ភ្នំពេញ៖ អង្កការអន្តរជាតិ ដែលស្នើឲ្យជប៉ុន លើកបញ្ហាសិទ្ធិមនុស្សពិភាក្សាជាមួយរដ្ឋាភិបាល ដើម្បីជាការដាក់សម្ពាធលើកម្ពុជានោះ នឹងត្រូវ«បរាជ័យ»។ នេះជាការលើកឡើងរបស់លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
លោក ជិន ម៉ាលីន បានអះអាងថា គោលនយោបាយជប៉ុន គឺផ្ដោតលើការអភិវឌ្ឍជាធំ ជាពិសេសគោរពនូវអធិបតេយ្យភាព និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដ៏ទៃឡើយ ។ ដូច្នេះការស្នើឲ្យជប៉ុនដាក់សម្ពាធដល់កម្ពុជា តាមរយៈដំណើរទស្សនកិច្ចរដ្ឋមន្រី្តការបរទេសជប៉ុនមកកម្ពុជានោះ នឹងទទួលការបរាជ័យ។
អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសរសេរលើហ្វេសប៊ុក កាលពីថ្ងៃទី២០ សីហាថា៖ « ការដែលក្រុមណាមួយព្យាយាមស្នើសុំឱ្យជប៉ុនដាក់សម្ពាធនិងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដែលជារដ្ឋអធិបតេយ្យ នឹងច្បាស់ជាទទួលរងនូវភាពបរាជ័យយ៉ាងអាម៉ាស់ជាក់ជាមិនខាន»។
ទោះបីលោក ជិន ម៉ាលីន មិនបានបញ្ជាក់ពីក្រុមណាមួយក៏ដោយ ប៉ុន្តែគេដឹងថា អង្គការឃ្លាំមើលសិទ្ធិមនុស្ស( Human Rights Watch) កាលពីថ្ងៃទី១៩សីហា បានផ្ញើលិខិតស្នើឲ្យលោក ម៉ូតេហ្គី តូស៊ីមីសឺ (MOTEGI Toshimitsu) លើកយកបញ្ហាសិទ្ធិមនុស្សទៅពិភាក្សាជាមួយកម្ពុជា ដើម្បីបង្ហាញថាការពង្រឹងការពារសិទ្ធិមនុស្ស គឺជារឿងសំខាន់សម្រាប់ការធ្វើឱ្យប្រសើរឡើងរវាងទំនាក់ទំនងជាមួយប្រទេសជប៉ុន។
HRW ប្រាប់លោក ម៉ូតេហ្គី តូស៊ីមីសឺ (MOTEGI Toshimitsu) ថា៖ «កម្ពុជាកំពុងប្រឈមនឹងវិបត្តិសិទ្ធិមនុស្ស»។ អង្គការនេះ បានលើកឡើងថា រដ្ឋាភិបាលកម្ពុជានៅតែបន្តធ្វើតាមអំពើចិត្ត ដើម្បីបិទសំឡេងអ្នករិះគន់ រួមទាំងវិសោធនកម្មច្បាប់នយោបាយនិងច្បាប់សហជីពនានា ដែលមានលក្ខណគាបសង្កត់លើសិទ្ធិសេរីភាពនៃការបញ្ជេញមតិនិងការប្រមូលផ្ដុំដោយសន្តិវិធី។
អង្គការHRWបានជំរុញទៅរដ្ឋមន្រី្តការបរទេសជប៉ុនឲ្យលើកពីបញ្ហាសិទ្ធិមនុស្សក្នុងជំនួបពិភាក្សា ដោយធ្វើការដោះលែងអ្នកទោសនយោបាយគ្រប់រូប បញ្ឈប់ការយាយី និងបំភ័យដល់សកម្មជន អ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន និងសមាជិកបក្សប្រឆាំង។
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក ម៉ូតេហ្គី តូស៊ីមីត្សឺ (MOTEGI Toshimitsu) នឹងបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជា ចាប់ថ្ងៃទី២១ដល់២៣សីហា ដោយនឹងជួបជាមួយសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្ត និងលោក ប្រាក់ សុខុន រដ្ឋមន្រី្តការបរទេស ដើម្បីពិភាក្សាទំនាក់ទំនងទ្វេភាគី និងបញ្ហាតំបន់ផងដែរ។ នេះបើតាមក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ។
ចាប់ពីថ្ងៃទី២០ដល់២៥សីហា លោក ម៉ូតេហ្គី តូស៊ីមីត្សឺ (MOTEGI Toshimitsu) នឹងធ្វើដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជា, ប៉ាពូអាស៊ីនូវែលហ្គីណេ, ឡាវ និង មីយ៉ាន់ម៉ា។ ក្រៅពីកម្ពុជា អង្គការHRW ក៏ស្នើឲ្យរដ្ឋមន្ត្រីការបរទេសជប៉ុន លើកបញ្ហាសិទ្ធិមនុស្ស ពិភាក្សាជាមួយរដ្ឋាភិបាលប្រទេសទាំង៣នេះ ដើម្បីជាការដាក់សម្ពាធផងដែរ៕