ជាតិ
​ខេត្តសៀមរាប​នៅតែ​គោលដៅ​ទេសចរណ៍​នាំមុខគេ​នៅ​កម្ពុជា ប៉ុន្តែ​បន្ត​ខ្សត់​ភ្ញៀវ​បរទេស​
21, Aug 2020 , 11:29 pm        
រូបភាព
​ភ្នំពេញ​៖ ខេត្តសៀមរាប បាន​ស្គាល់​ភាព​អ៊ូអ​សារជាថ្មី នៅក្នុង​អំឡុងពេល​ឈប់សម្រាក​ជំនួស​ចូលឆ្នាំ ក្រោយ​ភាពស្ងាត់ជ្រងំ​មួយរយៈ​ធំ ដោយសារ​វិបត្តិ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​។ ខេត្តសៀមរាប បាន​ឈរ​នៅ​លេខ​រៀង​ទី​១ ជា​ខេត្ត​ដែល​បានទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​ច្រើនជាងគេ កាលពី​ថ្ងៃទី​២០ ខែសីហា តាម​ពីក្រោយ​ដោយ​ខេត្ត​ជាប់​សមុទ្រ​កែប និង​កំពត​។ ខេត្តបាត់ដំបង និង​ខេត្ត​ព្រះសីហនុ ក៏បាន​ស្វាគមន៍​ទេសចរ​ច្រើនជាង​១​ម៉ឺន​នាក់​ដែរ នា​ថ្ងៃ​ដដែល​នោះ​។​

 
​យោងតាម​ស្ថិតិ​ទេសចរ ដែល​ផ្សាយ​ដោយ​ក្រសួង​ទេសចរ នៅ​ថ្ងៃទី​២០ ខែសីហា មាន​ភ្ញៀវទេសចរ ចំនួន ៣៣៤ ៣៩១​នាក់ បាន​ដើរ​កម្សាន្ត នៅតាម​បណ្តា​រមណីយដ្ឋាន​នានា​នៅ​ទូទាំងប្រទេស​។ ក្នុងចំណោម​នោះ មាន​ភ្ញៀវ​ជាតិ​មាន​ចំនួន ៣៣១ ៨៣៦​នាក់ ទេសចរ​បរទេស​ចំនួន ២ ៥៥៥​នាក់​។​
 
​ស្ថិតិ​ទេសចរ​ដដែល បញ្ជាក់ថា ខេត្តសៀមរាប បាន​ឈរ​នៅ​លេខ​រៀង​ទី​១ ជា​ខេត្ត​ដែល​បានទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​ច្រើនជាង គឺ​ជាង ៤.៥​ម៉ឺន​នាក់ ក្នង​នោះ​ទេសចរ​បរទេស ៣០១​នាក់ ខណៈ​ខេត្ត​កែប ស្ថិតនៅ​លេខ​រៀង​ទី​២ ដែលមាន​ទេសចរ​ជាង ៣.៧​ម៉ឺន​នាក់ បាន​ទៅ​កម្សាន្ត​។ ចំណែក​ខេត្តកំពត មាន​ស្ថិតនៅ​លេខ​៣ ដែលមាន​ទេសចរ​ជាង ៣.៥​ម៉ឺន​នាក់​។​
 
​ខេត្តបាត់ដំបង ក៏មាន​ចំនួន​ទេសចរ​ប្រហាក់ប្រហែល​នឹង​ខេត្តកំពត​ដែរ គឺ​ជិត​៣.៥​ម៉ឺន​នាក់​។ ដោយឡែក​មាន​ខេត្ត​ចំនួន​៦ ដែល​បានទទួល​បានទេ​សចរ​ច្រើនជាង ១​ម៉ឺន​នាក់​កាលពី​ថ្ងៃទី​២០ សីហា ក្នុងនោះ​មាន ពោធិ៍សាត់​,​ព្រះវិហារ​,​កណ្តាល កោះកុង​,​រតនគិរី និង​ខេត្តកំពង់ឆ្នាំង​។ នេះ​បើតាម​ស្ថិតិ​ទេសចរ​របស់​ក្រសួងទេសចរណ៍​ដដែល ដោយបាន​ឲ្យ​ដឹង​ទៀតថា បណ្តា​ខេត្ត​ផ្សេងទៀត គឺ​សុទ្ធតែ​ទទួលបាន​ទេសចរ ក្រោម​១​ម៉ឺន​នាក់ ខណៈដែល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​, បន្ទាយមានជ័យ​,​កំពង់ឆ្នាំង​, ព្រៃវែង និង​ខេត្តស្វាយរៀង មិនមាន​កត់ត្រា​វត្តមាន​ទេសចរ​បរទេស​ទៅ​កម្សាន្ត​នោះទេ​។​
 
​សូមជម្រាបថា រដ្ឋាភិបាល​បានកំណត់​ថ្ងៃ​ឈប់សម្រាក​សង​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ រយៈពេល​៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​២១ សីហា ឆ្នាំ​២០២០​។ លោក តុ​ប សុភ័ក អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​កន្លងទៅ​ថា មាន​រមណីយដ្ឋាន​ទេសចរណ៍​ចំនួន​៥៥៧​កន្លែង នៅ​ទូទាំង​រាជធានី​ខេត្ត បើក​សេវាកម្ម​ទទួលភ្ញៀវ​ទេសច​រ​ជាតិ​-​អន្តរជាតិ ដោយ​គោរព​តាម​វិធាន​ការណែនាំ របស់​ក្រសួងសុខាភិបាល នា​ថ្ងៃ​ឈប់សម្រាក​៥​ថ្ងៃនេះ​។ តំបន់​ទេសចរណ៍​ទាំងនោះ មាន​តំបន់​ទេសចរណ៍ធម្មជាតិ កែច្នៃ វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ចំនួន​២៥៥​កន្លែង​, តំបន់​ទេសចរណ៍​ដែលមាន​សក្តានុពល  តែ​មិនទាន់​ចុះបញ្ជី​នៅ​ក្រសួង​មាន​ចំនួន​២១៩​កន្លែង​, និង​តំបន់​ទេសចរណ៍​បែប​សហគមន៍​មាន​ចំនួន​៨៣​កន្លែង​៕
 

Tag:
 សៀមរាប​
  កែប​
 ​កំពត​
© រក្សាសិទ្ធិដោយ thmeythmey.com