កីឡាជាតិ
ជាតិ
ណាហ្គាវើល ត្រូវការឈ្នះវិសាខានៅថ្ងៃនេះ ដើម្បីរក្សាកៅអីក្នុងតំបន់ Top 6
22, Aug 2020 , 12:19 pm        
រូបភាព
កីឡាករ គួច សុគម្ភៈ ប្រធានក្រុមណាហ្គាវើល, រូបភាពផ្តល់ដោយ CNCC
កីឡាករ គួច សុគម្ភៈ ប្រធានក្រុមណាហ្គាវើល, រូបភាពផ្តល់ដោយ CNCC
ដោយ:
ការប្រកួតបាល់ទាត់ ដណ្តើមពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ បានឈានដល់ការប្រកួតបញ្ចប់ជើងទី១ របស់ក្រុមមួយចំនួននៅថ្ងៃនេះ។ ក្នុងនោះណាហ្គាវើល ត្រូវតទល់ជាមួយវិសាខា រីឯនគរបាលជាតិ ប៉ះអង្គរថាយហ្គឺរ ខណៈយុវជនអាយុក្រោម១៨ឆ្នាំបាទី ទទួលគីរីវង់សុខសែនជ័យ។

 
ណាហ្គាវើល ប៉ះ វិសាខា វេលាម៉ោង៦ល្ងាចនៅកីឡដ្ឋានស្តាតចាស់
 
នេះជាជំនួបដ៏ជក់ចិត្ត និងស្វិតស្វាញបំផុត ដ្បិតណាហ្គាវើល ត្រូវការឈ្នះវិសាខា ដើម្បីរក្សាកៅអីក្នុងតំបន់ Top 6 ។ ក្នុងករណីណាហ្គាវើល ចាញ់ក្នុងជំនួបបញ្ចប់ជើងទី១នេះ នោះឱកាសឡើងទៅវគ្គបន្តរបស់ពួកគេ អាចបាត់បង់ បើក្រុមកងយោធពលខេមរភូមិន្ទ យកឈ្នះអគ្គិសនីកម្ពុជា ហើយអង្គរថាយហ្គឺរ យកឈ្នះនគរបាលជាតិ លើសពី៣គ្រាប់នោះ។   
 
ប៉ុន្តែបើណាហ្គាវើល អាចយកឈ្នះ ឬស្មើវិសាខានៅថ្ងៃនេះ ពួកគេនឹងទទួលបានកៅអីឡើងទៅប្រកួតនៅវគ្គបន្ត ជាមួយក្រុមព្រះខ័នរាជស្វាយរៀង បឹងកេត វិសាខា ភ្នំពេញក្រោន និងកងយោធពលខេមរភូមិន្ទ ឬអង្គរថាយហ្គឺរ។
 
បច្ចុប្បន្ន ណាហ្គាវើល ស្ថិតនៅលេខរៀងទី៥ មាន២១ពិន្ទុ។ រីឯ កងយោធពលខេមរភូមិន្ទ ឈរលេខរៀងទី៦ មាន២០ពិន្ទុ ខណៈអង្គរថាយហ្គឺរ ឈរលេខរៀងទី៧ មាន១៨ពិន្ទុ។ 
 
នគរបាលជាតិ ប៉ះ អង្គរថាយហ្គឺរ នៅម៉ោង៣:៣០នាទី រសៀល នៅកីឡដ្ឋាន អេ អ៊ី យូ ស្ពតផាក
 
នេះ ក៏ជាជំនួបដ៏ជក់ចិត្តមួយផងដែរ ព្រោះអង្គរថាយហ្គឺរ ត្រូវការឈ្នះនគរបាលជាតិ លើសពី៣គ្រាប់ ដើម្បីចាំអ៊ុតលទ្ធផល រវាងក្រុមណាហ្គាវើល ជាមួយវិសាខា និងកងយោធពលខេមរភូមិន្ទ ជាមួយអគ្គិសនីកម្ពុជា។ បើពួកគេទទួលបានជ័យជម្នះនៅថ្ងៃនេះ នោះក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះ នឹងឡើងទៅឈរលេខរៀងទី៦ បណ្តោះអាសន្ន ជាមួយ២១ពិន្ទុ។  បច្ចុប្បន្ន អង្គរថាយហ្គឺរ ស្ថិតនៅលេខរៀងទី៧ មាន១៨ពិន្ទុ ខណៈនគរបាលជាតិ ឈរលេខរៀងទី១០ មាន៧ពិន្ទុ។  

យុវជនអាយុក្រោម១៨ឆ្នាំបាទី ប៉ះ គីរីវង់សុខសែនជ័យ នៅម៉ោង៣:៣០នាទី នៅកីឡដ្ឋានមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី
 
ក្រុមយុវជនសាលាបាល់ទាត់បាទី អាយុក្រោម១៨ឆ្នាំ រំពឹងថាអាចស្វែងរកជ័យជម្នះជាលើកដំបូងនៅថ្ងៃនេះ ក្រោយ១១ប្រកួតកន្លងមក ពួកគេបានត្រឹមស្មើ២ និងចាញ់៩។ នេះជាជំនួបបង្គ្រប់កិច្ច ដ្បិតក្រុមទាំងពីរសុទ្ធតែអស់ឱកាសប្រជែងកៅអីឡើងទៅវគ្គបន្ត។ គីរីវង់សុខសែនជ័យ ស្ថិតនៅលេខរៀងទី៩ មាន៨ពិន្ទុ ក្រោយឈ្នះ២ ស្មើ២ និងចាញ់៧ ខណៈយុវជនបាទី ឈរបាតតារាង មាន២ពិន្ទុ៕

Tag:
 បាល់ទាត់
  Cambodian League 2020
© រក្សាសិទ្ធិដោយ thmeythmey.com