ជាតិ
កសិករនៅមណ្ឌលគិរី អាចប្រមូលផលការ៉ុត និងដំឡូងបារាំងបាន៤ដងក្នុងមួយឆ្នាំ
22, Aug 2020 , 10:29 pm        
រូបភាព
ដោយ:
ដំណាំការ៉ុត និងដំឡូងបារាំង ដែលត្រូវបានដាំដុះដោយកសិករ គ្រី ម៉េងឈាង នៅក្នុងខេត្តមណ្ឌលគិរី អាចប្រមូលផលបាន៤ដង ក្នុងឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រក្រសួងព័ត៌មាន។

 
តាមប្រភពដដែល លោក គ្រី ម៉េងឈាង បានដាំដុះការ៉ុត និងដំឡូងបារាំងដែលជាដំណាំសុត្ថិភាព នៅលើផ្ទៃដីជិត២ហិកតា នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ លោក ម៉េងឈាងថា លោកអាចប្រមូលផលការ៉ុត និងដំឡូងបារាំង បាន ពី ៨ទៅ ១០តោន ក្នុងមួយលើកៗ ជាមួយនឹងតម្លៃចន្លោះ ៦ ០០០រៀល ទៅ ៧ ០០០រៀល ក្នុងមួយគីឡូក្រាម។ 
 
បណ្តាផ្សារទំនើបនៅរាជធានីភ្នំពេញ គឺជាទីផ្សារចម្បងនៃការ៉ុត និងដំឡូងបារាំង របស់ កសិករម៉េងឈាង។ កសិកររូបនេះ បញ្ជាក់ដូច្នេះរួចបន្តថា លោកមិនដែលព្រួយបារម្ភរឿងខ្វះទីផ្សារនោះទេ។ គេហទំព័រក្រសួងព័ត៌មានបានស្រង់សម្តី លោក គ្រី ម៉េងឈាង ដូច្នេះថា៖«ដោយសារមានការគាំទ្រខ្លាំងពីអ្នកបរិភោគ និងទទួលស្គាល់ថាបន្លែរបស់លោកជាបន្លែសុវត្ថិភាព ទោះបីជាផលិតក្នុងបរិមាណប៉ុណ្ណា ក៏មិនព្រួយបារម្ភពីទីផ្សារដែរ។ ម្យ៉ាងទីផ្សារបន្លែប្រភេទនេះខ្ពស់ និងមានអ្នកដាំតិចតួចប៉ុណ្ណោះនៅមណ្ឌលគិរី»។
 
តាម កសិករ ម៉េងឈាង   ការដាំបន្លែនេះ គឺមានការគាំទ្រដោយមន្ទីរកសិកម្មខេត្ត តាមរយៈការផ្គត់ផ្គង់ពូជ និងផ្តល់បច្ចេកទេសកសិកម្មបែបទំនើប។ បច្ចេកទេសទាំងនោះ មានដូចជា ការដាំបន្លែក្នុងផ្ទះសំណាញ់ ការប្រើប្រព័ន្ធដំណក់ទឹក និងសាច ការប្រើប្រាស់ជី និងថ្នាំកសិកម្ម។ មិនតែប៉ុណ្ណោះ មន្រ្តីជំនាញរបស់មន្ទីរកសិកម្មបានចុះបង្រៀនឲ្យកសិករ ចេះសន្សំ និងផលិតជីធម្មជាតិ ដូចជាជីកំប៉ុស ជីអាចម៍មាន់ ជីអង្កាម និងថ្នាំសម្លាប់សត្វល្អិតតាមបែបធម្មជាតិផងដែរ។ នេះបើតាមគេហទំព័រក្រសួងព័ត៌មានដដែល៕
 

Tag:
 ការ៉ុត
 ដំឡូងបារាំង
 គ្រី ម៉េងឈាង
© រក្សាសិទ្ធិដោយ thmeythmey.com