ជាតិ
សេដ្ឋកិច្ច
ឈប់សងចូលឆ្នាំ៖ ទេសចរជាង ១.៤លាននាក់បានដើរកម្សាន្ត តែមានបញ្ហាសំរាម និងខ្វះចន្លោះវិធានសុវត្ថិភាព
22, Aug 2020 , 10:36 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ភ្ញៀវទេសចរ ចំនួន ១.៤៥៩.៣៨៦នាក់ បានដើរកម្សាន្តនៅតាមបណ្តារមណីយដ្ឋានទេសចរណ៍នានា នៅទូទាំងប្រទេសកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃពេលសម្រាកសងចូលឆ្នាំ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ សីហា។ នេះបើតាមរបាយការណ៍បឋមរបស់មន្ទីរទេសចរណ៍រាជធានីខេត្ត ដែលផ្សព្វផ្សាយដោយក្រសួងទេសចរណ៍។ ក្រសួងទេសចរណ៍ បានវាយតម្លៃបឋមថា លំហូរបានផ្តល់ភាពរីករាយដល់ប្រតិបត្តិករទេសចរណ៍ ប៉ុន្តែសំរាម ក្លាយជារឿងឈឺក្បាលរបស់អាជ្ញាធរ ខណៈការពាក់ម៉ាស និងគម្លាតសុវត្ថិភាពរបស់ទេសចរ នៅមាន ភាពខ្វះចន្លោះ។

 
ក្នុងរយៈពេល៥ថ្ងៃ នៃពេលសម្រាកសងចូលឆ្នាំ មានទេសចរចំនួន ១.៤៥៩.៣៨៦នាក់ បានដើរកម្សាន្តនៅតាមបណ្តារមណីយដ្ឋានទេសចរណ៍នានា នៅទូទាំងប្រទេសកម្ពុជា។ នេះបើយោតាមរបាយការណ៍បឋមរបស់មន្ទីរទេសចរណ៍រាជធានីខេត្ត ដែលត្រូវបានផ្សព្វផ្សាយនៅទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍។
 
តាមរបាយការណ៍បឋម ក្នុងចំណោមទេសចរសរុប គឺមានភ្ញៀវជាតិចំនួន១.៤៤៥.២៣៨ នាក់ ខណៈទេសចរបរទេស មានតែ ១៤.១៤៨ នាក់ប៉ុណ្ណោះ ឬមិនដល់១ភាគរយផងនៃចំនួនទេសចរដែលដើរកម្សាន្តសរុប។ ខេត្តសៀមរាប មានទេសចរទៅលេងច្រើនជាងគេ បន្ទាប់មកគឺខេត្តកំពត កែប បាត់ដំបង និងខេត្តព្រះសីហនុ។  
 
ក្រៅពីបង្ហាញតួលេខទេសចររយៈពេល៥ថ្ងៃកន្លងមក ក្រសួងទេសចរណ៍ ក៏បានវាយតម្លៃដែរថា គ្រប់គោលដៅទេសចរណ៍ បានខិតខំអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩។ ទោះជាយ៉ាងណាក៏ដោយ ក៏ការពាក់ម៉ាស់របស់ភ្ញៀវ នៅខ្វះចន្លោះច្រើន ហើយការរក្សាគម្លាតសុវត្ថិភាព ពុំទាន់អនុវត្តបានល្អប្រសើរឡើយ ពិសេសនៅតាមគោលដៅទេសចរណ៍ ដែលមានលក្ខណៈប្រមូលផ្តុំច្រើន។
 
ក្នុងរយៈពេល ៥ថ្ងៃមកនេះ ក្រសួងទេសចរណ៍ក៏អះអាងដែរថា មិនមានបញ្ហាធំដុំណាមួយកើតឡើងដែរ ហើយក៏គ្មានការដំឡើងថ្លៃហួសហេតុលើសេវាស្នាក់នៅ និងម្ហូបអាហារទេ ទោះជានៅតាមគោលដៅទេសចរណ៍មួយចំនួន ខ្វះខាតបន្ទប់ស្នាក់នៅក៏ដោយ។ ការបោះតង់ និងការស្នាក់នៅជាមួយរបស់បងប្អូន ឬពលរដ្ឋ ក្នុងខេត្ត គឺជម្រើសបន្ថែមសម្រាប់អ្នកទេសចរ។ នេះជាការវាយតម្លៃបឋមរបស់ក្រសួងទេសចរណ៍។ 
 
ទោះជាលំហូរទេសចរដើរកម្សាន្តមានភាពរលូន ប៉ុន្តែ សំរាម បានក្លាយជារឿងឈឺក្បាលរបស់អាជ្ញាធរ។ ក្រសួងទេសចរណ៍បានសរសេរដូច្នេះ៖ «ទោះបីរដ្ឋបាលខេត្ត និងជំនាញពាក់ព័ន្ធមានការខិតខំច្រើន តែនៅតែជាបញ្ហាស្មុគស្មាញនៅឡើយ ដោយនៅតាមគោលដៅមួយចំនួន ភ្ញៀវទេសចរ ទុកដាក់សំរាមមិនបានត្រឹមត្រូវ ជាពិសេសបោះចោលសំរាម ឬទុកចោលនៅកន្លែងដែលពួកគាត់ បានទទួលទានអាហារ»។
 
បើទោះបីជាចលនាទេសចរបានបង្កផលលំបាកដល់អាជ្ញាធរ ជាពិសេសបញ្ហាសំរាមក៏ដោយ ប៉ុន្តែក្រសួងទេសចរ គូសបញ្ជាក់ថា ប្រជាជននៅតាមមូលដ្ឋាន និងវិស័យឯកជន រីករាយជាមួយលំហូរភ្ញៀវទេសចរ នៅគ្រប់គោលដៅទេសចរណ៍ ដែលបាននាំលំហូរសាច់ប្រាក់នៅក្នុងមូលដ្ឋានរបស់ពួកគាត់៕ 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com