ជាតិ
ឯកអគ្គរដ្ឋទូតអាមេរិក៖ «បើប្រទេសយើងទាំងពីរសន្ទនា និងធ្វើការរួមគ្នា យើងនឹងសម្រេចសមិទ្ធផលល្អច្រើន»
22, Aug 2020 , 10:15 am        
រូបភាព
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy បានបង្ហាញសុទិដ្ឋិនិយម ពីអនាគតវែងឆ្ងាយនៃចំណងមិត្តភាពរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដោយលោករំពឹងផងដែរថា ប្រទេសទាំងពីរនឹងបន្តសន្ទនា និងសហការគ្នាដើម្បីសម្រេចជោគជ័យរួមគ្នា។

 
«៧០ឆ្នាំហើយចាប់ពីប្រទេសយើងបង្កើតទំនាក់ទំនងការទូតជាផ្លូវការមក។ វាជារឿងសំខាន់ដែលយើងត្រូវសាទរសមិទ្ធផលនៃទំនាក់ទំនងទ្វេភាគីនេះ»។ លោក Patrick Murphy ថ្លែងដូច្នេះក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មានថ្មីៗស្តីពី«ជំនួយមនុស្សធម៌សហរដ្ឋអាមេរិកផ្តល់ជូនកម្ពុជា»។ 
 
ឯកអគ្គរដ្ឋទូតរូបនេះបានបន្តថា លោករំពឹងឆ្ពោះទៅរកទំនាក់ទំនងទ្វេភាគីនាពេល ៧០ឆ្នាំក្រោយ ដោយលោកមានទំនុកចិត្តខ្ពស់ថា កម្ពុជា និងអាមេរិកនឹងអាចសម្រេចបានសមិទ្ធផលសំខាន់ៗ រួមគ្នាជាច្រើនថែមទៀត បើភាគីទាំងពីរអាចបន្តសន្ទនា និងចាប់ដៃសហការគ្នាយ៉ាងជិតស្និទ្ធនោះ។
 
 
«ខ្ញុំសំឡឹងឆ្ពោះទៅរក ៧០ឆ្នាំខាងមុខទៀតក្នុងទំនាក់ទំនងរួមគ្នានៅពេលដែលយើងអាចសម្រេចបានសមិទ្ធផលល្អច្រើនផ្សេងទៀត។ ហើយខ្ញុំក៏មានសុទិដ្ឋិនិយមដែរ ដ្បិតថា ប្រសិនបើយើងធ្វើការប្រកៀកស្មាគ្នា និងសន្ទនាគ្នានោះ យើងពិតជាអាចសម្រេចបានលទ្ធផលល្អបានមិនខាន»។ លោកសង្កត់ធ្ងន់បែបនេះ។ 
 
«ខ្ញុំសំឡឹងទៅអនាគត។ ខ្ញុំមានសុទិដ្ឋិនិយម។ ខ្ញុំសង្ឃឹមថា ប្រជាជនកម្ពុជាក៏មានសុទិដ្ឋិនិយមដូចខ្ញុំព្រោះថា យើងអាចឃើញប្រជាជនកម្ពុជាចូលចិត្ត និងឲ្យតម្លៃមិត្តភាពនេះ។ ហើយពិតណាស់ថា យើងនឹងបានទទួលប្រយោជន៍ពីភាពរឹងមាំនៃមិត្តភាពនេះ។ ខ្ញុំសង្ឃឹមថា យើងនឹងដើរដល់គោលដៅនោះ»។ 
 
តាមពិតទៅកម្ពុជា និងសហរដ្ឋអាមេរិកបានបង្កើតចំណងការទូតផ្លូវការលើកដំបូងនៅក្នុងខែកក្កដាឆ្នាំ ១៩៥០ ពោលគឺបីឆ្នាំមុនកម្ពុជាទទួលឯករាជ្យពីបារាំង។ យ៉ាងណាក៏ដោយចំណងទំនាក់ទំនងទ្វេភាគីនោះប្រឈមនឹងបញ្ហារាប់មិនអស់ ដោយទំនាក់ទំនងនេះត្រូវបានកាត់ផ្តាច់ជាច្រើនលើកច្រើនសារដោយសារបញ្ហាសង្គ្រាមស៊ីវិលនៅកម្ពុជា។ ចំណងការទូតទ្វេភាគីនេះត្រូវបានស្តារឡើងវិញចុងក្រោយបំផុតនៅក្នុងឆ្នាំ ១៩៩៤។ 
 
