COVID-19
អន្តរជាតិ
ប្រមុខ WHO សង្ឃឹមថា COVID-19 នឹងចប់នៅ២ឆ្នាំទៀត បើពិភពលោករួបរួមគ្នា ហើយមានវ៉ាក់សាំង
22, Aug 2020 , 11:39 am        
រូបភាព
អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus ។ រូបភាព Xinhua
អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus ។ រូបភាព Xinhua
អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានបង្ហាញក្ដីសង្ឃឹមថា វិបត្តិជំងឺ COVID-19 នឹងមិនមានរយៈពេលវែងដូចជំងឺផ្ដាសាយអេស្ប៉ាញដែលផ្ទុះនៅឆ្នាំ១៩១៨ ឡើយ។ បើតាមលោក Tedros វិបត្តិសុខាភិបាលប្រចាំសតវត្សរ៍មួយនេះ នឹងមានរយៈពេលពីរឆ្នាំ បើសិនពិភពលោករួបរួមគ្នា ហើយវ៉ាក់សាំង ត្រូវបានរកឃើញនោះ។

 
ក្នុងសន្និសីទសារព័ត៌មានតាមអនឡាញនៅថ្ងៃទី២១ ខែសីហា លោក Tedros Adhanom Ghebreyesus បានប្រៀបធៀបជំងឺ COVID-19 ទៅនឹងជំងឺផ្ដាសាយអេស្ប៉ាញ (Spanish Flu) ដែលផ្ទុះឡើងនៅឆ្នាំ១៩១៨ ហើយបានបញ្ចប់ទៅវិញនៅរយៈពេលពីរឆ្នាំបន្ទាប់។ ដោយសារបច្ចេកវិទ្យាកាន់តែជឿនលឿន ហើយពិភពលោកផ្សារភ្ជាប់គ្នាកាន់តែជិតស្និទ្ធ លោក Tedros ពន្យល់ថា វីរុសអាចរាលដាលកាន់តែលឿន។
 
«ប៉ុន្តែនៅពេលជាមួយគ្នានេះ យើងក៏មានបច្ចេកវិទ្យាដើម្បីបញ្ឈប់វា (វីរុស) ក៏ដូចជាចំណេះដឹងដោះស្រាយវាដែរ។ ដូច្នេះយើងមានបញ្ហាជាមួយសាកលភាវូបនីយកម្ម ភាពជិតស្និទ្ធ និងការតភ្ជាប់ តែយើងក៏មានប្រយោជន៍ពីបច្ចេកវិទ្យាល្អប្រសើរដែរ។ យើងសង្ឃឹមថា នឹងបញ្ចប់ជំងឺ COVID-19 នៅយ៉ាងតិចពីរឆ្នាំទៀត។» នេះជាការបញ្ជាក់របស់លោក Tedros ពីទីក្រុងហ្សឺណែវ។
 
ជាមួយនឹងក្ដីសង្ឃឹមបែបនេះ លោក Tedros ក៏ឆ្លៀតលើកពីកត្តាពីរយ៉ាងសំខាន់ដែលជួយបញ្ចប់ជំងឺផ្លូវដង្ហើមនេះដែរ។ នោះ គឺការរួបរួម និងវ៉ាក់សាំង។ ប្រមុខអង្គការសុខភាពពិភពលោករូបនេះ បានអំពាវនាវឲ្យប្រទេសទាំងអស់រួបរួមគ្នានិងមានសាមគ្គីភាពផងដែរ ព្រោះវាជាកូនសោរសំខាន់ក្នុងការប្រើប្រាស់រាល់វិធីសាស្ត្រនានា ពិសេសការស្រាវជ្រាវរកវ៉ាក់សាំង។ 
ជំងឺផ្ដាសាយអេស្ប៉ាញ ផ្ទុះឡើងនៅខែកុម្ភៈ ឆ្នាំ១៩១៨ និងបញ្ចប់នៅខែមេសា ឆ្នាំ១៩២០ ។ ជំងឺផ្លូវដង្ហើមមួយនេះ ឆ្លងលើមនុស្សប្រមាណ៥០០លាននាក់ដែលស្មើនឹងមួយភាគបីនៃចំនួនប្រជាជនទាំងអស់លើពិភពលោក ខណៈមនុស្សចំនួន៥០លាននាក់បានស្លាប់។ ឯជំងឺ COVID-19 វិញ ផ្ទុះឡើងដំបូងនៅចុងខែឆ្នាំ២០១៩ នៅទីក្រុងវូហាន ប្រទេសចិន ដែលបច្ចុប្បន្នមានឆ្លងច្រើនជាង២២លាននាក់ និងស្លាប់ជិត៨០នាក់ហើយ។  
 
ចំណែកវ៉ាក់សាំងវិញ ប្រទេសរីកចម្រើនជាច្រើន កំពុងរត់ប្រជែងពេលវេលាដើម្បីរកវ៉ាក់សាំងប្រឆាំងវីរុសដែលបង្កទៅជំងឺ COVID-19 ។ រុស្ស៊ី ក្លាយជាប្រទេសដំបូងគេដែលប្រកាសការអភិវឌ្ឍវ៉ាក់សាំងបាន ដោយមានឈ្មោះថា Sputnik V ប៉ុន្តែប្រទេសជាច្រើននៅសង្ស័យនៅឡើយ ព្រោះវ៉ាក់សាំងនេះ ត្រូវបានអភិវឌ្ឍលឿនពេក។ ចិន អាមេរិក អាល្លឺម៉ង់ និងសិង្ហបុរី ក៏កំពុងអភិវឌ្ឍវ៉ាក់សាំងរៀងៗខ្លួនដែរ៕
 

Tag:
 WHO
  COVID-19
  Tedros Adhanom Ghebreyesus
© រក្សាសិទ្ធិដោយ thmeythmey.com