សម្រាកសៀមរាប៖ អាជ្ញាធរថាបានរឹតបន្ដឹងខ្លាំងលើការពាក់ម៉ាស់ ឯអាជីវកររីករាយនឹងការលក់ដូរ
ជាតិ
សម្រាកសៀមរាប៖ អាជ្ញាធរថាបានរឹតបន្ដឹងខ្លាំងលើការពាក់ម៉ាស់ ឯអាជីវកររីករាយនឹងការលក់ដូរ
22, Aug 2020 , 4:59 pm        
រូបភាព
លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងភរិយា ចូលរួមទស្សនាក្នុងស្ដង់ពិព័រណ៍ម្ហូបអហារ និងផ្លែឈើ នាកម្មវិធី សម្រាកសៀមរាប។
លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងភរិយា ចូលរួមទស្សនាក្នុងស្ដង់ពិព័រណ៍ម្ហូបអហារ និងផ្លែឈើ នាកម្មវិធី សម្រាកសៀមរាប។
ពាក្យគន្លឹះ៖ កម្មវិធី សម្រាកសៀមរាប បានបិទបញ្ចប់ហើយ នៅថ្ងៃទី២១ សីហា។ ទោះមានភ្លៀងរំខានច្រើនបន្ដិចក្ដី តែកម្មវិធីចម្រុះដែលរៀបចំឡើងដោយរដ្ឋបាលខេត្ត សហការជាមួយសហភាពសហព័ន្ធយុវជនខេត្ត ប្រព្រឹត្តិទៅតាមការគ្រោងទុក និងជោគជ័យ។ ក្រុមអាជីវករដែលបានលក់ដូរក្នុងកម្មវិធីនេះ សប្បាយនឹងការលក់ បើទោះជាកម្មវិធីទាំងមូលមានការរិតត្បិតឱ្យការពារសុខភាពយ៉ាងណាក្ដី។

 
អ្នកលក់នំបញ្ចុកនៅភូមិព្រះដាក់ អ្នកស្រី សឿង ហ៊ុប ប្រាប់ថា រយៈពេល៥ថ្ងៃនេះ អ្នកស្រីលក់នំបញ្ចុកអស់ប្រមាណ១០០គីឡូក្រាម ក្នុងស្ដង់ពិព័រណ៍ដែលរៀបចំនៅបរិវេណសួនច្បារព្រះរាជដំណាក់។ អ្នកស្រីសង្កេតឃើញថា ភ្ញៀវទេសចរមានការដើរច្រើនអំឡុងថ្ងៃឈប់សម្រាកនេះ តែក្នុងស្មារតីប្រុងប្រយ័ត្ន និងគោរពតាមការណែនាំពីគម្លាតសុវត្ថិភាព និងពាក់ម៉ាស់គ្រប់ៗគ្នា។ បន្ថែមពីនេះ អ្នកស្រី សឿង ហ៊ុប ក៏បានបង្ហាញការគាំទ្រដល់អាជ្ញាធរខេត្ត ដែលខំប្រឹងរៀបចំកម្មវិធីនេះដើម្បីឱ្យមានចរន្តសេដ្ឋកិច្ចក្នុងខេត្តបានមួយផ្នែកឡើងវិញ។
 
ចំណែកអ្នកលក់នំ ប៉កពាយ អ្នកស្រី ពៅ វិញ បរិមាណលក់នំរបស់អ្នកស្រីក៏បានឡើងទ្វេរដងជាងថ្ងៃធម្មតាដែរ។យ៉ាងណាអ្នកស្រី ពៅ ប្រាប់ថា ការលក់ដូរមានការរំខានខ្លះៗដោយសារភ្លៀង។ ក្រៅពីគាំទ្រចំពោះកម្មវិធីនេះ អ្នកស្រី ពៅ ក៏បានចូលរួមក្នុងការអនុវត្តឱ្យពាក់ម៉ាស់ និងលាងដៃជាប្រចាំ ដើម្បីការពារពីជំងឺកូវីដ១៩ក្នុងកាលៈទេសៈនេះផងដែរ។
 
ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប លោក ភឿន គឹមលី បានចាត់ទុកការរៀបចំកម្មវិធី ពិសេសគឺជោគជ័យនៅស្ដង់ពិព័រណ៍ម្ហូបអាហារ ផ្លែឈើ នារយៈពេល៥ថ្ងៃនេះ។ លោកបន្ថែមថា នៅថ្ងៃដំបូងសន្ទុះនៃអ្នកចូលរួមមានចំនួនច្រើន ដែលបង្ខំឱ្យអាជ្ញាធរបិទមិនឱ្យអ្នកចូលរួមបន្ថែម ដោយបារម្ភពីហានិភ័យផ្សេងៗ។ យ៉ាងណា លោកប្រធានមន្ទីរអះអាងថា ជោគជ័យសំខាន់ក្នុងកម្មវិធីទាំងមូល គឺពុំមានអ្នកឆ្លងជំងឺកូវីដ១៩ ដោយសារអាជ្ញាធរបានរិតបន្ដឹងត្រួតពិនិត្យសុខភាពអ្នកចូលរួម។ អ្នកចូលរួមតម្រូវឱ្យពាក់ម៉ាស់ និងបាញ់ទឹកអាកុល់គ្រប់ៗគ្នា។ល៕





© រក្សាសិទ្ធិដោយ thmeythmey.com