លោក Murphy បានកត់សម្គាល់ថា ថ្វីបើវាមានរឿងស្មុគ្រស្មាញកើតឡើងក្នុងទំនាក់ទំនងទ្វេភាគីរវាងអាមេរិក និងកម្ពុជានាឆ្នាំបន្តបន្ទាប់ក្រោយទទួលបានឯករាជ្យ ហើយកម្ពុជាបានឆ្លងកាត់ការលំបាកច្រើនដូចជាសង្គ្រាមស៊ីវិលកន្លងមកក្តី កម្ពុជានៅតែអាច មានលទ្ធភាពធ្វើឲ្យខ្លួនប្រសើរឡើងវិញបាន។
 
ឯកអគ្គរដ្ឋរូបនេះបានលើកឡើងផងដែរពីការប្រឹងប្រែងជួយដល់ការអភិវឌ្ឍរបស់កម្ពុជាពីសំណាក់រដ្ឋាភិបាលអាមេរិកចាប់តាំងពីឆ្នាំ ១៩៥០ ពោលគឺ ចាប់ពីពេលដែលទំនាក់ទំនងទ្វេភាគីត្រូវបានបង្កើតឡើងមក។ ក្នុងនោះមានទំាងជំនួយមនុស្សធម៌ដែលផ្តោតការយកចិត្តទុកដាក់លើការដោះស្រាយបញ្ហាសុខភាពសាធារណៈ, អប់រំ, ហេដ្ឋារចនាសម្ព័ន្ធ, អភិបាលកិច្ច និងវិស័យសំខាន់ៗផ្សេងទៀតដែលមានជាកម្លាំងជំរុញការអភិវឌ្ឍនៅកម្ពុជា។ 
 
យោងតាមរបាយការណ៍ក្រសួងការបរទេសអាមេរិក ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះអាមេរិកបានផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជាក្នុងទំហំទឹកប្រាក់លើសពី ១,៦ ពាន់លានដុល្លារ។ អ្វីដែលសំខាន់ ជំនួយមនុស្សធម៌ថ្មីបំផុតដែលអាមេរិកផ្តល់ជូនដល់កម្ពុជានោះ កញ្ចប់ថវិកា ១១ លានដុល្លារសម្រាប់ជួយកម្ពុជាឆ្លើយតបនឹងមេរោគរាតត្បាត កូវីដ-១៩ និងជំរុញការស្តារឡើងវិញនៃសេដ្ឋកិច្ចថែមទៀតផង។ 
 
ទាក់ទិននឹងការដោះស្រាយបញ្ហាមេរោគ កូវីដ-១៩ នេះដែរ លោក Murphy បានលើកឡើងថា អ្វីដែលអាមេរិកបន្តជួយជ្រោមជ្រែងកម្ពុជានៅពេលអនាគត គឺជំរុញសមត្ថភាពក្នុងការតាមដាន ស្វែងរកឬកំណត់គោលដៅអ្នកមានប្រាស្រ័យទាក់ទងនឹងអ្នកឆ្លងមេរោគ ក៏ដូចសមត្ថភាពក្នុងការធ្វើតេស្តជាដើម។ 
 
អ្វីដែលសំខាន់នោះ លោកបន្តថា អាមេរិកក៏កំពុងវិនិយោគច្រើនសន្ធឹកលើការអភិវឌ្ឍវ៉ាក់សាំងការពារមេរោគ កូវីដ នេះផងដែរ។ លោកសង្ឃឹមថា ការងារស្វែងរកវ៉ាក់សាំងនឹងជោគជ័យនៅពេលឆាប់ៗខាងមុខដែលអាចធានាបានថា កម្ពុជា និងប្រទេសដទៃអាចប្រើប្រាស់បាននៅពេលអនាគត។
 
«នៅពេលដែលយើងស្វែងរកវ៉ាក់សាំងឃើញ បញ្ហាប្រឈមធំនោះគឺ ការចែកចាយ និងធានាថា គ្រប់គ្នានឹងទទួលបានការការពារ។ ខ្ញុំរំពឹងថា យើងនឹងធើ្វការរួមគ្នាយ៉ាងជិតស្និទ្ធនៅក្នុងដំណាក់កាលនោះទាំងនោះកម្ពុជា និងនៅកន្លែងផ្សេងទៀតលើពិភពលោក ដើម្បីធានាថា ការចែកចាយវ៉ាក់សាំងនឹងធ្វើឡើងបានត្រឹមត្រូវ»។ លោក Murphy បានសង្កត់ធ្ងន់ដូច្នេះ។ 
 
ការងារចម្បងមួយរបស់អាមេរិកគឺ ជួយកម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន ២០២២
 
