ព្រះ​សុខភាព​នៅ​វៀតណាម​។  
 
​លើស​នេះ សម្តេច ឃឹម សន មាន​សង្ឃដីកា​ថា ការចុះ​ខ្សោយ​ព្រះ​សុខភាព ប្រហែលជា​មកពី​សម្តេច ទេព វង្ស យាង​ទៅកាន់​ទី​ឆ្ងាយ​។ បើតាម​សម្តេច ឃឹម សន ថ្មីៗ​នេះ សម្តេច ទេព វង្ស បាន​យាង​ទៅ​ពី​ខេត្តសៀមរាប ហើយ​ពេល​យាង​ដល់​កុដិ​វិញ ក៏​ព្រះ​សុខភាព​មិនទាន់មាន​ប​ញ្ហា​អ្វី​ដែរ រហូតដល់​ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០  ដោយ​មើលទៅ​ព្រះ​សុខភាព ចុះខ្សោយ​ខ្លាំង ទើប​មន្ត្រី​សង្ឃ សម្រេច​យាង​សម្តេច ទៅ​វៀតណាម​។ 
 
​សព្វថ្ងៃ សម្តេច ទេព វង្ស មាន​ព្រះជន្ម​៨៩​ព្រះ​វស្សា។ សម្តេច ទេព វង្ស ជាស​ម្តេច​សង្ឃ ដែលមាន​ឋានៈ​ខ្ពស់​ជាងគេ នៅ​កម្ពុជា​៕ 
 
 

Tag:
 សម្តេចសង្ឃ ទេព វង្ស
© រក្សាសិទ្ធិដោយ thmeythmey.com