ជាតិ
ជើងហោះហើរត្រង់កម្ពុជា-ជប៉ុន ទំនងបើកឡើងវិញឆាប់ៗ ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី
22, Aug 2020 , 3:35 pm        
រូបភាព
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា(ស្តាំ) និងលោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន(ឆ្វេង) នាក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគ្នានៅថ្ងៃទី២២ សីហា នាទីស្តីការគណៈរដ្ឋមន្ត្រី។ (រូបភាពហ្វេសប៊ុកសម្តេច ហ៊ុន សែន)
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា(ស្តាំ) និងលោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន(ឆ្វេង) នាក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគ្នានៅថ្ងៃទី២២ សីហា នាទីស្តីការគណៈរដ្ឋមន្ត្រី។ (រូបភាពហ្វេសប៊ុកសម្តេច ហ៊ុន សែន)
ដោយ: ថ្មីៗ
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគាំទ្រចំពោះការលើកឡើងរបស់លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន ជុំវិញបើកដំណើរការឡើងវិញរវាងប្រទេសទាំងពីរ ដើម្បីជំរុញវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិស័យធុរកិច្ច។ ការលើកឡើងដូច្នេះ របស់ប្រមុខរដ្ឋាភិបាល ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងសម្តេច និងលោក ម៉ូតេហ្គី រដ្ឋមន្ត្រីការបរទេសជប៉ុន និង  នៅព្រឹកថ្ងៃទី២២ សីហា។

 
បើតាមទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន ក្នុងជំនួបនោះ លោករដ្ឋមន្ត្រីការបរទេសជប៉ុន បានស្នើសុំឲ្យមានការបើកដំណើរការឡើងវិញ រវាងប្រទេសទាំងពីរ ពោលគឺការដំណើរការវិញជើងហោះហើរត្រង់ ក្រោយផ្អាកមួយរយៈពេលដោយសារវិបត្តិកូវីដ-១៩។ 
 
សម្តេច ហ៊ុន សែន បានលើកឡើងថា ការហោះហើរឡើងវិញនេះ នឹងនាំឲ្យទំហំពាណិជ្ជកម្មកនិងវិនិយោគ កើនឡើងផងដែរ។ ប្រមុខរដ្ឋាភិបាល មានប្រសាសន៍ដូច្នេះ៖« ដំណើរការនូវទំនាក់ទំនងឡើងវិញ ក៏ដូចជាជំរុញនូវវិស័យធុរកិច្ច ពាណិជ្ជកម្ម និងវិស័យផ្សេងៗរវាងកម្ពុជា និងជប៉ុន ដែលទាំងអស់នោះ នឹងធ្វើឲ្យទំនាក់ទំនង និងការផ្ដល់ការធ្វើដំណើរទៅវិញទៅមក រវាងប្រទេសទាំងពីរ ដែលអាចនាំមកទំនាក់ទំនងកាន់តែខ្លាំងបន្ថែមទៀត និងជំរុញដំណើរការសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាបន្តទៀតផងដែរ»។ 
 
សូមជម្រាបថា ក្នុងរយៈពេលប្រមាណ៩ខែ នៃឆ្នាំ២០២០នេះ ទំហំពាណិជ្ជកម្មកម្ពុជា- ជប៉ុន មានជាង៨០០លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនប្រមាណ៥០០លានដុល្លារ និងនាំចូលមកវិញប្រមាណ៣០០លានដុល្លារ។ កាលពីឆ្នាំនៅក្នុងឆ្នាំ២០២០ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន មានទំហំ ប្រមាណ២ពាន់លានដុល្លារសហរដ្ឋអាមេរិក ដោយកម្ពុជានាំចេញទៅជប៉ុន១,២ ពាន់លានដុល្លារ ហើយជប៉ុននាំចូលមកកម្ពុជាវិញ ប្រមាណ៨០០ លានដុល្លារ។ 
 
នៅក្នុងជំនួបដដែលនេះ លោក ម៉ូតេហ្គី ក៏ស្នើសុំឲ្យសម្តេច ហ៊ុន សែន គាំទ្រចំពោះគម្រោងសង់កំពង់ផែនៅក្រុងព្រះសីហនុផងដែរ ដោយលោករដ្ឋមន្ត្រីការបរទេសជប៉ុន បញ្ជាក់ប្រាប់ប្រមុខរដ្ឋាភិបាលកម្ពុជា ភាគីបានសិក្សារួចរាល់ ហើយកំពង់ផែនេះ អាចទទួលកប៉ាល់ធំៗចូលចត។ ក្រៅពីនេះ លោក ម៉ូតេហ្គី បានសាទរចំពោះការចាត់វិធានការល្អប្រសើររបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺ កូវីដ-១៩ ហើយលោក ក៏លើកឡើងដែរថា ជប៉ុន បានត្រៀមថវិកាមួយចំនួន ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដែរ។ 
 
កន្លងមក ជប៉ុនបានផ្តល់ទាំងជំនួយហិរញ្ញវត្ថុ និងបរិក្ខាវេជ្ជសាស្ត្រដល់កម្ពុជា ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ក្រៅពីជប៉ុន ក៏មានដែរប្រទេសចិន ,សហរដ្ឋអាមេរិក, និងអាល្លឺម៉ង់ ក៏បានផ្តល់ជំនួយជួយកម្ពុជាប្រឆាំង កូវីដ-១៩ ដែរ។ 
 
សូមជម្រាបថា រដ្ឋមន្ត្រីការបរទេសជប៉ុនលោក ម៉ូតេហ្គី តូស៊ីមីត្សឹ មកទស្សនកិច្ចកម្ពុជា រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣សីហា។ ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក ម៉ូតេហ្គី តូស៊ីមីត្សឹ ត្រូវជួបសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លើបញ្ហាទ្វេភាគី និងពហុភាគីមួយចំនួន ដែលជាចំណាប់អារម្មណ៍រួម។ ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការ នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត។ មុនមកដល់កម្ពុជា រដ្ឋមន្ត្រីការបរទេសជប៉ុន បានផ្ញើសារ និងរម្លឹកអនុស្សាវរីយ៍ ដែលលោកធ្លាប់មកទស្សនកិច្ចច្រើនដងហើយនោះ៕

Tag:
 ទំនាក់ទំនងអន្តរជាតិ
 កម្ពុជា-ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com