COVID-19
អន្តរជាតិ
ក្លាយជា​បេក្ខជន​ប្រធានាធិបតី​ផ្លូវការ លោក បៃ​ឌិន សន្យា​បញ្ចប់​ភាព​ខ្មៅ​ងងឹត​ក្រោម​ការដឹកនាំ​របស់លោក ត្រាំ​
21, Aug 2020 , 4:57 pm        
រូបភាព
​លោក ចូ បៃ​ឌិន នៅ​ថ្ងៃទី​២០ ខែសីហា (​ម៉ោង​អាមេរិក​) បានប្រកាស​ទទួលយក​ការតែងតាំង​ជា​បេក្ខភាព​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​ជា​ផ្លូវការ ជាមួយនឹង​ការសន្យា​បញ្ចប់​ភាព​ខ្មៅ​ងងឹត​នៅ​អាមេរិក​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ លោក បៃ​ឌិន ក៏​ប្ដេជ្ញាចិត្ត​ដោះស្រាយ​វិបត្តិ COVID-19 ឲ្យ​បាន ខណៈ​អាមេរិក​កំពុង​ឈរ​លេខ​មួយ​លើ​តារាង​ប្រទេស​មាន​ករណី​ឆ្លង​ច្រើនជាងគេ​។​

 
​ថ្ងៃទី​២០ ខែសីហា ជា​ថ្ងៃ​ចុងក្រោយ​នៃ​សន្និបាត​បក្ស​ប្រជាធិបតេយ្យ​។ សន្និបាត​នេះ បញ្ចប់​ទៅដោយ​ការ​ថ្លែង​សុន្ទរកថា​ទទួលយក​ការតែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​តំណាង​បក្ស​ពី​សំណាក់​លោក ចូ បៃ​ឌិន ។ លោក បៃ​ឌិន បាន​រិះគន់​ការដឹកនាំ​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ហើយ​សន្យា​ដឹកនាំ​អាមេរិក​ទៅរក​ភាពភ្លឺស្វាង និង​ការ​រួបរួមគ្នា​ឡើងវិញ​។​
 
«​ប្រធានាធិបតី​បច្ចុប្បន្ន គ្របដណ្ដប់​អាមេរិក​ទៅដោយ​ភាព​ងងឹត​យូរពេក​ហើយ​។ ប្រសិនបើ​អ្នក​ទុកចិត្ត​ខ្ញុំ​ជាមួយ​តំណែង​ប្រធានាធិបតី ខ្ញុំ​នឹង​នាំយក​អ្វី​ល្អ​បំផុត​សម្រាប់​យើងទាំងអស់គ្នា មិនមែន​អ្វីដែល​អាក្រក់​ឡើយ​។ ខ្ញុំ​ជា​មិត្ត​នៃ​ពន្លឺ មិនមែន​ភាព​ខ្មៅ​ងងឹត​ឡើយ​។​» លោក បៃ​ឌិន និយាយ​បែបនេះ​ក្នុង​សុន្ទរកថា​តាម​ប្រព័ន្ធ​អន​ឡាញ​ពី​ស្រុកកំណើត​ក្នុង​រដ្ឋ Delaware ហើយ​បន្តថា ដល់​ពេលដែល​ប្រជាជន​ទាំងអស់​រួបរួមគ្នា​។​
 
​និយាយ​ដល់​រឿង COVID-19 វិញ លោក បៃ​ឌិន ស្នើ​ឲ្យ​ប្រជាជន​អាមេរិក​ដាក់ពិន័យ​លោក ត្រាំ តាមរយៈ​ការបោះឆ្នោត​ទម្លាក់​ពី​តំណែង​ប្រធានាធិបតី​។ នៅ​អាមេរិក COVID-19 បានសម្លាប់​មនុស្ស​ច្រើនជាង​១៧​ម៉ឺន​នាក់ ហើយ​សេដ្ឋកិច្ច​ប្រទេស​ក៏​រងគ្រោះ​ខ្លាំង​ដោយសារ​វិធាន​ការបិទ​ប្រទេស​។ ក្នុង​សុន្ទរកថា​២២​នាទី លោក បៃ​ឌិន ហៅ​ចំណាត់ការ​របស់​រដ្ឋបាល​លោក ត្រាំ ជា​រឿង​មិនអាច​អត់ឱន​ឲ្យ​បានឡើយ ព្រោះ​អាមេរិក​មាន​អ្នកស្លាប់​ច្រើនជាងគេ​។​
 
​នេះ​ជាការ​ប៉ុនប៉ង​ការលើក​ទី​បី​របស់លោក បៃ​ឌិន ក្នុងការ​ប្រជែង​តំណែង​ប្រធានាធិបតី​អាមេរិក​។ សម្រាប់​យុទ្ធនាការ​ឈានទៅ​កាន់កា​របោះ​ឆ្នោត​ថ្ងៃទី​៣ ខែវិច្ឆិកា លោក បៃ​ឌិន វ័យ​៧៧​ឆ្នាំ ធ្វើបាន​ល្អ​ជាង​ការព្យាយាម​ពីរលើក​មុន ដោយ​ធ្លាក់​វគ្គ​ជម្រុះ​ផ្ទៃក្នុង​បក្ស​។ 
 
​អតីត​អនុ​ប្រធានាធិបតី​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា រូបនេះ ជ្រើសរើស​លោកស្រី កា​ម៉ា​ឡា ហារី​ស ជា​ដៃគូ​សម្រាប់​បេក្ខភាព​អនុ​ប្រធានាធិបតី​។ លោកស្រី ហារី​ស រង​បរាជ័យ​ដោយសារ​លោក បៃ​ឌិន ក្នុងការ​ជម្រុះ​បេក្ខភាព​ផ្ទៃក្នុង​បក្ស​ដែរ​៕
 
 

Tag:
 អាមេរិក​
  ចូ បៃ​ឌិន​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com