ឆ្ពោះទៅអនាគត ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានលើកឡើងបន្ថែដែរថា រឿងចាំបាច់មួយទៀតដែលអាមេរិក ត្រូវជួយកម្ពុជានោះគឺ ការឈានឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅថា អាស៊ានក្នុងឆ្នាំ ២០២២ ខាងមុខ។
 
«ខ្ញុំកំពុងជួយកម្ពុជារៀបចំខ្លួនដើម្បីធ្វើជាប្រធានកិច្ចប្រជុំអាស៊ាននៅពីរឆ្នាំខាងមុខ ដ្បិតថា វាមានសារសំខាន់សម្រាប់អាមេរិកដែរ។ នេះជាតួនាទីដ៏សំខាន់»។
 
សម្រាប់ឯកអគ្គរដ្ឋទូតរូបនេះ តួនាទីប្រធានអាស៊ានរបស់កម្ពុជាក្នុងខាងមុខកាន់តែសំខាន់ជាងអតីតកាល ព្រោះថា កម្ពុជានឹងដឹកនាំកិច្ចប្រជុំសំខាន់ជាច្រើនក្នុងនោះមានវេទិកាតំបន់អាស៊ាន ក៏ដូចជា កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងកិច្ចប្រជុំដទៃផ្សេងទៀតដែល មេដឹកនាំប្រទេសមហាអំណាចធំៗ និងប្រទេសតូចៗចូលរួមដើម្បីស្វែងរកដំណោះស្រាយសម្រាប់តំបន់ និងសាកលលោកជាច្រើនផង។ 
 
និយាយដល់បញ្ហាប្រឈមក្នុងតំបន់បច្ចុប្បន្ន លោកសង្កត់ធ្ងន់ថា បញ្ហាមានច្រើន ហើយពិបាកដោះស្រាយ ក្នុងនោះមានទាំងជម្លោះសមុទ្រចិនខាងត្បូង ការគំរាមកំហែងពីបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ឧក្រិដ្ឋកម្មឆ្លងដែន និងបញ្ហាវិបត្តិមនុស្សធម៌អន្តរជាតិជាច្រើនជាពិសេសនៅមីយ៉ាន់ម៉ាផង។ ដូច្នេះហើយ ប្រធានកិច្ចប្រជុំដើរតួនាទីសំខាន់ ដោយសារកម្ពុជាត្រូវស្វះស្វែងជំរុញជំហរួមគ្នា និងមានកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសពាក់ព័ន្ធ ដើម្បីឈានទៅដោះស្រាយបញ្ហាប្រឈមទាំងនោះ។
 
តាមពិតទៅ ចាប់តាំងពីខ្លួនក្លាយជាសមាជិកអាស៊ានក្នុងខែមេសាឆ្នាំ ១៩៩៩ កម្ពុជាធ្លាប់ដឹកនាំកិច្ចប្រជុំអាស៊ានក្នុងនាមជាប្រធានប្តូរវេនពីរដងរួចមួយហើយ នោះមានក្នុងឆ្នាំ ២០០២ និងឆ្នាំ ២០១២។ 
 
 «ខ្ញុំចាប់ផ្តើមគិតពីបញ្ហានេះលឿន ហើយខ្ញុំដឹងថាប្រជាជនកម្ពុជាផ្សេងទៀតក៏ចាប់ផ្តើមគិតដូចគ្នាព្រោះវានឹងមកដល់ឆាប់ៗ។ ប្រធានអាស៊ានវិលជុំបច្ចុប្បន្ន វៀតណាមនឹងផ្ទេរតំណែងឲ្យព្រុយណេនៅពេលប៉ុន្មានខែទៀត ហើយក្រោយព្រុយណេ គឺកម្ពុជាហើយ។ 
 
«វាជាព្រឹត្តិកាណ៍ដ៏សំខាន់ ហើយខ្ញុំរំពឹងឆ្ពោះទៅរកវត្តមានរបស់ថ្នាក់ដឹកនាំអាមេរិកដែលនឹងមកចូលរួមកិច្ចប្រជុំនៅទីនេះឆ្នាំ ២០២២ ហើយយើងសង្ឃឹមថា កម្ពុជានឹងក្លាយជាម្ចាស់ផ្ទះដ៏មានសមត្ថភាពខ្ពស់មួយ»។ លោក Murphy បន្ថែមដូច្នេះ៕

Tag:
 សហរដ្ឋអាមេរិក
  កម្ពុជា
  Patrick Murphy
© រក្សាសិទ្ធិដោយ thmeythmey.com